ស្ថានទូតបារាំងនៅកម្ពុជាបានរៀបចំពិធីអបអរទិវាអន្តរជាតិនៃគ្រូបង្រៀនភាសាបារាំងលើកទី៧

ភ្នំពេញ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំពិធីជួបជុំមួយដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងចំនួន២០០នាក់មកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាក្នុងឱកាសទិវាពិភពលោកនៃគ្រូបង្រៀនភាសាបារាំង ដែលត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោកអស់រយៈពេល៧ឆ្នាំជាប់គ្នាមកហើយ។ ការបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ទិវានេះមានគោលដៅអបអរគ្រូបង្រៀនភាសាបារាំងក្នុងនាមជាតួអង្គសំខាន់នៃការលើកស្ទួយ និងលើកតម្កើងកិត្យានុភាពភាសាបារាំងនៅលើពិភពលោក។

នៅកម្ពុជាគ្រឹះស្ថានសាកលវិទ្យាល័យឈានមុខជាច្រើនផ្តល់ការបណ្តុះបណ្តាលជាភាសាបារាំងលើមុខជំនាញផ្សេងៗ ដូចជា  សុខាភិបាល នីតិសាស្រ្ត វិស្វកម្ម ឌីជីថល និងមុខជំនាញយោធា។ ជាងនេះទៅទៀតភាសាបារាំងត្រូវបានបង្រៀនដល់សិស្សា​នុសិស្សប្រមាណ៣០០០នាក់នៃថ្នាក់ពីរភាសា និងត្រូវបានបង្រៀនជាជីវៈភាសាដល់សិស្សានុសិស្សប្រមាណ ២២ ៥០០នាក់ ដែលសិក្សានៅតាមបណ្តាគ្រឹះស្ថានសាធារណៈកម្ពុជាជាច្រើន។ ភាសានេះក៏ត្រូវបានបង្ហាត់បង្រៀននៅតាម​បណ្តាគ្រឹះស្ថានមធ្យមសិក្សាឯកជនជាច្រើនផងដែរ។ ម៉្យាងវិញទៀត ប្រទេសកម្ពុជាមានគ្រឹះស្ថានសិក្សាចំនួន១៥ដែលជាដៃគូទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។

The French Embassy in Cambodia organised a celebration of the International Day of French Teachers.ពិធីជួបជុំខាងលើបានប្រព្រឹត្តទៅដោយមានវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវ​ជន និងកីឡា និងលោកឯកអគ្គរដ្ឋទូតបារាំង អូលីវ្យេ រីឆា។ លោកគ្រូ អ្នកគ្រូបានចែករំលែកបទពិសោធន៍របស់ខ្លួនបន្ទាប់ពីបានចូលរួមសមាជិកពិភពលោកនៃគ្រូបង្រៀនភាសាបារាំង និងកម្មសិក្សារយៈពេល ៣សប្តាហ៍នៅទីក្រុង បឺហ្សង់សុង ប្រទេសបារាំងក្នុងក្របខ័ណ្ឌនៃគម្រោងមួយរបស់ស្ថានទូត។ នៅក្នុងពិធីខាងលើក៏មានការចែកសញ្ញាប័ត្រ DELF ជូនដល់លោកគ្រូ អ្នកគ្រូ ជ័យលាភីដែលបានសិក្សាវគ្គត្រៀមប្រលងសញ្ញាប័ត្រនេះតាមរយៈជំនួយហិរញ្ញវត្ថុពីស្ថានទូតបារាំង និងដែលបានចូលរួមល្បែងសំណួរចម្លើយពាក់ព័ន្ធនឹងបទចម្រៀងជាភាសាបារាំង ដោយមានទំនាក់ទំនងជាមួយប្រធានបទដែលត្រូវបានជ្រើសរើសនៅឆ្នាំនេះសម្រាប់ទិវាគ្រូបង្រៀនភាសាបារាំង៖ «ច្រៀង លេង បង្រៀន ហ្រ្វង់កូហ្វូនីតាមរយៈចម្រៀង និងតន្ត្រី»។

អស់រយៈពេលបីឆ្នាំមកហើយ ស្ថានទូតបារាំងប្រចាំកម្ពុជាបាន និងកំពុងដឹកនាំគម្រោងផ្តល់ការគាំទ្រដល់ការបង្ហាត់បង្រៀនភាសាបារាំងដែលបានផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូប្រមាណ ៥០០នាក់ ទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង ក៏ដូចជានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅប្រទេសកម្ពុជា។ ប្រទេសបារំាងក៏បន្តការគាំទ្រដល់ការបង្រៀនថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសាបារាំងនៅវិទ្យាស្ថានជាតិអប់រំផងដែរ ដែលជាការបណ្តុះបណ្តាលតែមួយគត់ក្នុងកម្រិតនេះសម្រាប់គ្រូបង្រៀនភាសាបារាំង។ ជាងនេះទៅទៀតដោយមានការសហការពីហ្វ្រង់វ៉ូឡុងទែរ ការគាំទ្រខាងលើប្រព្រឹត្តទៅដោយមានការបញ្ជូនលោកគ្រូ អ្នកគ្រូ ក្នុងនាមជា «អ្នកស្ម័គ្រចិត្តហ្វ្រង់កូហ្វូនី» ឱ្យទៅបំពេញការងារស្ម័គ្រចិត្តនៅប្រទេសបារាំង ក៏ដូចជាការលើកតម្កើងភាសាបារាំងជាភាសាមួយដើម្បីទទួលបានការងារ និងប្រកបដោយគុណតម្លៃខ្ពស់សម្រាប់យុវជន យុវនារីកម្ពុជា ក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារ AUF។ ប្រទេសបារាំងនឹងបន្តការគាំទ្ររបស់ខ្លួនដល់ហ្រ្វង់កូហ្វូនីក្នុងចក្ខុវិស័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦៕

រូបភាពដោយ៖ សហការី

The French Embassy in Cambodia organised a celebration of the International Day of French Teachers.The French Embassy in Cambodia organised a celebration of the International Day of French Teachers.

 

LEAVE A REPLY

Please enter your comment!
Please enter your name here