«ការបន្ស៊ាំខ្លួនទៅនឹងបរិបទ» ការតាំងពិព័រណ៍ស្តីពីការរចនាស្ថាបត្យកម្មទំនើបនៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានបារាំងកម្ពុជាបានធ្វើការប្រកាសបើកពិព័រណ៍ «ការបន្ស៊ាំខ្លួនទៅនឹងបរិបទ ការរចនាស្ថាបត្យកម្មទំនើបនៅកម្ពុជា» ការតាំងពិព័រណ៍រួម​គ្នាដែលផ្តល់ឱកាស​ដល់ក្រុមហ៊ុនស្ថាបត្យកម្មចំនួនប្រាំបួនមានមូលដ្ឋាននៅប្រទេសកម្ពុជា ដើម្បីរួមគ្នាឆ្លើយតបទៅនឹងសំណួរគន្លឹះមួយគឺ៖ តើធ្វើដូចម្តេចដើម្បីបន្ស៊ាំខ្លួន និងរួមបញ្ចូលគ្នាទៅនឹង​មជ្ឈដ្ឋាន និងវប្បធម៌ខ្មែរ? ពិធីសម្ពោធនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:៣០ ល្ងាចនៅវិទ្យាស្ថានបារាំងកម្ពុជា។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរវត្តមាន២៥ ឆ្នាំ នៃស្ថាបត្យកម្មបារាំងនៅកម្ពុជាដែលបានវិវត្តជាបន្តបន្ទាប់ទៅរកទស្សនវិស័យកាន់តែទូលំទូលាយដោយឆ្លុះបញ្ចាំងពីតម្លៃនៃសហគមន៍ហ្វ្រង់កូហ្វូនី (Francophonie) រួមមាន៖ ការសន្ទនា ភាពចម្រុះ និងការកសាងរួមគ្នា។ ក្នុងទិសដៅឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញពិព័រណ៍ «ការបន្ស៊ាំខ្លួនទៅនឹងបរិបទ» ជាសក្ខីភាពសមត្ថភាពរបស់អ្នកនិយាយភាសាបារាំង និងប្រជាជនកម្ពុជាក្នុងកិច្ចសហការដើម្បីដោះស្រាយបញ្ហាប្រឈមសម័យទំនើបទាំងផ្នែកនគរូបនីយកម្ម បរិស្ថាន និងសង្គម ។

“Adaptation(s)”, an exhibition on contemporary architectural practices in Cambodia at the French Institute of Cambodia

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងជុំវិញប្រធានបទបីដែលរៀបចំដំណើរទស្សនា៖

លំហឯកជន និងសាធារណៈ៖ តើស្ថាបត្យកម្មកម្ពុជាសម័យ​ទំនើបបែងចែករវាងលំហឯកជន និងទីកន្លែងរួមយ៉ាងដូចម្តេច? នៅអាស៊ីអាគ្នេយ៍ច្រកចេញចូលតែងមានភាពបត់បែនមុខអគារបើកចំហរទៅផ្លូវ ហើយលំហរួមត្រូវបានសង់ឡើងតាមការប្រើប្រាស់ និងភាពជិតស្និទ្ធ​។

ការអភិរក្ស និងការបង្កើតឡើងវិញនូវបេតិកភណ្ឌ៖ ពីវិមានសម័យ​អង្គររហូតដល់ស្ថាបត្យកម្មសម័យអាណានិគមឆ្លងកាត់សម័យសង្គមរាស្ត្រនិយម និងសំណង់ក្រោយសម័យសង្គ្រាម សំណង់ប្រវត្តិសាស្ត្រទាំងនេះមិនមែនគ្មានតម្លៃនោះទេ ប៉ុន្តែជាធនធានដែលអាចយកមកប្រើប្រាស់ឡើងវិញ។ ការកែច្នៃ ការបន្ស៊ាំ និងការប្រើប្រាស់ឡើងវិញ ក្លាយជាសកម្មភាពដែលគិតគូរទាំងបរិស្ថាន និងវប្បធម៌។

ការបន្ស៊ាំទៅនឹងលក្ខខណ្ឌអាកាសធាតុ៖ នៅក្នុងតំបន់ត្រូពិច ការរចនាមានន័យថា ការរួមបញ្ចូលគ្នាជាមួយខ្យល់ ម្លប់ ភ្លៀង និងវត្ថុធាតុដើម។ ស្ថាបត្យកម្មក្លាយជាឧបករណ៍សម្រួលអាកាសធាតុនៅពេលដែលបញ្ចូលកត្តាទាំងនេះយ៉ាងពេញលេញ ដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាដោយប្រើដំណោះស្រាយតាមបរិបទជាក់ស្តែង។

ដើម្បីបង្ហាញពីប្រធានបទទាំងនេះ វិចិត្រសាលមានការដាក់បង្ហាញសម្ភារជាច្រើនដូចជា៖ ប្លង់គំរូ រូបថត ប្លង់បច្ចេកទេស និងវត្ថុធាតុដើមដែលដកស្រង់ចេញពីគម្រោងជាក់ស្តែង។ ការរៀបចំពិព័រណ៍ដែលរចនាដោយភ្នាក់ងារ Melon Rouge Agency ផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យហើយសាធារណជនអាចចូលទស្សនា​អគារប្រចាំថ្ងៃ និងសំណង់ល្បីៗ ក្នុងជ្រុងថ្មីមួយដែលបង្ហាញពីសំណង់តក្កអរូបិយនៅជុំវិញយើង (ការសាងសង់តាមជំនឿ និងហុងស៊ុយ)។

«ពិព័រណ៍នេះកើតចេញពីបំណងប្រាថ្នាសាមញ្ញមួយ គឺបង្ហាញពីអ្វីដែលកំពុងត្រូវបានសាងសង់នៅទីនេះ ក្នុងប្រទេស កម្ពុជា ដោយស្ថាបត្យករដែលគិតគូរ និងរចនា ដែលមានទំនាក់ទំនងជាមួយទឹកដីខ្មែរជានិច្ច។ ជាការសន្ទនារវាងវប្បធម៌ បេតិកភណ្ឌ និងការរចនា។ ក្នុងទិសដៅឆ្ពោះទៅរកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ពិព័រណ៍ការរបន្ស៊ាំខ្លួនទៅនឹងបរិបទ  គឺជាភស្តុតាងជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់យើង៖ កិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា មិនមែនគ្រាន់តែជារូបភាពខាងក្រៅឡើយ ប៉ុន្តែវាគឺជាការរួមគ្នាស្ថាបនាដែលទាមទារការយកចិត្តទុកដាក់ និងមានភាពរស់រវើក» នេះជាការលើកឡើងពី Fanny Pagès អនុប្រធានវិទ្យាស្ថានបារាំងកម្ពុជា និងជាអនុព័ន្ធវប្បធម៌។

ដូចគ្នានឹងការតាំងពិព័រណ៍ផ្សេងៗ ដែរ វិទ្យាស្ថានបារាំងកម្ពុជាផ្តល់ជូននូវកម្មវិធីអមដ៏សម្បូរបែបដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកទស្សនាទូទៅ និងធ្វើឱ្យប្រធានបទកាន់តែស៊ីជម្រៅ៖ ការនាំទស្សនាសម្រាប់សិស្សានុសិស្ស និងអង្គការក្រៅរដ្ឋាភិបាល កិច្ចពិភាក្សាតុមូលជុំវិញប្រធានបទពិព័រណ៍ក៏ដូចជាភាពយន្តស្តីពីស្ថាបត្យកម្ម ជាពិសេសការបញ្ចាំងខ្សែភាពយន្តឯកសារ «Moriyama-San» របស់ Ila Bêka និង Louise Lemoine អមដោយការអត្ថាធិប្បាយរបស់​ស្ថាបត្យករ​​ Antoine Miennel (Bloom Architecture) នៅថ្ងៃទី៣០ ខែឧសភា ខាងមុខ៕

រូបភាពដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here