ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងមូលនិធិជប៉ុន (Japan Foundation) បានប្រារព្ធពិធីបើកជាផ្លូវការមហោស្រព «តាណាបាតាឆ្នាំ២០២៦» នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីអបអរសាទរចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសជប៉ុន និងកម្ពុជា។
មហោស្រពនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៤ មក ដោយបានប្ក្លាយជាពិធីបុណ្យដ៏សំខាន់សម្រាប់ការលើកកម្ពស់ការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការសម្តែងសិល្បៈ សិក្ខាសាលាវប្បធម៌ ការតាំងពិព័រណ៍ និងសកម្មភាពជាច្រើនទៀត។
ពិធីបើកមហោស្រពបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាង CJCC មូលនិធិជប៉ុន មន្ត្រីការទូត ដៃគូអភិវឌ្ឍន៍ តំណាងក្រុមជាម្ចាស់ឧបត្ថម្ភ សិល្បកររួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
នាពិធីបើកមហោស្រពឯកឧត្តម Ueno Atsushi បានថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត សិល្បករ និងដៃគូទាំងអស់ដែលបានចូលរួមធ្វើឱ្យមហោស្រពឆ្នាំនេះប្រព្រឹត្តទៅដោយជោគជ័យ។ លោកបានលើកឡើងថា មហោស្រពតាណាបាតាមិនត្រឹមតែជាការបង្ហាញអំពីវប្បធម៌ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពង្រឹងមិត្តភាព និងការយល់ដឹងទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរាជទូតបានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការពង្រឹងទំនាក់ទំនងក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា។ ខ្ញុំមានក្តីសង្ឃឹមថា មហោស្រពនេះនឹងជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែស្គាល់ និងស្រឡាញ់វប្បធម៌ជប៉ុន ខណៈដែលទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ»។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ក្នុងការលើកកម្ពស់ការយល់ដឹងពីមិត្តភាពរវាងកម្ពុជា និងជប៉ុន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «មហោស្រពដូចជាតាណាបាតា បានផ្តល់ឱកាសដ៏មានតម្លៃដល់យុវជនក្នុងការសិក្សាពីវប្បធម៌ផ្សេងៗ អភិវឌ្ឍភាពច្នៃប្រឌិត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន»។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ប៉ែន មុនីមករា បានអញ្ជើញចូលរួមពិធីបើកមហោស្រពដោយបង្ហាញពីការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូររវាងកម្ពុជា និងជប៉ុន ដែលបានរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងអំឡុងមហោស្រពនេះ សាធារណជនអាចចូលរួមសកម្មភាពវប្បធម៌ជប៉ុនជាច្រើន រួមមានសិក្ខាសាលា ការតាំងពិព័រណ៍ និងការសម្តែងសិល្បៈ ដែលកម្មវិធីសំខាន់ៗ រួមមានការសម្តែងពិសេសរបស់ក្រុម Tanabata Anime Song & Street Dance Unit ពីប្រទេសជប៉ុន សហការសម្តែងជាមួយ Tiny Toones កម្ពុជានៅថ្ងៃទី១១ ខែកក្កដា និងការប្រកួតចម្រៀងជប៉ុន Nodojiman Japanese Song Contest 2026 នៅថ្ងៃទី១២ ខែកក្កដា។ បន្ថែមពីនេះអ្នកចូលរួមអាចសរសេរបំណងប្រាថ្នារបស់ខ្លួនលើក្រដាសពណ៌ (Tanzaku) ហើយចងភ្ជាប់លើដើមឫស្សីដែលជាប្រពៃណីដ៏ល្បីល្បាញនៃពិធីបុណ្យតាណាបាតាដើម្បីបួងសួងឱ្យបំណងប្រាថ្នាក្លាយជាការពិត។
មហោស្រពតាណាបាតាឆ្នាំ២០២៦ទទួលបានការគាំទ្រពីដៃគូមានដូចជា SATHAPANA Bank Plc., Air Cambodia Co., Ltd., AEON (Cambodia) Co., Ltd., AEON Specialized Bank (Cambodia) Plc., Branch of AEON Delight (Vietnam) Company Limited, Buddy’s Marketing JP Co., Ltd., Starts (Cambodia) Corporation, J Trust Royal Bank Plc., Active People’s Microfinance Institution Plc., Panasonic Cambodia, and Genki Sushi៕
រូបភាពដោយ៖ សហការី និង ឆរ សុគន្ធា












