Home ខេមរភាសា ស្ថានទូតឥណ្ឌា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបងចុះ MoU គម្រោងលើកកម្ពស់ជីវភាពនិស្សិតស្រី

ស្ថានទូតឥណ្ឌា និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបាត់ដំបងចុះ MoU គម្រោងលើកកម្ពស់ជីវភាពនិស្សិតស្រី

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំក្រកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project – QIP) ស្តីពី «ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់និស្សិតស្រីនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង»

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យ និងមន្ត្រីស្ថានទូតឥណ្ឌា។

គម្រោងនេះនឹងផ្តល់គ្រឿងសង្ហារិម និងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន (IT) សម្រាប់អគារស្នាក់នៅថ្មីរបស់និស្សិតស្រីដែលនឹងផ្តល់អត្ថប្រយោជន៍ដល់និស្សិតប្រមាណ ១៤០នាក់ ភាគច្រើនមកពីតំបន់ជនបទ និងគ្រួសារមានជីវភាពខ្វះខាត។ គម្រោងមានគោលបំណងបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងអំណោយផលដល់ការសិក្សាដើម្បីជួយឱ្យនិស្សិតអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបានកាន់តែប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងអារ្យធម៌ដ៏យូរអង្វែងរវាងឥណ្ឌា និងកម្ពុជាដែលផ្អែកលើការផ្លាស់ប្តូរវប្បធម៌ និងព្រះពុទ្ធសាសនាជាច្រើនសតវត្សរ៍។ ឯកឧត្តមបានបញ្ជាក់ថា ឥណ្ឌានៅតែបន្តគាំទ្រគ្រឹះស្ថានអប់រំដែលថែរក្សាតម្លៃរួមទាំងនេះ ព្រមទាំងជួយពង្រឹងចំណេះដឹង និងជំនាញរបស់យុវជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

India Enhances Student Welfare at Battambang Buddhist Universityគម្រោងនេះក៏ជាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងគ្រឹះស្ថានអប់រំព្រះពុទ្ធសាសនានៅកម្ពុជា។ តាមរយៈគម្រោង QIP កន្លងមកឥណ្ឌាបានគាំទ្រការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

កម្ពុជា គឺជាដៃគូដ៏សំខាន់របស់ឥណ្ឌាក្រោមគោលនយោបាយឆ្ពោះទៅទិសខាងកើត (Act East Policy) និងក្របខណ្ឌសហប្រតិបត្តិការមេគង្គ–គង្គា (Mekong–Ganga Cooperation)។ ជារៀងរាល់ឆ្នាំឥណ្ឌាអនុវត្តគម្រោង QIP ចំនួន ១០ គម្រោងនៅកម្ពុជាលើវិស័យអាទិភាពដូចជា អប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

រហូតមកដល់ពេលនេះ មានគម្រោង QIP សរុប ៧៣គម្រោង ត្រូវបានអនុម័តក្នុងនោះ ៥៥គម្រោង បានបញ្ចប់ដោយជោគជ័យ និង ១៨គម្រោង កំពុងអនុវត្តស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងថ្មីនេះបង្ហាញពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការកសាងជីវភាពរស់នៅប្រកបដោយចីរភាព៕

រូបភាពដោយ៖ សហការី

India Enhances Student Welfare at Battambang Buddhist UniversityIndia Enhances Student Welfare at Battambang Buddhist University

LEAVE A REPLY

Please enter your comment!
Please enter your name here