បន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក្នុងអំឡុងពេលសុន្ទរកថានៅឯពិធីបុណ្យឯករាជ្យលើកទី៧៩ នៃសាធារណរដ្ឋឥណ្ឌានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលឥណ្ឌាបានដាក់ចេញនូវកំណែទម្រង់សំខាន់ៗនៅក្នុងពន្ធទំនិញនិងសេវាកម្ម (GST) កាលពីសប្តាហ៍មុន។
នៅក្នុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Modi បាននិយាយថា៖ «រដ្ឋាភិបាលនឹងនាំមកនូវកំណែទម្រង់ GST ជំនាន់ក្រោយដែលនឹងកាត់បន្ថយបន្ទុកពន្ធលើប្រជាពលរដ្ឋទូទៅ»។ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា៖ «កំណែទម្រង់នេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋទូទៅកសិករ សហគ្រាសធុនតូច និងមធ្យម ស្ត្រីយុវជន និងគ្រួសារវណ្ណៈកណ្តាល ខណៈដែលកំពុងតែមានការពង្រឹងកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ឥណ្ឌា»។
ប្រព័ន្ធ GST ដែលត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៧ បន្ទាប់មកគឺជាជំហានបដិវត្តន៍មួយក្នុងការទទួលយកទិដ្ឋភាពសារពើពន្ធរបស់ឥណ្ឌាទៅកាន់កម្រិតថ្មីមួយទៀតដោយរួមបញ្ចូលរដ្ឋផ្សេងៗ និងពន្ធរដ្ឋាភិបាលកណ្តាលដោយបំពេញគោលបំណងសំខាន់នៃ «ជាតិសាសន៍តែមួយ»។
កំណែទម្រង់ពន្ធដារចុងក្រោយបង្អស់របស់ប្រទេសឥណ្ឌាដែលត្រូវបានគេស្គាល់ថាជា GST ២.០ គឺជាកំណែទម្រង់ជំនាន់ក្រោយដែលផ្តោតជាចម្បងលើការផ្តល់ការសង្គ្រោះដែលផ្តោតលើពលរដ្ឋ ហើយវាបានកាត់បន្ថយបន្ទុកពន្ធដារលើប្រជាពលរដ្ឋទូទៅក្រៅពីការសម្រួលច្បាប់គ្រប់គ្រងការបង់ពន្ធនៅក្នុងប្រទេសឥណ្ឌា។ វាក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជាកម្លាំងចលករណ៍យ៉ាងខ្លាំងក្លាដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាទាំងមូលដោយសារការចូលប្រើប្រាស់ទំនិញ និងសេវាកម្មកាន់តែងាយស្រួលនឹងជំរុញការប្រើប្រាស់ ហើយដោយហេតុនេះអាចបន្សាបអតិផរណា និងជំរុញកំណើនសេដ្ឋកិច្ច។
កំណែទម្រង់ប្រព័ន្ធ GST បានផ្តល់សនិទានភាពបន្ថែមទៀតដល់រចនាសម្ព័ន្ធពន្ធដាររបស់ឥណ្ឌាដែលនាំមកនូវភាពសាមញ្ញ និងបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធផងដែរ។ កំណែទម្រង់នេះក៏នឹងដកចេញនូវភាពស្មុគស្មាញមួយចំនួនដែលមាននៅក្នុងប្រព័ន្ធ GST ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ២០១៧ ដោយមានការសម្រួលដល់ការចាត់ថ្នាក់ផលិតផល និងនាំមកនូវភាពច្បាស់លាស់បន្ថែមទៀតចំពោះអត្រាពន្ធ។ មកដល់ចំណុចនេះ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយចំនួនបន្ទះដែលមានស្រាប់ពី ០%, ៥%, ១២%, ១៨% និង ២៨% មកនៅត្រឹម២ បន្ទះធំៗ គឺ ៥% និង ១៨% ប៉ុណ្ណោះ។ លើសពីនេះ វាត្រូវបានកំណត់នូវអត្រាដកគុណតម្លៃ ៤០% សម្រាប់ទំនិញប្រណីត និងទំនិញដទៃទៀតដូចជា ថ្នាំជក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយបន្ទះនេះនឹងប៉ះពាល់ដល់ទំនិញមួយចំនួនតូចប៉ុណ្ណោះ។ ប្រព័ន្ធ GST ដែលបានកែប្រែនឹងចូលជាធរមានចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ការកំណែទម្រង់ប្រព័ន្ធ GST ផ្អែកលើបទពិសោធន៍ដែលទទួលបានពីការអនុវត្តប្រកបដោយជោគជ័យនៃការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ GST របស់ឥណ្ឌាក្នុងរយៈពេល៨ឆ្នាំកន្លងមក។ ក្រៅពីពង្រីកមូលដ្ឋានពន្ធកំណែទម្រង់នឹងផ្តល់សិទ្ធិដល់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនផលិត ជួសជុល ការកែសម្រួលរចនាសម្ព័ន្ធពន្ធបែបបញ្ច្រាស និងគាំទ្រដល់គំនិតផ្តួចផ្តើមការផលិតក្នុងស្រុក (Make in India) របស់រដ្ឋាភិបាល។ វាក៏នឹងនាំមកនូវការប្រើប្រាស់បច្ចេកវិទ្យា IT ថ្មី ដើម្បីសម្រួលដល់ការចុះឈ្មោះ និងការទូទាត់សងប្រាក់វិញព្រមទាំងដាក់ចេញនូវការកាត់បន្ថយហានិភ័យដែលប្រើប្រាស់ដោយបច្ចេកវិទ្យា AI ផងដែរ។
នៅក្រោមប្រព័ន្ធថ្មីនេះ GST សម្រាប់ទំនិញអាហារប្រចាំថ្ងៃជាមូលដ្ឋានដូចជានំប៉័ង និងផលិតផលឥណ្ឌាដូចជាទឹកដោះគោ HTST និងឈីសដែលខ្ចប់រួច (ឈីសឥណ្ឌា) ត្រូវបានកាត់បន្ថយមកត្រឹម ០%។ ទំនិញផ្សេងទៀតដូចជាអាហារខ្ចប់ ប៉ាស្តា កាហ្វេជាដើម ត្រូវបានកាត់បន្ថយពី ១២% ឬ ១៨% មក ៥% ហើយទំនិញប្រើប្រាស់ក្នុងផ្ទះដូចជា សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក និងតុហារ ក៏ត្រូវបានចាត់ថ្នាក់នៅក្រោម ៥% ផងដែរ។ ការកាត់បន្ថយអត្រាពន្ធ GST ក្នុងវិស័យកសិកម្មនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ តាមរយៈការលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការពឹងផ្អែកលើ ការនាំចូល។ ប្រព័ន្ធ GST លើផលិតផលដូចជាត្រាក់ទ័រ និងគ្រឿងបន្លាស់របស់វាត្រូវបានកាត់បន្ថយពី ១២% ឬ ១៨% ទៅ ៥% ក៏ដូចជាលើឧបករណ៍ប្រើប្រាស់សម្រាប់សកម្មភាពកសិកម្មផងដែរ។
លើសពីនេះ ការកាត់បន្ថយអត្រាពន្ធ GST លើសម្ភារសំណង់ ត្រូវបានគេរំពឹងថានឹងជំរុញវិស័យលំនៅដ្ឋាន និងអចលនទ្រព្យដោយសារអត្រាពន្ធលើស៊ីម៉ងត៍ ថ្មម៉ាប ថ្មក្រានីត និងបន្ទះឈើត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ កំណែទម្រង់នេះក៏បានផ្តល់អត្ថប្រយោជន៍ដល់វិស័យសេវាកម្មផងដែរ ដោយសារប្រព័ន្ធពន្ធ GST លើហាងកែសម្ផស្ស កន្លែងហាត់ប្រាណ និងការស្នាក់នៅសណ្ឋាគារត្រូវបានកាត់បន្ថយមកត្រឹម ៥%។ វិស័យវេជ្ជសាស្ត្រ ជាពិសេស ថ្នាំសង្គ្រោះអាយុជីវិត និងផលិតផលធានារ៉ាប់រងសុខភាពត្រូវបានដាក់ក្នុងប្រភេទ លើកលែងហើយនេះនឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពប្រើប្រាស់សម្រាប់ប្រជាជនមួយចំនួនភាគច្រើន។
កំណែទម្រង់នេះនឹងនាំមកនូវវដ្ដនៃការរីកចម្រើន និងធ្វើឱ្យភាពងាយស្រួលក្នុងការរស់នៅប្រសើរឡើង។ វាជាពេលវេលាដែលនឹងនាំមកនូវថាមពលជាថ្មីដល់វិស័យផលិតកម្មដែលជាលទ្ធផលអាចជំរុញការបន្ថែមតម្លៃក្នុងស្រុក និងការនាំចេញ។ កំណែទម្រង់នេះត្រូវបានស្វាគមន៍ដោយអ្នកសេដ្ឋកិច្ច អាជីវកម្ម និងអ្នកប្រើប្រាស់ដូចគ្នា។ កំណែទម្រង់ប្រពន្ធអត្រាពន្ធ GST នៅក្នុងប្រទេសឥណ្ឌាពិតជានឹងផ្តល់ឱកាសដល់ធុរកិច្ចកម្ពុជាដែលមានបំណងចូលក្នុងទីផ្សារឥណ្ឌាក៏ដូចជាអ្នកដែលស្វែងរកឱកាសវិនិយោគក្នុងប្រទេសឥណ្ឌា៕
រូបភាពដោយ៖ សហការរី | អត្ថបទពាណិជ្ជកម្ម








