ភ្នំពេញ៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៧៥០០នាក់កាលពីឆ្នាំមុនស្ថានទូតបារំាងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀលក្នុងឱកាសទិវាបេតិកភណ្ឌ។
ព្រឹត្តិការណ៍ខាងលើនឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានាដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត៥ហិកតាដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយសម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះជាមួយដើមឈើប្រមាណ២០០ដើមសិ្ថតក្នុង៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង ២៥០ប្រភេទក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗ នេះ។
សកម្មភាពនានាដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ និងសត្វក្នុងឧទ្យានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្រៅពីនេះ សាធារណជននឹងអាចទស្សនាកន្លែងចងចាំប្រវត្តិសាស្រ្តមួយនោះ គឺអតីតទ្វាររបងរបស់ស្ថានទូតដែលជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។ ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំងបច្ចុប្បន្នទិវាបេតិកភណ្ឌត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសជាង៥០។ ទិវានេះអនុញ្ញាតឱ្យសាធារណជនចូលទៅទស្សនាស្វែងយល់អំពីទីកន្លែងនានាដែលជាធម្មតាត្រូវបានបិទមិនឱ្យចូលទស្សនា។
ការទស្សនាស្ថានទូតបារាំងធ្វើឡើងដោយមិនគិតថ្លៃ និងពុំចាំបាច់ចុះឈ្មោះជាមុនប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ដោយសារហេតុផលសន្តិសុខកាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។
ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយម៉ោងទស្សនាក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។ បន្ទាប់ពីទិវាបេតិកភណ្ឌខាងលើឧទ្យានស្ថានទូតនឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខពោល គឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័ពណ៌ផ្សារបារាំង៕
រូបភាពដោយ៖ សហការី










