ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានដែលបង្កើតឡើងក្រោមការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងគម្រោងផ្តល់ជូនផលរហ័សត្រូវបានសម្ពោធអោយដំណើរការនៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រី។ ពិធីនេះមានការចូលរួមពីសម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលជាសម្តេចព្រះសង្ឃនាយករងនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរគ្រីក៏ដូចជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា ប៊យធ្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះថេរានុត្ថេរៈ ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និងនិស្សិត ជាច្រើនអង្គ នាក់។
នៅក្នុងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូត វ៉ាន់ឡាល់វ៉ាវណា ប៊យធ្លុង បានគូសបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ឥណ្ឌាក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា និងពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត វ៉ាន់ឡាល់វ៉ាវណា ប៊យធ្លុង ថ្លែងថា៖ «អស់រយៈពេលជាច្រើនសតវត្សមកនេះ ព្រះពុទ្ធសាសនាជាស្ពានតភ្ជាប់ចិត្តគំនិតវប្បធម៌រវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជារួមទាំងបានធ្វើឱ្យការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យានៅក្នុងសាកលវិទ្យាល័យពុទ្ធសាសនាមួយ»។
លោកបានបន្តទៀតថា៖ «មជ្ឈមណ្ឌលនេះនឹងផ្តល់ជូនជំនាញឌីជីថលសំខាន់ៗ ដល់ព្រះសង្ឃ គ្រូបង្រៀន និងនិស្សិត ដើម្បីពង្រីកលទ្ធភាពទទួលបានធនធានសិក្សាសកល និងគាំទ្រដល់ការធ្វើសមាហរណកម្មចំណេះជាមួយនឹងបច្ចេកវិទ្យាទំនើប»។
លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកផងដែរថា ប្រទេសឥណ្ឌាធ្លាប់បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅសាកលវិទ្យាល័យពុទ្ធសាសនាសីហមុនីរាជនៅភ្នំពេញ និងបាត់ដំបង ព្រោះថាមជ្ឈមណ្ឌលសិក្សាឌីជីថលអាចជួយលើកកម្ពស់ការផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យានៅកម្ពុជាផងដែរ។ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌាផ្តល់ជំនួយឥតសំណងដើម្បីអនុវត្តគម្រោងផលប៉ះពាល់រហ័សចំនួន ១០ គម្រោងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាផ្តោតលើវិស័យអាទិភាពដូចជា ការអប់រំ សុខភាព ការផ្តល់អំណាចដល់ស្ត្រី អនាម័យ និងកសិកម្ម។ រហូតមកដល់បច្ចុប្បន្នប្រទេស ឥណ្ឌាបានផ្តល់ជំនួយឥតសំណងជាសរុបចំនួន ៦៤ គម្រោងនៅកម្ពុជាដែលក្នុងនោះ ៤៧ គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈដែល ១៧ គម្រោងទៀតស្ថិតក្នុងការអនុវត្ត៕
រូបភាពដោយ៖ សហាការី









