ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសឥណ្ឌាតែងតែជាពិធីដែលមានការចូលរួមពីមនុស្សជាច្រើនក្នុងសហគមន៍។ ពិធីនេះត្រូវការសាក្សី និងការចូលរួមពីអ្នកជិតខាង ដូចជាជួយរៀបចំម្ហូបអាហារ និងទទួលទានអាហាររួមគ្នា។ ជាទូទៅ អ្នកភូមិទាំងមូលអាចចូលរួមក្នុងពិធីនេះ។ ពិធីសាសនា និងប្រពៃណីរបស់សហគមន៍នីមួយៗ បានបង្ហាញពីតម្លៃ និងវប្បធម៌ដែលពួកគេបានរក្សាទុកជាយូរមកហើយ។ តាមរយៈម្ហូបអាហារ តន្ត្រី និងការចូលរួមរបស់សាច់ញាតិ និងសហគមន៍ ពិធីមង្គលការបានបង្ហាញថា អាពាហ៍ពិពាហ៍មិនមែនជារឿងរបស់មនុស្សពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍សំខាន់សម្រាប់គ្រួសារ និងសហគមន៍ទាំងមូល។
គ្រឿងលម្អមាស និងជំហានដ៏វិសុទ្ធ (Golden Charms and Sacred Steps)
នៅក្នុងពិធីមង្គលការប្រពៃណីពុនចាបី (Punjabi) «គ្រឿងតុបតែងកាលីរ៉ា» (Kaleera) គឺជាគ្រឿងលម្អដែលធ្វើពីមាស ឬប្រាក់ ហើយព្យួរនៅកដៃរបស់កូនក្រមុំ។ គ្រឿងលម្អនេះត្រូវបានចងឱ្យកូនក្រមុំដោយបងស្រី ប្អូនស្រី ឬសាច់ញាតិស្រីៗ របស់នាងនៅថ្ងៃរៀបការ។
បន្ទាប់ពីពាក់គ្រឿងតុបតែងកាលីរ៉ារួចកូនក្រមុំនឹងដើរទៅជិតសាច់ញាតិស្រីៗ ដែលមិនទាន់រៀបការ ហើយក្រវីកដៃស្រាលៗ ពីលើក្បាលពួកគេ។ ប្រសិនបើផ្នែកណាមួយនៃគ្រឿងកាលីរ៉ាធ្លាក់លើនារីណាម្នាក់ គេជឿថា នាងអាចជាអ្នកបន្ទាប់ដែលនឹងរៀបការ។ វាជាពិធីដែលពោរពេញដោយភាពសប្បាយរីករាយ និងសំណើច។ ប៉ុន្តែវាក៏ជានិមិត្តរូបនៃការលារបស់កូនក្រមុំជាមួយគ្រួសាររបស់នាងផងដែរ។
ពិធីអាណាន់ការ៉ាច (Anand Karaj)
«អាណាន់ការ៉ាច» (Anand Karaj) គឺជាពិធីមង្គលការដ៏សំខាន់របស់សាសនិកស៊ិក (Sikh)។ ក្នុងពិធីនេះ គូស្វាមីភរិយាមិនឈរទល់មុខគ្នា ដើម្បីនិយាយពាក្យសច្ចាដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ ពួកគេដើរជុំវិញ «គូរូ ក្រានថ៍ សាហ៊ីប» (Guru Granth Sahib) ចំនួន ៤ ជុំ។ ការដើរជុំទាំង៤ នេះត្រូវបានហៅថា «ឡាវ៉ាន់» (Lavan)។ ជុំនីមួយៗ ត្រូវនឹងបទគម្ពីរមួយវគ្គ ដែលត្រូវបានច្រៀងក្នុងពិធីដោយអ្នកបួស ឬអ្នកដឹកនាំពិធី។
ពិធីមេហិនឌី (MEHENDI)
នៅថ្ងៃមុនថ្ងៃរៀបការដៃ និងជើងរបស់កូនក្រមុំត្រូវបានគូរដោយមេហិនឌីដែលធ្វើពីរុក្ខជាតិហេណា (Henna)។ ក្បាច់រចនាត្រូវបានគូរយ៉ាងល្អិតល្អន់ ហើយទុកឱ្យស្ងួតពេញមួយយប់។ បន្ទាប់ពីពីរបីថ្ងៃពណ៌មេហិនឌីនឹងប្រែទៅជាពណ៌ក្រហមចាស់។ តាមជំនឿប្រពៃណី ពណ៌កាន់តែចាស់មានន័យថាស្វាមីមានក្តីស្រឡាញ់កាន់តែខ្លាំងចំពោះភរិយា។ នៅក្នុងប្រពៃណីខ្លះឈ្មោះ ឬអក្សរឈ្មោះរបស់កូនកំលោះត្រូវបានលាក់នៅក្នុងក្បាច់មេហិនឌី ហើយកូនកំលោះត្រូវស្វែងរកឱ្យឃើញ។
ស្លឹកម្លូ (The Betel Leaves)
នៅក្នុងពិធីមង្គលការបេងហ្គាលី (Bengali) កូនក្រមុំចូលមកកាន់កន្លែងរៀបចំពិធីដោយយកស្លឹកម្លូពីរសន្លឹកបាំងមុខ។ នៅពេលដល់ពេលសមស្របនាងនឹងទម្លាក់ស្លឹកម្លូចុះ ហើយមើលមុខកូនកំលោះដោយផ្ទាល់។ ពិធីនេះត្រូវបានហៅថា «សុភៈ ទ្រិស្ទី» (Shubho Drishti) ដែលមានន័យថា «ការមើលឃើញដ៏មានសិរីមង្គល»។ បន្ទាប់មកស្លឹកម្លូត្រូវបានដាក់នៅលើកន្លែងពិធី។ វាជាប្រពៃណីដ៏សាមញ្ញ ប៉ុន្តែមានអត្ថន័យសំខាន់ក្នុងពិធីមង្គលការបេងហ្គាល។
ពិធីលេងសើចតាមប្រពៃណី (A Ritual in Jest)
«ពន់កវូ» (Ponkvu) គឺជាពិធីមួយដែលមានភាពសប្បាយរីករាយនៅក្នុងប្រពៃណីហ្គុជរ៉ាទី (Gujarati)។ នៅពេលកូនកំលោះមកដល់អនាគតម្តាយក្មេករបស់គាត់នឹងមកទទួលស្វាគមន៍នៅច្រកចូល ហើយធ្វើដូចជាចង់ក្តិចច្រមុះរបស់គាត់។ កូនកំលោះត្រូវព្យាយាមគេចដោយភាពក្រមិចក្រមើម ខណៈមិត្តភក្តិរបស់គាត់អាចលើកគាត់ដើម្បីជួយឱ្យគេចបាន។ បន្ទាប់មកកូនកំលោះត្រូវជាន់បំបែកឆ្នាំងដីតូចមួយដែលជានិមិត្តរូបនៃការយកឈ្នះលើឧបសគ្គក្នុងជីវិត។ ពិធីនេះបង្កើតភាពសប្បាយរីករាយ និងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងកូនកំលោះ និងគ្រួសារកូនក្រមុំ។
ដៃគូរួមជីវិតមុនគេ (Companions First)
នៅក្នុងសហគមន៍កុលសម្ព័ន្ធ មូរីយ៉ា-ហ្គុន (Muria-Gond) នៅតំបន់បាស្តារ (Bastar) រដ្ឋឆាតទីសហ្គារ (Chhattisgarh) គូស្នេហ៍អាចបានស្គាល់ និងរស់នៅជាមួយគ្នាជាដៃគូមុនពេលពួកគេសម្រេចចិត្តរៀបការ។ ផ្នែកសំខាន់មួយនៃប្រពៃណីនេះគឺ (Ghotul) ដែលជាកន្លែងស្នាក់នៅរួមរបស់សហគមន៍សម្រាប់យុវជន និងយុវនារី។ នៅទីនោះពួកគេរស់នៅធ្វើការ រាំ និងរៀនសូត្រជាមួយគ្នា។ ហ្គូត៊ុលមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់រៀនអំពីជីវិត និងប្រពៃណីរបស់សហគមន៍ផងដែរ។
ប្រពៃណីមាតាធិបតេយ្យនៅមេឃាឡាយ៉ា (Meghalaya’s Matrilineal Tradition)
នៅក្នុងពិធីមង្គលការរបស់កុលសម្ព័ន្ធ ខាស៊ី (Khasi) និងហ្គារ៉ូ (Garo) នៅរដ្ឋមេឃាឡាយ៉ា (Meghalaya) គ្រួសារមានប្រព័ន្ធតាមខ្សែស្រឡាយខាងម្តាយ។ ដូច្នេះ បន្ទាប់ពីរៀបការកូនកំលោះជាអ្នកចាកចេញពីគ្រួសាររបស់គាត់ ហើយទៅរស់នៅជាមួយគ្រួសាររបស់កូនក្រមុំ។ ទ្រព្យសម្បត្តិ ខ្សែស្រឡាយ និងត្រកូលគ្រួសារ ត្រូវបានបន្តតាមខាងកូនស្រី។ ជាពិសេស កូនស្រីពៅដែលហៅថា «កា ខាឌូ» (Ka Khadduh) មានតួនាទីសំខាន់ក្នុងការបន្តគ្រួសារ។ គ្រួសារកូនក្រមុំមិនធ្វើពិធី «កន្យាទាន» (Kanyadaan) ដែលមានន័យថា ការប្រគល់កូនស្រីទៅគ្រួសារខាងកូនកំលោះនោះទេ។ ផ្ទុយទៅវិញ គ្រួសារខាងកូនក្រមុំជាអ្នកទទួលស្វាគមន៍កូនកំលោះឱ្យចូលមកជាសមាជិកនៃគ្រួសារ៕
អត្ថបទដោយ៖ ច័ន្ទឌ្រីយី បានយ៉ូប៉ាដហៃ








