ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ ក្រោមគ្រោងការណ៍ជំនួយឥតសំណងគម្រោងអង្គការក្រៅរដ្ឋាភិបាលប្រទេសជប៉ុនបានផ្ដល់ជំនួយថវិកាសរុបចំនួនប្រមាណជាង ៤៩ម៉ឺនដុល្លារអាមេរិក (៤៩៣,៧៦៥ ដុល្លារអាមេរិក) ដល់អង្គការទស្សនៈពិភពលោកជប៉ុនដើម្បីអនុវត្តគម្រោងកែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា លើកកម្ពស់ការរៀន និងបង្រៀនកុមារនៅទីជនបទក្នុងប្រទេសនៃប្រទេសកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយលោកស្រី ឈីបា មីណា ប្រធានគម្រោងអង្គការទស្សនៈពិភពលោកជប៉ុន និងតំណាងក្រសួងអប់រំ យុវជន និងកីឡាលោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។
គម្រោងនេះមានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូច និងការអប់រំបឋមសិក្សាក្នុងខេត្តកំពង់ធំ។ដែលគម្រោងនឹងមានការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅតាមរយៈការបណ្តុះបណ្តាលគ្រូដើម្បីអនុវត្តថា្នក់បំប៉ងដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃចុះចុះហត្ថលេខាថា៖ «រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាប្រមាណ ៤៩ម៉ឺនដុល្លារអាមេរិកដល់អង្គការអង្គការទស្សនៈពិភពលោក (World Vision Japan) សម្រាប់អនុវត្តគម្រោងរបស់អង្គការនៅក្នុងខេត្តកំពង់ធំ»។
លោកបន្ថែមថា៖ «ចាប់តាំងពីឆ្នាំ១៩៩៦ អង្គការទស្សនៈពិភពលោកជប៉ុនបាននិងកំពុងអនុវត្តសកម្មភាពទាក់ទង នឹងសុខភាព អនាម័យ ការអប់រំ និងការលើកកម្ពស់ប្រាក់ចំណូលតាមរយៈការអភិវឌ្ឍន៍សហគមន៍នៅក្នុងខេត្តនានានៃប្រទេសកម្ពុជា។ តំណាងឱ្យរដ្ឋាភិបាលជប៉ុន យើងខ្ញុំសូមសម្តែងនូវការគោរពដ៏ជ្រាលជ្រៅរបស់ជាថ្មីម្តងទៀតចំពោះសមទ្ធផលដ៏ធំធេងជាច្រើនឆ្នាំរបស់អង្គការ»។
គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមផ្តល់ឱ្យប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិកដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី











