Home ខេមរភាសា ស្ថានទូតសហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ឆ្នាំ២០២៦ក្រោមកម្មវិធី Access ក្នុងខេត្តសៀមរាប

ស្ថានទូតសហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំកំពូលថ្នាក់តំបន់ឆ្នាំ២០២៦ក្រោមកម្មវិធី Access ក្នុងខេត្តសៀមរាប

សៀមរាប៖ ថ្ងៃទី១៨ ខែមិថុនា ២០២៦ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិកស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ និងមន្ត្រីការិយាល័យភាសាអង់គ្លេសថ្នាក់តំបន់នៃស្ថានទូតអាមេរិកប្រចាំនៅហាណូយសហការជាមួយអង្គការមូលនិធិអាស៊ីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្រាប់កម្មវិធីបង្រៀនអង់គ្លេស Access ថ្នាក់តំបន់នៅក្នុងខេត្តសៀមរាប។

ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ ធ្វើឡើងក្រោមប្រធានបទ «ការគិតគូរឡើងវិញលើវិស័យអប់រំ» ដែលប្រមូលផ្តុំសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូដែលទទួលបានអាហារូបករណ៍ភាសាអង់គ្លេសក្រោមកម្មវិធី Access មកពីប្រទេសកម្ពុជា ឡាវ វៀតណាម រួមទាំងអ្នកជំនាញវិស័យអប់រំមកពីសហរដ្ឋអាមេរិកដើម្បីបង្កើតបណ្តាញទំនាក់ទំនងក្នុងតំបន់ ពង្រឹងសមត្ថភាពភាសា និងអភិវឌ្ឍសមត្ថភាពដឹកនាំ។ កិច្ចប្រជុំកំពូលនេះផ្តោតសំខាន់លើការរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់ និងវិធីសាស្ត្របង្រៀនបែបអាមេរិកដោយបង្ហាញឱ្យឃើញពីទំនាក់ទំនងអប់រំ និងបង្កើនទំនាក់ទំនងប្រជាជនរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។

U.S. Embassy Hosts 2026 Regional Access Summit in Siem Reapលោក Benjamin Chiang ការធារីនៃស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ និងឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានៅកម្ពុជាបានអញ្ជើញបើកកិច្ចប្រជុំកំពូល Access ថ្នាក់តំបន់នេះក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៨ ខែមិថុនា។

លោកភារធារី Chiang មានប្រសាសន៍បន្តថា៖ «ការជួបជុំគ្នានៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់ឧត្តមភាពអប់រំពង្រឹងការបណ្តុះបណ្តាលសមត្ថភាពភាសា និងត្រៀមយុវជនជំនាន់ក្រោយសម្រាប់ទីផ្សារការងារនាពេលអនាគត។ ខ្ញុំសូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចេះចាប់យកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស ជំនាញទំនាក់ទំនង និងជំនាញដឹកនាំរបស់ខ្លួនព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយប្រកបដោយអត្ថន័យសម្រាប់សហគមន៍របស់ពួកគេ»។

កម្មវិធីអាហារូបករណ៍ភាសាអង់គ្លេស Access បានគាំទ្រដល់អ្នកសិក្សាវ័យក្មេងរាប់ពាន់នាក់នៅទូទាំងតំបន់តាមរយៈការបង្កើនឱកាសដើម្បីទទួលបានការអប់រំភាសាអង់គ្លេស និងការបង្កើតឱកាសសម្រាប់ការរីកចម្រើនផ្នែកសិក្សាធិការ និងវិជ្ជាជីវៈ។ សិស្សានុសិស្សនឹងចូលរួមក្នុងសកម្មភាពផ្សេងៗ មានដូចជាការអនុវត្តគម្រោងរួមគ្នាសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំ និងកម្មវិធីវប្បធម៌ដែលរៀបចំឡើងដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ៕

រូបភាពដោយ៖ សហការី

U.S. Embassy Hosts 2026 Regional Access Summit in Siem Reap

LEAVE A REPLY

Please enter your comment!
Please enter your name here