ភ្នំពេញ៖ បន្ទាប់ពីការជួយជ្រោមជ្រែងរយៈពេលពេញមួយឆ្នាំកម្មវិធី «ចតុ» នឹងអបអរជោគជ័យរបស់ខ្លួនដោយមានការរៀបចំព្រឹត្តិការណ៍ពិសេសនៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខចាប់ពីម៉ោង ១៧៖០០ ដល់ម៉ោង ២២៖០០ នៅវិទ្យាស្ថានបារាំងនៅកម្ពុជា។ ព្រឹត្តិការណ៍ដ៏ឱឡារិកនេះនឹងត្រូវបានរៀបចំឡើងដើម្បីអបអរការបិទជាផ្លូវការនូវកម្មវិធី «ចតុ» ហើយនឹងមានបង្ហាញភាពច្នៃប្រឌិតនានារបស់យុវជន យុវនារីកម្ពុជា៦០រូបប្រកបដោយទេពកោសល្យ។
ដោយទទួលបានហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំងដែលបានស្នើឡើងដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា គម្រោង «ចតុ» បានបិទបញ្ចប់ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងភាពជាដៃគូជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodia Living Arts) គម្រោងប្រកបដោយគោលដៅនេះបានជួយពង្រឹងសមត្ថភាពរបស់យុវជន យុវនារីមានគំនិតច្នៃប្រឌិតនៅក្នុងវិស័យសំខាន់ៗ ចំនួន ៤គឺ៖ សៀវភៅរឿងអមដោយរូបភាព ភាពយន្ត តន្ត្រី និងរបាំ។
ការបណ្តុះបណ្តាលរយៈពេលពេញមួយឆ្នាំបានជួយឱ្យអ្នកចូលរួមពង្រឹង និងដុសខាត់សមត្ថភាពច្នៃប្រឌិត និងបច្ចេកទេសរបស់ខ្លួនដោយរក្សាបាននូវលក្ខណៈពិសេសរបស់ពួកគេ។ វិធីសាស្រ្តនេះបានជួយសម្រួលដល់ការច្នៃប្រឌិតដែលស្ថិតក្នុងនិរន្តរភាពផ្នែកវប្បធម៌របស់កម្ពុជាដោយបើកទូលាយសម្រាប់ឥទ្ធិពលសហសម័យ។
វគ្គបណ្តុះបណ្តាលខាងលើបានបង្កើតឱ្យមានវណ្ណកម្មមួយចំនួនរួមមាន៖ ភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿងអមដោយរូបភាព៦រឿង (ដែលរឿងទីមួយនឹងត្រូវដាក់លក់នៅថ្ងៃទី៣ ខែតុលា) រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន៧រឿង ចម្រៀង៨បទ និងតន្ត្រីសម្រាប់ភាពយន្តខ្នាតខ្លី៤បទ។ ស្នាដៃច្នៃប្រឌិតទាំងនេះនឹងត្រូវបានផ្សព្វផ្សាយក៏ដូចជាបណ្តុះគំនិត ដោយនឹងបន្សល់ទុកនូវមរតករូបិយសម្រាប់មជ្ឈដ្ឋានច្នៃប្រឌិតកម្ពុជា។
ក្នុងឱកាសរាត្រីអបអរព្រឹត្តិការណ៍បិទកម្មវិធីខាងលើវិទ្យាស្ថានបារាំងនៅកម្ពុជានឹងប្រែក្លាយជាមហោស្រពនៃភាពច្នៃប្រឌិតសិល្បៈដែលសាធារណជនអាចស្វែងយល់ដោយសេរីអំពីស្នាដៃទាំងនេះនៅក្នុងលម្ហទាំងអស់នៃវិទ្យាស្ថាន។
លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «ក្នុងអំឡុងពេលមួយឆ្នាំ កម្មវិធី ចតុ បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពច្នៃប្រឌិត និងភាពរស់រវើកនៃភាពច្នៃប្រឌិតរបស់យុវជន យុវនារីកម្ពុជា។ ក្រោមការជួយជ្រោមជ្រែងពីអ្នកជំនាញជនជាតិបារាំង សិក្ខាកាមទាំង៦០រូបប្រកបដោយទេពកោសល្យទាំងនេះ បានបង្កើតស្នាដៃបែបខ្មែរប្រកបដោយភាពច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលេចធ្លោរបស់សិល្បករ សិល្បការិនីជំនាន់ថ្មី»។
គំនិតផ្តួចផ្តើមនេះស្ថិតក្នុងកិច្ចសហប្រតិបត្តិការបារាំងកម្ពុជារយៈពេលយូរដែលមានគោលដៅផ្តល់ការគាំទ្រដល់ឧស្សាហកម្ម វប្បធម៌ និងច្នៃប្រឌិតនៅក្នុងស្រុកក៏ដូចជាពង្រឹងបម្លាស់ប្តូរផ្នែកសិល្បៈរវាងប្រទេសទាំងពីរ។ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ជាស្នូលនៃគោលនយោបាយការបរទេសបារាំង។ ជាមួយមូលនិធិ Equipe France Création ប្រទេសបារាំងផ្តល់ការគាំទ្រដល់គម្រោងជាច្រើននៅលើពិភពលោក។ នៅកម្ពុជាប្រទេសបារំាងដើរតួនាទីសំខាន់តាមរយៈវិទ្យាស្ថានបារាំងដែលជាលម្ហវប្បធម៌ពហុវិស័យដែលមានតែមួយគត់នៅកម្ពុជាដោយចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងលើកស្ទួយយុវជន យុវនារីកម្ពុជាក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកដុះដាលទាំងនេះ។
រួបភាពដោយ៖ សហការី









