ភ្នំពេញ៖ ស្ថានទូតអាមេរិកបានប្រកាសពីការគាំទ្រដំណើរទស្សនកិច្ចប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) នៅកម្ពុជានៅថ្ងៃទី១ និងថ្ងៃទី២ ខែធ្នូ នេះ ដោយមានក្រុមហ៊ុនអាមេរិកឈានមុខបានជួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ ទស្សនកិច្ចនេះ ជាការបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងផ្តល់ឱកាសសំខាន់ៗ ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
គណៈប្រតិភូដែលមានតំណាងពីក្រុមហ៊ុនជាសមាជិកចំនួន១២ ក្នុងវិស័យសំខាន់ៗ រួមមាន សុខាភិបាល ថាមពល ទំនិញសេវាឌីជីថល សេវាហិរញ្ញវត្ថុ និងផ្នែកបដិសណ្ឋារកិច្ចបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងរបស់អាជីវកម្មអាមេរិកចំពោះសេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានកំណើនយ៉ាងលឿន។
តំណាងស្ថានទូតអាមេរិក និង គណៈប្រតិភូ USABC បានកោតសរសើរការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈដំណើរការនៃកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន សហរដ្ឋអាមេរិក និងកម្ពុជា។ កិច្ចសន្ទនានេះ បង្ហាញពី ភាពរីកចម្រើនជាវិជ្ជមាន ក្នុងការលើកកម្ពស់តម្លាភាព កាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម និងបង្កើតឱកាសប្រកួតប្រជែងស្មើគ្នាសម្រាប់ក្រុមហ៊ុនអាមេរិក។
សហរដ្ឋអាមេរិកនៅតែជាបណ្តាញទីផ្សារធំបំផុតរបស់កម្ពុជាហើយការវិនិយោគរបស់អាមេរិកបច្ចុប្បន្នបានគាំទ្រដល់ការងារជាងមួយលានកន្លែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនអាមេរិកត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនស្តង់ដារកម្រិតខ្ពស់របស់ពិភពលោកដោយគោរពតាមច្បាប់ជាតិ និងអន្តរជាតិផ្តល់ជូននូវផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ព្រមទាំងរួមចំណែកដល់សហគមន៍តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ និងមានគំនិតផ្តួចផ្តើមលើការងារទំនួលខុសត្រូវសង្គម។
ទស្សនកិច្ចរបស់គណៈប្រតិភូ USABC មកកាន់ប្រទេសកម្ពុជាកើតឡើងក្នុងពេលដែលទំនាក់ទំនងទ្វេភាគីអាមេរិក និងកម្ពុជាកំពុងរឹងមាំជាងមុន។ ទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ពិសេសនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងកូឡាឡាំពួរដោយប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការកាត់បន្ថយអាករនាំចូលលើទំនិញដែលមានប្រភពពីអាមេរិកភាគច្រើន និងការប្តេជ្ញារបស់កម្ពុជាក្នុងការដោះស្រាយរបាំងទីផ្សារបានជំរុញឱ្យមានការនាំចេញពីអាមេរិកមកកម្ពុជាកាន់តែកើនឡើង។
បន្ថែមពីនេះស្ថានទូតអាមេរិកបន្តប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពន្ធបដិកាឱ្យបានពេញលេញ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគសម្រាប់សម្បត្តិរួម៕
រូបភាពដោយ៖ សហការី








