ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការពង្រឹងសិទ្ធិអំណាចដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (QIP) ដែលមានគោលបំណងពង្រឹងសិទ្ធិអំណាចដល់យុវជនដែលជួបបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សានៅតាមសាលារៀន និងពន្ធនាគារតាមរយៈការកសាងសមត្ថភាពអ្នកជំនាញសុខភាពផ្លូវចិត្តនៅកម្ពុជាដោយផ្អែកលើអន្តរាគមន៍សមស្របតាមវប្បធម៌។
គម្រោងបានផ្តល់ផលប្រយោជន៍ដល់យុវជនដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងពិការភាពក្នុងការសិក្សារួមទាំងអ្នកនៅតាមសាលារៀន និងពន្ធនាគារ។ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH) គឺជាស្ថាប័នមួយដែលត្រូវបានបង្កើតឡើង តាមរយៈកិច្ចសហការរួមគ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការការីតាស។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត J. Bhoomikumar នាយក និងជាទីប្រឹក្សាគ្រូពេទ្យចិត្តសាស្រ្តកុមារនៃ CCAMH និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខាធ្វើឡើងក្រោមអធិបតេយ្យភាពរបស់ឯកឧត្តម ស្រ៊ី ថាមារុង្គ ទេសរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និង លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានលើកឡើងថា៖ «គម្រោងផ្តល់ផលរហ័ស (QIP) មានគោលបំណងពង្រឹងជំនាញរបស់អ្នកជំនាញសុខភាពផ្លូវចិត្តនៅទូទាំងវិស័យតាមរយៈការផ្តល់ការណែនាំអំពីវិធីសាស្រ្តសមស្របតាមវប្បធម៌ ដូចជា វិបស្សនាសមាធិ និងការកែលម្អភាពធន់នឹងសហគមន៍»។
លោកបានបញ្ជាក់ថា៖ «គម្រោងនេះស្របតាមអាទិភាពរបស់កម្ពុជាក្នុងការពង្រីកសេវាសុខភាពផ្លូវចិត្តដែលមានលក្ខណៈរួមបញ្ចូល និងឆ្លើយតបចំពោះតម្រូវការរបស់យុវជនដែលងាយរងគ្រោះ»។
លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកពីភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសឥណ្ឌា និងមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ (CCAMH)។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ប្រទេសឥណ្ឌាបានគាំទ្រ CCAMH តាមរយៈការផ្តល់ឧបករណ៍វេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងក្រុមគ្រូពេទ្យឥណ្ឌាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពវិស័យសុខភាពផ្លូវចិត្តនៅកម្ពុជា។ ព្រឹត្តិការណ៍សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការនេះ គឺការពង្រីកមជ្ឈមណ្ឌលក្រោមមូលនិធិឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង (IBSA) ដែលបានពង្រឹង CCAMH ឱ្យក្លាយជាស្ថាប័នឈានមុខគេក្នុងវិស័យសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់នៅកម្ពុជា។
រូបភាពដោយ៖ សហការី









