ភ្នំពេញ៖ សមាជិកសភា Adam Smith មកពីគណបក្សប្រជាធិបតេយ្យដែលជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកងទ័ពសភាសហរដ្ឋអាមេរិកបានដឹកនាំគណៈប្រតិភូសភាមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាថ្ងៃទី២៦ និង២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពង្រឹងភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជា និងជំរុញអាទិភាពរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានសុវត្ថិភាព និងភាពរឹងមាំ។
គណៈប្រតិភូនេះរួមមានសមាជិកសភា Michael Baumgartner នៃគណបក្សសាធារណរដ្ឋមកពីគណៈកម្មាធិការកិច្ចការបរទេស សមាជិកសភា Chrissy Houlahan នៃគណបក្សប្រជាធិបតេយ្យមកពីគណៈកម្មាធិការសេវាកងទ័ព លោក Brian Garrett ប្រធានផ្នែកបុគ្គលិកសម្លេងភាគតិចក្នុងគណៈកម្មាធិការកងទ័ព លោក Mark Morehouse លោក Michael Hermann បុគ្គលិកអាជីពនៃគណៈកម្មាធិការកងទ័ព លោកស្រី Catalina Delgado និងលោក Harris Laughrey កងទ័ពម៉ារីនអាមេរិកមកពីផ្នែកទំនាក់ទំនងនីតិកម្មក្នុងសភា។
ទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរឹងមាំជាមួយកម្ពុជាដោយដោះស្រាយបញ្ហាប្រឈមជាសាកលដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភាពតំបន់ និងកិច្ចសហការប្រតិបត្តិការផ្នែកសន្តិសុខ។ គណៈប្រតិភូបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង។
លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker បានមានប្រសាសន៍ថា៖ «ទស្សនកិច្ចនេះរបស់គណៈប្រតិភូ បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់សហរដ្ឋអាមេរិកក្នុងការកសាងអនាគតមួយរឹងមាំ មានសុវត្ថិភាព និងវិបុលភាព សម្រាប់ប្រទេសទាំងពីររបស់យើង។ កម្ពុជាជាដៃគូសំខាន់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយការពិភាក្សារបស់យើងផ្តោតលើការជំរុញគោលដៅរួមដែលរួមមានសន្តិសុខតំបន់ ការលូតលាស់សេដ្ឋកិច្ច និងការលើកស្ទួយគុណតម្លៃរួម»។
ក្នុងពេលទស្សនកិច្ចគណៈប្រតិភូបានជួបប្រជុំជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គណៈប្រតិភូក៏បានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃស្ថានទូតសហរដ្ឋ អាមេរិកនៅភ្នំពេញផងដែរ។ លោកសមាជិកសភា Smith និងគណៈប្រតិភូក៏បានជួបជាមួយសហគមន៍អ្នកជំនួញអាមេរិកនៅកម្ពុជាផងដែរដើម្បីស្វែងយល់ឱកាសក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
វិស័យផ្តោតសំខាន់ៗនៅក្នុងទស្សនកិច្ចរួមមាន៖
- សន្តិភាព និងសន្តិសុខតំបន់៖ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលមានដូចជាសន្តិសុខលំហសមុទ្រ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការធានាថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។
- ការងារកម្ចាត់មីន និងការងារផ្នែកមនុស្សធម៌៖ សហរដ្ឋអាមេរិក គាំទ្រដល់ការប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាត មីន ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនៃប្រជាជនកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ គណៈប្រតិភូបានទស្សនាវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីននៅក្នុងខេត្តកំពង់ឆ្នាំង។
- កំណើនសេដ្ឋកិច្ច៖ បង្កើនឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលបង្កើតការងារ និងជំរុញឱ្យមានវិបុលភាពសម្រាប់ប្រទេសទាំងពីរដោយរួមមានការពិភាក្សាជាមួយមន្ត្រីកម្ពុជា សហគមន៍នៃអ្នកជំនួញអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា៕
រូបភាពដោយ៖ សហការី








