ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ រដ្ឋាភិបាលជប៉ុនបានចុះកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ចំនួនពីរទៅឱ្យគម្រោងស្ដារប្រព័ន្ធធារាសាស្ត្រអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យដែលមានថវិកាចំនួន ២២០,២១៦ ដុល្លារ អាមេរិក និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីដើម្បីសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានចំនួនថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិក។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័លោក ឌឹម នី អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងលោក ឡាយ សុទ្ធី ប្រធានស្ដីទីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ។
ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថ្លែងប្រាប់ថា រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក រដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណ៌ មានន័យថា «ឬសស្មៅ» ក្នុងភាសា ជប៉ុន ហើយក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណ៌។
សម្រាប់គម្រោងទី១ ដែលនឹងអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ២២០,២១៦ ដុល្លារអាមេរិក (ពីររយម្ភៃពាន់ពីររយដប់ប្រាំមួយដុល្លារ អាមេរិក) សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។
ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថា៖ «គម្រោងនេះនឹងរួមចំណែកដល់ការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពដល់ប្រជាជនមូលដ្ឋានប្រមាណ ៦,០០០នាក់ នៅទូទាំង ៦ភូមិដែលនាំមកនូវការកែលម្អរផលិតកម្មកសិកម្ម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋាភិបាលជប៉ុនរំពឹងថា គម្រោងនេះនឹងគាំទ្រដល់ឱកាសការងារផ្នែកកសិកម្មសម្រាប់ ប្រជាជនកម្ពុជាដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយសារស្ថានភាពព្រំដែនកម្ពុជា-ថៃ»។
សម្រាប់គម្រោងទី២ ដែលនឹងអនុវត្តដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិក (ប៉ែតសិបមួយពាន់ប្រាំមួយរយប៉ែតសិបប្រាំបីដុល្លារអាមេរិក) ដើម្បីសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្មីៗ។
ឯកអគ្គរាជទូតបនថែមថា៖ «អន្តេវាសិកដ្ឋាននឹងផ្ដល់ឱ្យនិស្សិតស្រីនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ហើយឧបករណ៍ដែលនឹងជួយពួកគេក្នុងការថ្មីនឹងផ្តល់ឱ្យនិស្សិតទាំងអស់នូវឱកាស ដើម្បីរៀននូវជំនាញវិជ្ជាជីវៈនានា ស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា»។
គម្រោងគូសាណូណរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋានជំនួយឥតសំណងគូសាណូណ៌មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ។
ជំនួយឥតសំណងគូសាណូណិក៏ផ្តោតលើការអភិវឌ្ឍនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៧២លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីគាំទ្រពួកគេក្នុងការអនុវត្តគម្រោងគូសាណូណជាង ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី








