ភ្នំពេញ៖ ថ្ងៃទី១៥ ខែកញ្ញា ប្រទេសកម្ពុជាវិបត្តិប្រេងឥន្ធនៈសកលនាពេលថ្មីៗនេះ និងភាព ប្រែប្រួលនៃទីផ្សារប្រេង និងឧស្ម័នអន្តរជាតិ គឺជាការគំរាមកំហែងដោយផ្ទាល់ដល់ថវិកាគ្រួសារ សមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៦ ក្រោមប្រធានបទ «ថាមពលស្អាតដើម្បីសន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច» បានចាប់ផ្តើមបើកនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឮដោយផ្តោតទៅលើតួនាទីដ៏សំខាន់របស់ថាមពលស្អាតក្នុងការលើកកម្ពស់សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេស។
ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងពីចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ អន្តរកាលថាមពលស្អាត គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនភាពអាចទុកចិត្តបាន និងតម្លៃសមរម្យនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជាស្របនឹងការកសាងសេដ្ឋកិច្ចមួយដែលមានសុវត្ថិភាពជាងមុន និងមានភាពម្ចាស់ការលើខ្លួនឯង។ ការបោះជំហានដ៏ធំរបស់កម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលស្អាត នឹងកាត់បន្ថយផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ព្រមទាំងជួយការពារសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងបើកឱកាសថ្មីៗ សម្រាប់ការវិនិយោគ និងបង្កើតការងារដែលមានគុណភាព។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ថា៖ «កម្ពុជាសម្រេចបាននូវវឌ្ឍនភាពយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធថាមពលស្អាត។ យើងកំពុងវិនិយោគលើប្រព័ន្ធស្តុកថាមពល ភាពបត់បែន និងការតភ្ជាប់បណ្តាញឱ្យកាន់តែរឹងមាំដែលចាំបាច់សម្រាប់ធានានូវភាពអាចទុកចិត្តបាននៃថាមពលកកើតឡើងវិញដែលមានចំណែកកាន់តែច្រើនឡើងនៅក្នុងប្រព័ន្ធថាមពល។ ភាពប្រែប្រួលនៃទីផ្សារប្រេងឥន្ធនៈអន្តរជាតិក្នុងឆ្នាំនេះ គឺជាការរំលឹកមួយដែលបង្ហាញពីសារៈសំខាន់នៃការងារដ៏ចាំបាច់នេះ។ នៅពេលដែលយើងប្រើប្រាស់ថាមពលស្អាត និងមានតម្លៃសមរម្យនៅក្នុងវិស័យដឹកជញ្ជូន អាជីវកម្ម និងឧស្សាហកម្ម យើងនឹងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាក់ទាញការវិនិយោគព្រមទាំងបង្កើតការងារកាន់តែប្រសើរ និងជីវភាពរស់នៅដែលមានសុវត្ថិភាពជាងមុននៅទូទាំងប្រទេស»។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានថាមពលស្អាតសម្រាប់ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប បានលើកឡើងថា៖ «ពេលនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ថាមពលស្អាតគឺជាគន្លឹះសម្រាប់សន្តិសុខថាមពល និងភាពធន់នៃសេដ្ឋកិច្ច។ ហេតុនេះហើយទើបប្រទេសអូស្ត្រាលីកំពុងគាំទ្រដល់ដំណើរការអន្តរកាលថាមពលស្អាតរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានាដែលជួយពង្រឹងការរៀបចំផែនការប្រព័ន្ធថាមពល និងសមត្ថភាពនៃការបញ្ជូនថាមពល (dispatch capabilities) ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងបង្កើតឱកាសការងារប្រកបដោយបរិយាបន្ននៅក្នុងវិស័យថាមពលស្អាត។ យើងនៅតែបន្តប្តេជ្ញាចិត្តធ្វើការងាររួមគ្នាជាមួយកម្ពុជា ក្នុងពេលដែលប្រទេសនេះកំពុងកសាងអនាគតថាមពលដែលស្អាតជាងមុន មានសុវត្ថិភាពជាងមុន និងមានភាពធន់ជាងមុន»។
លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ីប្រាប់ឱ្យដឹងថា៖ «ថាមពលស្អាតគឺជាខែលដ៏រឹងមាំបំផុតរបស់កម្ពុជា។ វាមិនមែនគ្រាន់តែជាជម្រើសផ្នែកបរិស្ថានទៀតនោះទេ ប៉ុន្តែវាជាគន្លឹះបើកផ្លូវឆ្ពោះទៅរកសន្តិសុខថាមពល លំហូរមូលធនសកល និងទីផ្សារដែលមានភាពប្រកួតប្រជែង»។
លោកបន្ថែមថា៖ «វាគឺជាកម្លាំងចលករដែលជំរុញកម្ពុជាឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់។ ការប្រើប្រាស់ធនធានក្នុងស្រុករបស់យើងមានន័យថា យើងមានភាពម្ចាស់ការលើខ្លួនឯង និងមានលទ្ធភាពទប់ទល់នឹងការរំខាននានានៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។ សំខាន់ជាងនេះទៅទៀត វាជួយទាក់ទាញការវិនិយោគដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម បង្កើតឧស្សាហកម្មថ្មីៗ និងផ្តល់ការងារថ្មីៗ ជូនប្រជាជនកម្ពុជាដើម្បីធានាថាអន្តរកាលថាមពលស្អាតនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាប្រកបដោយសមធម៌»។
ស្របពេលដែលសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅរដ្ឋាភិបាលវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នឹងរួមគ្នាដើម្បីកំណត់ផ្លូវជាក់ស្តែងឆ្ពោះទៅរកអនាគតថាមពលដែលស្អាតជាងមុន និងមានសុវត្ថិភាពជាងមុនសម្រាប់ប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី










