ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ២០២៦ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំ នៃការកកើតសហរដ្ឋអាមេរិកលោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាមេរិកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការនូវ «ពិព័រណ៍សារមន្ទីរស្ថាបនិកសេរីភាព២៥០ឆ្នាំ» នៅមជ្ឈមណ្ឌល AmCam Exchange ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Exchange Square។ កម្មវិធីក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស គឺឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយតំណាងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា។
ពិព័រណ៍ស្ថាបនិកនេះ គឺជាគំនិតផ្តួចផ្តើមរបស់សេតវិមានដែលជាពិព័រណ៍អប់រំបែបអន្តរកម្មបង្ហាញនូវប្រវត្តិសាស្ត្រ និងវប្បធម៌អាមេរិកបែបរស់រវើក។ ពិព័រណ៍នេះមានដាក់បង្ហាញនូវការប្រមូលផ្ដុំយ៉ាងសម្រិតសម្រាំដែលរំលេចឱ្យឃើញពីក្រុមស្ថាបនិកជាតិព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសជនជាតិអាមេរិកដែលភាពដឹកនាំ និងការច្នៃប្រឌិតរបស់ពួកគាត់នៅតែបន្តជំរុញដំណើរនវានុវត្តន៍របស់សហរដ្ឋអាមេរិក។ កម្មវិធីនេះប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីញ៉ាំងដំណើរការពិពណ៍នាឱ្យកាន់តែមានភាពសម្បូរបែបដែលអ្នកចូលរួមអាចស្កន QR កូដតាមរយៈទូរសព្ទដើម្បីទស្សនាវីដេអូបែបគំនូរជីវចលដែលតួអង្គជនជាតិអាមេរិកនីមួយៗ ចែករំលែកពីប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគាត់។
លោកភារធារី Benjamin Chiang មានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការនាំយកពិព័រណ៍សារមន្ទីរស្ថាបនិកនេះមកកាន់ប្រទេសកម្ពុជាដែលជាសសរស្តម្ភដ៏សំខាន់មួយក្នុងការអបអរសាទរ «សេរីភាព២៥០» Freedom 250 របស់យើង។ ពិព័រណ៍នេះផ្ដល់នូវវិធីសាស្ត្រប្លែកមួយដើម្បីទាក់ទាញទស្សនិកជននៅកម្ពុជាដើម្បីស្វែងយល់ពីបុគ្គល និងគំនិតនានាដែលនាំឱ្យមានការបង្កើតសហរដ្ឋអាមេរិកឡើងក៏ដូចជាស្វែងយល់ពីហេតុផលដែលឧត្តមភាពរបស់អាមេរិកនៅតែឥទ្ធិពលក្នុងការលើកទឹកចិត្តមនុស្សជុំវិញពិភពលោក»។
ការបើកសម្ពោធពិព័រណ៍ដ៏ធំនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងយុទ្ធនាការអបអរសាទរ «សេរីភាព២៥០» របស់ស្ថានទូតអាមេរិកដើម្បីបង្ហាញពីឧត្តមភាពរបស់សហរដ្ឋអាមេរិករំលឹកអំពីប្រវត្តិសាស្ត្រអាមេរិក និងអបអរសាទរសមិទ្ធផលនានាដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។ ពិព័រណ៍ស្ថាបនិកអាមេរិកនឹងបន្តដាក់បង្ហាញនៅមជ្ឈមណ្ឌល AmCam Exchange ក្នុងរាជធានីភ្នំពេញរយៈពេលពីរសប្តាហ៍ មុនផ្លាស់ទីទៅដាក់តាំងបង្ហាញនៅឯបណ្ណាល័យអាមេរិកដែលមាននៅក្នុងខេត្តសៀមរាប បាត់ដំបង និងកំពង់ចាម៕
រូបភាពដោយ៖ សហការី








