Home ខេមរភាសា រដ្ឋមន្ត្រីប្រតិភូបារាំង នីកូឡាស ហ្វូរីស៊ីយេ ជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា

រដ្ឋមន្ត្រីប្រតិភូបារាំង នីកូឡាស ហ្វូរីស៊ីយេ ជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា

ភ្នំពេញ៖ លោក នីកូឡាស ហ្វូរីស៊ីយេ រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងសេដ្ឋកិច្ចនៃសាធារណរដ្ឋបារាំងបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការវិនិយោគបន្ថែមពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានជំនួបជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមុនដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង មកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជាលោក នីកូឡាស ហ្វូរីស៊ីយេ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកម្ពុជាឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតបារាំងប្រចាំកម្ពុជានាថ្ងៃទី១០ ខែកក្កដា លោក នីកូឡាស ហ្វូរីស៊ីយេ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។

French Minister Delegate Nicolas Forissier Visits Cambodia to Strengthen Trade and Investment Cooperation
លោកបានមានប្រសាសន៍ថា៖ «បារាំងចាត់ទុកកម្ពុជាជាដៃគូដែលអាចទុកចិត្តបាននៅអាស៊ីអាគ្នេយ៍។ គោលបំណងរបស់យើង គឺពង្រឹងពាណិជ្ជកម្មលើកទឹកចិត្តឱ្យក្រុមហ៊ុនបារាំងកាន់តែច្រើនមកវិនិយោគនៅកម្ពុជា និងកសាងភាពជាដៃគូរយៈពេលវែងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ»។

ក្រៅពីការជំរុញការវិនិយោគពីវិស័យឯកជន បារាំងក៏បានពង្រីកការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាយ៉ាងគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងធំៗចំនួន ៧ ដែលទទួលបានហិរញ្ញប្បទានពីប្រទេសបារាំងដោយផ្តោតលើវិស័យកសិកម្ម ថាមពល ទឹកស្អាត និងការប្រែប្រួលអាកាសធាតុដែលមានទឹកប្រាក់សរុបលើសពី ១,៥ ពាន់លានអឺរ៉ូ ដែលមានចំនួនប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក។

យោងតាមលោក Jacques Pellet អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាដែលបានថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទំហំហិរញ្ញប្បទានរបស់បារាំងសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៥ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹម ២១៥ លានអឺរ៉ូ ដែលមានចំនួនប្រមាណ ២៣០ លានដុល្លារអាមេរិក។

French Minister Delegate Nicolas Forissier Visits Cambodia to Strengthen Trade and Investment Cooperation
លោក នីកូឡាស ហ្វូរីស៊ីយេ បន្តថា៖ «ទំហំហិរញ្ញប្បទានរបស់បារាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរយៈពេលវែងរបស់យើងចំពោះការអភិវឌ្ឍរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការគាំទ្រគម្រោងនានាដែលផ្តល់ផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន»។

លោកក៏បានលើកឡើងពីការរួមចំណែករបស់វិស័យឯកជនបារាំងផងដែរ ដោយបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនបារាំងប្រមាណ ៥០០ កំពុងប្រតិបត្តិការនៅកម្ពុជាលើវិស័យជាច្រើន។ លោកបានបន្ថែមថា៖ «អាជីវកម្មបារាំងនាំមកនូវជំនាញ នវានុវត្តន៍ និងស្តង់ដារខ្ពស់។ យើងចង់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសថ្មីៗ សម្រាប់សហគ្រាសបារាំង»។

គួរបញ្ជាក់ថាកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាបានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ថាមពល សុខាភិបាល និងវិស័យយុទ្ធសាស្ត្រផ្សេងៗ ព្រមទាំងស្វែងរកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា–បារាំង និងជាការរៀបចំមូលដ្ឋានសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៦។

រូបថត៖ ទុយ  អេងលី 

French Minister Delegate Nicolas Forissier Visits Cambodia to Strengthen Trade and Investment Cooperation

LEAVE A REPLY

Please enter your comment!
Please enter your name here