ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញបានរៀបចំពិធីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ នៅសួនច្បារតេជោមាស តេជោយ៉ត។ ព្រឹត្តិការណ៍នេះ សហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកស្ម័គ្រចិត្ត និងក្រុមអ្នកស្រឡាញ់ការហាត់យោគៈ។
ដោយផ្អែកលើប្រធានបទនៃទិវាយោគៈអន្តរជាតិលើកទី១២ គឺ «យោគៈដើម្បីអាយុយឺនយូរ» ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រាប់ឱ្យដឹងថា ប្រធានបទឆ្នាំនេះ គឺជាការដាស់តឿនពេលវេលាមួយដល់សង្គមនានានៅទូទាំងពិភពលោក អំពីតម្រូវការក្នុងការលើកកម្ពស់សុខុមាលភាពបែបបរិយាប័ន្ន និងការយកចិត្តទុកដាក់លើការហាត់យោគៈ ដើម្បីជាមធ្យោបាយឈានទៅសម្រេចបាននូវការកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់វ័យ។
លោកឯកអគ្គរដ្ឋទូតថ្លែងថា៖ «វាក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលដែលកំពុងមានការកើនឡើងអំពីសក្តានុពលនៃការផ្លាស់ប្តូររបស់យោគៈ ក្នុងការផ្តល់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី។ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាយោគៈមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណក្នុងនាមជាវិទ្យាសាស្ត្របែបបរិយាប័ន្នដែលផ្សារភ្ជាប់រវាងរាងកាយ និងចិត្ត មនុស្ស និងធម្មជាតិក៏ដោយក៏នាពេលបច្ចុប្បន្ននេះ យោគៈបានឈានរំលងព្រំដែនសង្គម និងភូមិសាស្ត្រហើយបានក្លាយជាចលនាសកលមួយដោយត្រូវបានទទួលយកនៅតាមបណ្តាប្រទេសនានា ក្នុងនាមជាវិថីដ៏គួរឱ្យទុកចិត្តមួយឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម»។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់យុវជន និងក្រុមអ្នកស្រឡាញ់ការហាត់យោគៈរួមមានសិស្សានុសិស្ស អ្នកហាត់យោគៈ មន្ត្រីរាជការ និងសាធារណជនទូទៅព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលតំណាងមកពីបណ្តាក្រសួង ស្ថាប័នរដ្ឋ និងអង្គការយោគៈឯកជននានាផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ដ៏ធំមួយដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ នេះ ក៏ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងនាមជាប្រធានកិត្តិយស។
នៅក្នុងឆ្នាំនេះ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នយោគៈនានារៀបចំព្រឹត្តិការណ៍យោគៈជាង ១២លើក នៅតាមទីតាំងផ្សេងៗ គ្នាទូទាំងប្រទេសកម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ។ ការចូលរួមយ៉ាងសកម្មរបស់កីឡាករ និងអ្នកហាត់យោគៈនៅក្នុងព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដែលកំពុងកើនឡើងនៃលំហាត់ប្រាណយោគៈនៅក្នុងប្រទេសកម្ពុជាដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងតុល្យភាពក្នុងជីវិត។
កាលពីឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌា និងដោយមានការគាំទ្រពីប្រទេសសមាជិកចំនួន ១៧៧អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទូទាំងសកលលោ រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕
រូបភាពដោយ៖ សហការី










