ភ្នំពេញ៖ នៅថ្ងៃនេះកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិហៅកាត់ WFP ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុនបានដាក់ឱ្យអនុវត្តគំនិតផ្តួចផ្តើមថ្មីមួយដើម្បីពង្រឹងអាហារូបត្ថម្ភដល់កម្មករ កម្មការិនីរោងចក្រ តាមរយៈការបញ្ចូលអង្ករមីក្រូសារជាតិរបបអាហារប្រចាំថ្ងៃ។
តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណជាង ១,៥លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន គម្រោងរំពឹងថានឹងបានជួយទៅដល់កម្មកររោងចក្រជាង ៥០.០០០នាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌចំនួន ១១៨រោងចក្រនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរ៉ូយ៉ាល់គ្រុប និងតំបន់សេដ្ឋកិច្ចពិសេសកណ្តាលរ៉ូយ៉ាល់គ្រុបសម្រាប់រយៈពេល ៥ឆ្នាំ។
គម្រោងនេះត្រូវបានដាក់ឈ្មោះថា «ការលុបបំបាត់វដ្តនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា៖ ការពង្រឹងរបបអាហារសម្រាប់កម្មករ កម្មការិនីរោងចក្រ» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងលើកកម្ពស់សុខមាលភាព និងផលិតភាពការងាររបស់កម្មករ។
លោក MATSUDA Junsaku ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាពថា៖ «ជប៉ុនពិតជាមានមោទនភាពក្នុងការគាំទ្រកម្ពុជា ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ជាមួយការដាក់ចេញនៅដំណោះស្រាយជាក់ស្តែងដែលអាចពង្រីកវិសាលភាពបានសម្រាប់ថ្ងៃអនាគត។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានអាហាររូបត្ថម្ភសម្រាប់កម្មករ កម្មការិនី គំនិតផ្តួចផ្តើមនេះមិនត្រឹមតែរួមចំណែកដល់លទ្ធផលសុខភាពកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសហគមន៍កាន់តែរឹងមាំ និងសេដ្ឋកិច្ចកាន់តែមានភាពធន់ជាងមុនផងដែរ»។
វិស័យរោងចក្រកាត់ដេរនៅកម្ពុជា គឺជាវិស័យដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចដែលបានផ្តល់ការងារជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា។ ប៉ុន្តែកម្មករជាច្រើន ជាពិសេសស្ត្រីនៅតែប្រឈមនឹងអត្រាកង្វះអាហារូបត្ថម្ភខ្ពសរួមទាំងមានភាពស្លេកស្លាំង និងកង្វះសារធាតុចិញ្ចឹមផ្សេងៗ ទៀត។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខុមាលភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់ផលិតភាពការងារ ចំណូល និងការអភិវឌ្ឍជាតិផងដែរ។
តាមរយៈគម្រោងនេះ កម្មវិធីស្បៀងអាហារពិភពលោក និងដៃគូពាក់ព័ន្ធគ្រោងដាក់បញ្ចូលអង្ករមីក្រូសារជាតិសម្រាប់អាហារប្រចាំថ្ងៃនៅតាមរោងចក្រដើម្បីធានាថាកម្មករទទួលបានវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន។ ដោយសារអង្ករ គឺជាអាហារមូលដ្ឋានប្រចាំថ្ងៃ ដូចនេះការបន្ថែមសារធាតុចិញ្ចឹមគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងចំណាយតិចដោយមិនតម្រូវឱ្យមានការផ្លាស់ប្តូរទម្លាប់ទទួលទាននោះទេ។
គម្រោងនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់រោងចក្រ អ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធថ្នាក់ជាតិដោយ៖
- បញ្ចូលអង្ករមីក្រូសារជាតិទៅតាមអាហារដ្ឋាននៅកន្លែងធ្វើការ
- ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងត្រួតពិនិត្យគុណភាពអាហារដែលបានបន្ថែមសារធាតុចិញ្ចឹម
- កសាងសមត្ថភាពបន្ថែមដល់អ្នកដាំដុះ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ
- លើកកម្ពស់ការយល់ដឹងដល់កម្មករអំពីអត្ថប្រយោជន៍នៃអាហារូបត្ថម្ភ
លោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) នាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «គម្រោងនេះតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពរបស់កម្មករ កម្មការិនីរោងចក្រនៅកម្ពុជា។ តាមរយៈការដាក់បញ្ចូលអង្ករមីក្រូសារជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃ យើងកំពុងជួយផ្តល់នូវសារធាតុចិញ្ចឹមដែលពួកគាត់ត្រូវការក្នុងការរក្សាសុខភាពឱ្យបានកាន់តែប្រសើរ ដើម្បីអាចទ្រទ្រង់គ្រួសារ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់កម្ពុជា»។
ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការបានគូសបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមនេះថា៖ «គម្រោងនេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពនៃកម្លាំងពលកម្មរបស់កម្ពុជា។ តាមរយៈការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកម្មករ កម្មការិនីរោងចក្រកាត់ដេរ យើងកំពុងវិនិយោគលើសុខភាព ផលិតភាព និងវិបុលភាពនាពេលអនាគតនៃប្រជាជនយើងដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។
កម្មវិធីស្បៀងអាហារពិភពលោករួមជាមួយដៃគូនានា ដូចជាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជនដើម្បីធានាបាននូវការអនុវត្តប្រកបដោយការសម្របសម្រួល និងមានចីរភាព។ គំនិតផ្តួចផ្តើមនេះត្រូវបានរំពឹងថានឹងក្លាយជាគំរូសម្រាប់ការពង្រីកបន្ថែមលើការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារទៅគ្រប់ប្រព័ន្ធស្បៀងអាហារនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងសំដៅជំរុញឱ្យបានទូលំទូលាយអំពីការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន៕
រូបភាពដោយ៖ សហការី












