ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំពិធីប្រគល់លិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុនជូនលោក សាកាណុ អឺសស ដើម្បីទទួលស្គាល់នូវការរួមចំណែករបស់លោកស្តីពីការជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជានៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន។ លិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុន គឺសម្រាប់ប្រគល់ជូនបុគ្គល និងក្រុមដែលមានស្នាដៃក៏ដូចជាសមិទ្ធិផលឆ្នើមលើវិស័យអន្តរជាតិដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់លើការជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។
នាឱកាសនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចូលរួមអបអរសាទរដល់លោក សាកាណុ អ៊ីសសេ ដែលទទួលបានលិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុនឆ្នាំ ២០២៥។ ឯកអគ្គរាជទូតបានប្រាប់ពីស្នាដៃរបស់លោក សាកាណុ អ៊ីសសេ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាក្នុងវិស័យច្បាប់ និងយុត្តិធម៌ដែលជាហេតុផលដែលលោកទទួលបានសិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន។
បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលោក សាកាណូ បានបង្កើតទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការបម្រើការជាអ្នកស្ម័គ្រចិត្តសម្រាប់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ និងជាបុគ្គលិកគម្រោងនៃអង្គការមិនមែនរដ្ឋាភិបាលមួយនៅកម្ពុជា។ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៨ លោក សាកាណូ បានមកប្រទេសកម្ពុជាក្នុងនាមជាអ្នកជំនាញ JICA រយៈពេលវែង ហើយទទួលបន្ទុកក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត ថ្លែងថា៖ «លោក សាកាណូ បានមកប្រទេសកម្ពុជាជាអ្នកជំនាញ JICA រយៈពេលវែង ម្តងទៀតនៅឆ្នាំ២០០៤ ហើយទទួលបន្ទុកក្នុងដំណាក់កាលទី២ និងទី៣ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌។ លោក សាកាណូ បានខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ នៅប្រទេសកម្ពុជារួមទាំងក្រមរដ្ឋប្បវេណី និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌រយៈពេលសរុបជាង១០ឆ្នាំ»។
លោកបានបម្រើការជាទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ហើយបន្តចូលរួមយ៉ាងសកម្មក្នុងការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិដូចជាច្បាប់ភូមិបាលជាដើម។ លោកក៏បានចូលរួមចំណែកយ៉ាងច្រើនដល់ការយោគយល់គ្នារវាងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាតាមរយៈការធ្វើបាឋកថានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុនអំពីបទពិសោធន៍របស់លោកផ្ទាល់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌របស់ប្រទេសកម្ពុជា និងប្រព័ន្ធច្បាប់នៅកម្ពុជាផងដែរ។
សមិទ្ធផលជាច្រើនឆ្នាំរបស់លោក សាកាណូ នៅកម្ពុជាគឺជានិមិត្តរូបនៃការគាំទ្ររបស់ប្រទេសជប៉ុនចំពោះការកសាងប្រទេសជាតិរបស់កម្ពុជាដែលលោកបានចូលរួមចំណែក មិនត្រឹមតែក្នុងវិស័យច្បាប់ និងយុត្តិធម៌ប៉ុណ្ណោះទេរួមទាំងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទាំងមូលផងដែរ។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងការគោរពដល់សមិទ្ធផលជាច្រើនឆ្នាំរបស់លោក សាកាណូ និងសូមជូនពរឱ្យលោកទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចថែមទៀតនាពេលអនាគត»។
ឆ្លៀតឱកាសនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្រាប់ឱ្យដឹងពីជំនួយដែលប្រទេសជប៉ុនជួយដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រព័ន្ធច្បាប់រយៈពេលជាង ២៥ឆ្នាំ នេះ ជាចំណែកនៃការកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក សាកាណូ និងភាគីពាក់ព័ន្ធទាំងអស់នៃប្រទេសទាំងពីរដែលមានវត្តមានល្ងាចនេះ។
លោកសង្ឃឹមថាការប្រគល់លិខិតសរសើរពីរដ្ឋមន្ត្រីការបរទេសជប៉ុនដល់លោក សាកាណូ នេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌រួមទាំងនាំទៅរកការអភិវឌ្ឍបន្ថែមទៀតនៃប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់ប្រទេសកម្ពុជា។
មិនត្រឹមតែជួយក្នុងវិស័យច្បាប់ និងយុត្តិធម៌នោះទេ លោក សាកាណូ ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរដោយលោកបានដឹកនាំក្នុងក្រុមចម្រៀងជាក្រុម Phnom Penh Singers ហើយក្រុម Phnom Penh Singers ក៏បានសម្តែងចម្រៀងជាក្រុមនៅក្នុងយប់កម្មវិធីប្រគល់លិខិតសរសើរផងដែរ៕
រូបភាពដោយ៖ ទុយ អេងលី និងសហការី












