ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ ក្លឹបកេនដូភ្នំពេញ បានរៀបចំការប្រកួតកេនដូប្រចាំឆ្នាំ២០២៦ ជាផ្លូវការ ក្នុងគោលបំណងបង្ហាញពីការរីកចម្រើននៃក្បាច់គុនដាវសិល្បៈប្រយុទ្ធរបស់ជប៉ុន និងពង្រឹងសមត្ថភាពកីឡាកររបស់ខ្លួនសម្រាប់ការត្រៀមប្រកួតលើឆាកអន្តរជាតិនានា។
ការប្រកួតប្រចាំឆ្នាំ២០២៦ នេះ មានការចូលរួមពីកីឡាករ-កីឡាការិនីដែលជាសមាជិកនៃក្លឹបកេនដូភ្នំពេញរួមទាំងគ្រូបង្វឹកជាជនជាតិបរទេសជាច្រើនអ្នកផងដែរ។ បន្ថែមពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់ពីការក្រកួតនេះ គឺវត្តមានអាជ្ញាកណ្តាមកពីប្រទេសវៀតណាមលោក សុីគីរូ អុីម៉ាមូរ៉ា គ្រូបង្វឹកចាំផ្ទះលោក សូតា ណាកាហ្កាវា និងគ្រូបង្វឹកជនជាតិជប៉ុនចូលរួមដាក់ពិន្ទុដោយសុក្រឹត។
ព្រឹត្តិការណ៍សំខាន់នៃការប្រកួតនេះមិនត្រឹមតែផ្ដោតលើការឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្ហាញពីស្មារតី បច្ចេកទេសដាវ និងចលនារាងកាយដែលត្រូវតែស៊ីចង្វាក់គ្នាតែមួយ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញពេញមួយព្រឹកក្លឹបកេនដូភ្នំពេញបានរកឃើញកីឡាករ-កីឡាការិនីដែលជាម្ចាស់ជ័យលាភីពីការប្រកួតកម្រិតដំបូង គឺ លាភ សម្បត្តិ និង ឈួន ច័ន្ទម៉ូលីកា។ ចំណែកឯការប្រកួតស្រ្តីទោលម្ចាស់ជើងឯកលេខមួយក្នុងព្រឹត្តិការណ៍បនេះបានទៅកីឡាការនី ហេង ឆេងលីន និងចំណាក់ថ្នាក់លេខពីរបានទៅលើកីឡាការនី ឌី សុផា។
ការប្រកួតជើងឯកផ្នែកបុរសម្ចាស់ជ័យលាភីលេខមួយបានទៅកីឡាករ វេង សៀវឡុង ចំណាក់ថ្នាក់លេខពីរបានទៅកីឡាករ នីកូឡៃ គុចគីន និងចំណាក់ថ្នាក់លេខបី កីឡាករ វេង សេងហុត។ ចំណែកឯការប្រកួតកម្រិតជាន់ខ្ពស់ (ដាន់) ម្ចាស់ជ័យលាភីលេខមួយបានទៅកីឡាករជនជាតិជប៉ុនកម្រិន៤ដាន់ ម៉ាសាហ៊ីរ៉ូ យ៉ាហ្គី ម្ចាស់ជ័យលាភីលេខពីរបានទៅលើកីឡាករជនជាតិជប៉ុនវ័យ២១ឆ្នាំ កម្រិត៤ដាន់ ហ៊ីរ៉ូតូ អាអូគី និងលេខបីបានទៅលើកីឡាករជនជាតិជប៉ុន រីយ៉ូតា អ៊ីស៊ីហារ៉ា កម្រិត៣ដាន់។
គួរបញ្ជាក់ថា កេនដូ គឺជាសិល្បៈក្បាច់គុនជប៉ុនសម័យទំនើបមានដើមកំណើតមកពីកេនជូតស៊ូដោយប្រើប្រាស់ដាវឫស្សី និងគ្រឿងសឹកការពារ។ វាជាកីឡាលំហាត់ដាវរបស់អ្នកចម្បាំងសាមូរ៉ៃ ហើយសព្វថ្ងៃនេះកីឡានេះត្រូវបានហាត់យ៉ាងទូលំទូលាយនៅក្នុងប្រទេសជប៉ុន និងបានរីករាលដាលដល់ប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក។ សារៈប្រយោជន៍នៃការហ្វឹកហាត់ប្រភេទកីឡាកេនដូនេះ គឺទទួលបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត កម្លាំងមាំមួន ប្រាជ្ញាវាងវៃ មានវិន័យល្អព្រមទាំងរួមចំណែកកសាងធនធានមនុស្ស និងសង្គមជាតិ៕
រូបភាពដោយ៖ ស្រី គំនិត និងសាន់តេរីអូ ជូលៀន បេកឃើរ
















