ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំប្រារព្ធ ទិវាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនាញ អតីតសិក្ខាកាមនៃកម្មវិធី ITEC និងភ្ញៀវកិត្តិយសឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះបានរំលេចពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេស ការកសាងសមត្ថភាព និងការពង្រឹងចំណងមិត្តភាពជាមួយកម្ពុជា ព្រមទាំងបង្ហាញពីផលប៉ះពាល់ជាក់ស្តែងនៃកម្មវិធី ITEC ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានគូសបញ្ជាក់ពីតួនាទីរបស់កម្មវិធី ITEC ក្នុងការកសាងសមត្ថភាព និងជំរុញការផ្លាស់ប្តូរចំណេះដឹងនៅទូទាំងបណ្តាប្រទេសក្នុងតំបន់ Global South រួមទាំងកម្ពុជាផងដែរ។
ឯកឧត្តមបានលើកឡើងថា ទស្សនវិជ្ជាដែលជាគោលការណ៍ណែនាំរបស់កម្មវិធី ITEC គឺ “Vasudhaiva Kutumbakam” ដែលមានន័យថា «ពិភពលោកគឺជាគ្រួសារតែមួយ»។ កម្មវិធីនេះផ្តោតលើការយល់ឃើញថា ការអភិវឌ្ឍគឺជាដំណើររួមគ្នាដោយផ្តល់ឱកាសដល់ប្រទេសដៃគូក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក កសាងសមត្ថភាព និងចែករំលែកចំណេះដឹង។

ផ្តោតលើបច្ចេកវិទ្យាថ្មី និងការកសាងសមត្ថភាព
សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីកម្មវិធីបណ្តុះបណ្តាលជាច្រើនដែលបានអនុវត្តក្នុងឆ្នាំកន្លងមក និងកម្មវិធីដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២៦-២០២៧ ជាពិសេសលើបច្ចេកវិទ្យាថ្មីៗ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។
កម្មវិធីសំខាន់ៗ រួមមានការបណ្តុះបណ្តាលស្តីពីការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា STEM សម្រាប់មន្ត្រីចំនួន ៣០រូបមកពីក្រសួងអប់រំ យុវជន និងកីឡា ការបណ្តុះបណ្តាលកម្រិតខ្ពស់ស្តីពីបច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីសម្រាប់មន្ត្រី ១៥រូបមកពីក្រសួងព័ត៌មាន និងការបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសតាមប្រព័ន្ធស៊ីប័រសម្រាប់មន្ត្រី ៣០រូបមកពីក្រសួងមហាផ្ទៃ។
លើសពីនេះ វគ្គសិក្សាពិសេសស្តីពីអភិបាលកិច្ចល្អ និងគោលនយោបាយសាធារណៈ ក៏គ្រោងនឹងរៀបចំសម្រាប់មន្ត្រីរាជការកម្ពុជាចំនួន ៨០រូបផងដែរ។

ចែករំលែកបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច
ក្នុងពិធីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសឥណ្ឌាក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា អវកាស បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រ និងថាមពលកកើតឡើងវិញ។ ឯកឧត្តមបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងការកែទម្រង់របស់ឥណ្ឌាក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកបានបង្កើតឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយធុរកិច្ច និងដៃគូនានា រួមទាំងកម្ពុជាផងដែរ។
លោកក៏បានលើកឡើងពីការរីកចម្រើនរបស់ឥណ្ឌាក្នុងវិស័យអវកាស និង AI ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងប្រព័ន្ធទូទាត់ប្រាក់ UPI (Unified Payments Interface) ដែលកំពុងទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងប្រទេស និងតំបន់ផ្សេងៗ រួមទាំងកម្ពុជាផងដែរ។
ITEC ផ្តល់ឱកាសបណ្តុះបណ្តាលដល់មន្ត្រីពីជាង ១៦០ប្រទេស
តាមរយៈកម្មវិធី ITEC ប្រទេសឥណ្ឌាបានផ្តល់កន្លែងបណ្តុះបណ្តាលពេញលេញប្រមាណ ១២,០០០កន្លែងក្នុងមួយឆ្នាំ តាមរយៈវគ្គសិក្សាជាង ៣០០ ដែលរៀបចំដោយគ្រឹះស្ថានឈានមុខជាង ១២០ នៅក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន បច្ចេកទេសធនាគារ រដ្ឋបាលសាធារណៈ និងការធ្វើសវនកម្ម។
រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការជាង ២២៥,០០០នាក់ មកពីជាង ១៦០ប្រទេស ត្រូវបានបណ្តុះបណ្តាលក្នុងវិស័យស៊ីវិល និងការពារជាតិ ក្រោមគំនិតផ្តួចផ្តើម ITEC។
សម្រាប់កម្ពុជា កម្មវិធី ITEC បានចាប់ផ្តើមតាំងពីឆ្នាំ ១៩៨១ ហើយរហូតមកដល់បច្ចុប្បន្ន មន្ត្រី និងពលរដ្ឋកម្ពុជាជាង ៣,០០០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ។ កាលពីឆ្នាំមុន មន្ត្រីកម្ពុជាជិត ៣០០នាក់ បានចូលរួមក្នុងកម្មវិធីនេះ។
ការប្រារព្ធទិវា ITEC ឆ្នាំ២០២៦ នៅកម្ពុជា បានក្លាយជាឱកាសសម្រាប់រំលេចការរួមចំណែករបស់កម្មវិធីនេះក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា ព្រមទាំងលើកតម្កើងជំនាញ ភាពជាអ្នកដឹកនាំ និងបទពិសោធន៍របស់អតីតសិក្ខាកាម ITEC កម្ពុជាដែលបានយកចំណេះដឹង និងបទពិសោធន៍ពីការបណ្តុះបណ្តាលទៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស។
ពិធីនេះក៏មានការសម្តែងសិល្បៈដោយសិស្សរបាំនៃ មជ្ឈមណ្ឌលយោគៈ និងរបាំនៃស្ថានទូតឥណ្ឌា ដែលបានបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ឥណ្ឌា និងបានបន្ថែមភាពរស់រវើកដល់កម្មវិធី៕
រូបភាពដោយ៖ សហការី








