ភ្នំពេញ៖ ការតាំងពិព័រណ៍ «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» នឹងបើកបង្ហាញអំពីជីវចម្រុះដ៏សម្បូរបែប ភាពស្រស់ស្អាតដែលមានមនុស្សតិចណាស់បានស្គាល់តាមរយៈរូបថតជាច្រើនដែលបង្កើតឡើងដោយផ្នែកវេជ្ជសាស្ត្រ និងពិសោធន៍បាណកសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាសហការជាមួយស្ថានទូតបារាំងនៅកម្ពុជា។
ក្រុមការងារនេះ ត្រូវបានបណ្តុះបណ្តាលអំពីបច្ចេកទេសថតរូបដ៏ច្នៃប្រឌិតដែលបង្កើតឡើងដោយជនជាតិបារាំងលោក Nathanaël Maury ដោយអាចទាញយករូបថតពីរបស់ដែលតូចខ្លាំងដូចជាពងមូសក្នុងកម្រិតគុណភាពខ្ពស់បំផុត។ រូបថតដែលប្រើបច្ចេកទេសទាំងនេះ បង្ហាញចេញឱ្យឃើញនូវរូបសាស្ត្រយ៉ាងលម្អិតដែលជាប្រយោជន៍ដល់ការកំណត់អត្តសញ្ញាណប្រភេទសត្វ និងការយល់ដឹងពីទំនាក់ទំនងរបស់សត្វទាំងនោះជាមួយបរិស្ថាន។ នៅចំនុចប្រសព្វនៃសិល្បៈ និងវិទ្យាសាស្ត្របច្ចេកទេសនេះបានរកឃើញទស្សនវិស័យថ្មីមួយក្នុងវិស័យបាណកសាស្ត្រដែលជាការសិក្សាវិទ្យាសាស្ត្រអំពីសត្វល្អិត។
វេជ្ជបណ្ឌិត Sébastien Boyer ប្រធានផ្នែកវេជ្ជសាស្រ្ត និងពិសោធន៍បាណកសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ថា៖ «ការតាំងពិព័រណ៍នេះ គឺជាឱកាសមួយក្នុងការបង្ហាញ មិនមែនត្រឹមតែរូបរាងរបស់សត្វល្អិតប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងបង្ហាញពីស្រាវជ្រាវសំខាន់ៗ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងការតាមដាន និងការពារជំងឺដែលបញ្ជូនតាមសត្វល្អិតផងដែរ។ វាក៏ជាការរំលឹកអំពីសារៈសំខាន់ក្នុងការពារជីវចម្រុះដែលមានឥទ្ធិពលដោយផ្ទាល់លើសុខភាពមនុស្ស»។
សត្វល្អិតប្រហែលជា ៨៥% នៃប្រ ភេទសត្វទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ប៉ុន្តែមានរាប់លានប្រភេទទៀតនៅតែមិនទាន់ត្រូវបានស្គាល់ ជាពិសេសនៅកម្ពុជា និងឡាវ ហើយជីវចម្រុះទាំងនេះក៏មិនទាន់ត្រូវបានសិក្សាពេញលេញ។ ការបំពុលបរិស្ថានការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ធនធានហួសហេតុកំពុងគំរាមកំហែងក្នុងការរំលោភបំពានមរតកធម្មជាតិមុនពេលដែលវាត្រូវបានរកឃើញ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកម្ពុជាមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវសត្វល្អិតនៅអាស៊ីអាគ្នេយ៍។ ការងារទាំងនោះ គឺផ្តោតលើការស្ទង់មតិក្នុងតំបន់ជនបទ និងការច្នៃប្រឌិតអភិវឌ្ឍ ឧបករណ៍ផ្សេងៗ សម្រាប់ការត្រួតពិនិត្យភ្នាក់ងារចម្លងជំងឺដែលធ្វើឱ្យការតាំងពិព័រណ៍នេះក្លាយជាវេទិកាមួយក្នុងការចង្អុលបង្ហាញពីការខិតខំប្រឹងប្រែងជាយូរអង្វែងរបស់វិទ្យាស្ថានក្នុងវិស័យវិទ្យាសាស្រ្ត សុខាភិបាល និងការការពារបរិស្ថាន។ ពិព័រណ៍នេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃពិភពធម្មជាតិដែលគ្រប់គ្នាមើលរំលងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងអំពីតម្រូវការបន្ទាន់ដើម្បីការពារពួកវាផងដែរ។
ការតាំងពិព័រណ៍នេះនឹងត្រូវបើកនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោង 0៦:៣០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជាដោយមានវត្តមានរបស់លោក Nathanaël Maury ដែលជាអ្នកថតរូប និងជាអ្នករកឃើញបច្ចេកទេ សនេះ និងលោកវេជ្ជបណ្ឌិត Sébastien Boyer ប្រធានផ្នែកវេជ្ជសាស្រ្ត និងពិសោធន៍បាណកសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
មុនពេលពិធីបើកនឹងមានសន្និសីទពិសេសហៅថា «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» នៅម៉ោង ៥:៣០ល្ងាច នៅកន្លែងដដែលដោយមានបទបង្ហាញពីលោក Nathanaël Maury។ ដូចនេះអ្នកចូលរួមក៏អាចចូលរួមការតាំងពិព័រណ៍នៅថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹកជាមួយលោក Nathanaël Mauryនិងលោកវេជ្ជបណ្ឌិត Sébastien Boyer៕
រូបភាពដោយ៖ សហការី







