ភ្នំពេញ៖ ប្រទេសឥណ្ឌា និងកម្ពុជាបានបន្តពង្រឹងភាពជាដៃគូអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ចំនួនពីរសម្រាប់អនុវត្ត គម្រោងផ្តល់ផលរហ័ស (Quick Impact Projects – QIPs) ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong-Ganga Cooperation – MGC) ដែលផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍នៅខេត្តក្រចេះ។
ពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាតំណាងឱ្យក្រសួងការបរទេសឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌានៅកម្ពុជា។
គម្រោងទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍ក្នុងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលគម្រោងទីមួយជាគម្រោង «វារីវប្បកម្មឃ្មុំឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករខ្នាតតូច» មានគោលបំណងបង្កើនជីវភាពកសិករខ្នាតតូចចំនួន ៣០នាក់ ដោយផ្តល់អាទិភាពដល់ស្ត្រី និងយុវជន តាមរយៈការបណ្តុះបណ្តាលជំនាញ ការផ្គត់ផ្គង់សម្ភារៈ និងឧបករណ៍ចិញ្ចឹមឃ្មុំព្រមទាំងបង្កើតកសិដ្ឋានគំរូចំនួន ១០កន្លែង។ គម្រោងនេះក៏នឹងជំរុញការអនុវត្តកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុដោយរំពឹងថានឹងបង្កើនប្រាក់ចំណូលគ្រួសារយ៉ាងហោចណាស់ ៣០ភាគរយ តាមរយៈការផលិតទឹកឃ្មុំ និងផលិតផលផ្សេងៗពីការចិញ្ចឹមឃ្មុំ។
ចំណែកឯ «គម្រោងគាំទ្រសហគមន៍សម្រាប់ការសិក្សា – វគ្គទី២» នឹងផ្តល់កង់ មួកសុវត្ថិភាព និងដបទឹកដែលអាចប្រើប្រាស់ឡើងវិញដល់សិស្សថ្នាក់ទី៥ និងទី៦ ចំនួន ២០០នាក់ ដែលមានជីវភាពខ្វះខាត និងត្រូវធ្វើដំណើរផ្លូវឆ្ងាយទៅសាលារៀន។ គម្រោងនេះ បន្តពីវគ្គទី១ ដើម្បីជួយលើកកម្ពស់អត្រាចូលរៀន កាត់បន្ថយការបោះបង់ការសិក្សា បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងលើកទឹកចិត្តដល់ការយល់ដឹងអំពីការការពារបរិស្ថាន។
កម្ពុជានៅតែជាដៃគូដ៏សំខាន់របស់ឥណ្ឌាក្រោមនយោបាយ «ឆ្ពោះទៅទិសខាងកើត» (Act East Policy) និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងបណ្តាប្រទេសតំបន់មេគង្គតាមរយៈគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ។
ជារៀងរាល់ឆ្នាំ ឥណ្ឌាអនុវត្តគម្រោង QIPs ចំនួន ១០នៅកម្ពុជាលើវិស័យអាទិភាពរួមមាន អប់រំ សុខាភិបាល ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ រហូតមកដល់ពេលនេះ គម្រោង QIPs សរុបចំនួន ៧២គម្រោងត្រូវបានអនុម័តនៅកម្ពុជា ក្នុងនោះ ៥៥គម្រោងបានបញ្ចប់ដោយជោគជ័យ ខណៈ ១៧គម្រោងកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ គម្រោងទាំងអស់ត្រូវបានរៀបចំស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ការចុះហត្ថលេខាលើគម្រោងថ្មីទាំងពីរនេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងកាន់តែស៊ីជម្រៅរវាងឥណ្ឌា និងកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ការពង្រឹងធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕
រូបភាពដោយ៖ សហការី








