មនុស្សជាច្រើនគិតខុសថាពន្ធនាំចូលឥណ្ឌាខ្ពស់ខុសពីធម្មតា។ យើងអាចប្រើមតិផ្ទាល់ខ្លួនក្នុងវែកញែកពីរបៀបរស់នៅអកប្បកិរិយាសាធារណៈ ឬរបៀបស្វាគមន៍ជនបរទេស។ តែការវិភាគអាត្រាពន្ធខ្ពស់ទាបមិនអាចប្រើអារម្មណ៍មកគិតនោះទេព្រោះអាត្រាពន្ធមានតួលេខច្បាស់លាស់។ សូមក្រឡេកមើលការពិតជាក់ស្តែងក្នុងករណីនេះទាំងអស់គ្នា។
មុននឹងវែកញែកយើងគួរយល់ជាមុនសិនពីតួនាទីពន្ធដារនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានចំណូលទាបដូចជាប្រទេសឥណ្ឌា នឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដូចជាសហរដ្ឋអាមេរិក។ ជាធម្មតាប្រទេសកំពុងអភិវឌ្ឍន៍ប្រើប្រាស់ពន្ធគយសម្រាប់ហេតុផលចម្បងពីរ៖ ទីមួយដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងទីពីរដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។ សេដ្ឋកិច្ចវិទូនៅទូទាំងពិភពលោកក៏គាំទ្រលើមូលហេតុទាំងនេះផងដែរ ជាពិសេសការពារឧស្សាហកម្មវ័យក្មេងដោយជួយកសាងមូលដ្ឋានឧស្សាហកម្ម។ មូលហេតុមួយផ្នែកទៀត គឺថាពន្ធគយអាចផ្តល់នូវប្រាក់ចំណូលជូនរដ្ឋ។ ឧទាហរណ៍ ពន្ធតាមរយៈការយកពន្ធលើផលិតផលដូចជាគ្រឿងស្រវឹង ឬទោចក្រយាន្តយន្តទំនើបៗ បែបប្រណិត។
ពន្ធគយរបស់ប្រទេសឥណ្ឌា គឺខ្ពស់ណាស់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែត្រូវបានបន្ទាបយ៉ាងច្រើនចាប់តាំងពីកំណែទម្រង់បានចាប់ផ្តើមនៅឆ្នាំ១៩៩១ និងអំឡុងពេលកិច្ចការចរចារទាក់ទងនឹងអ៊ុយរូហ្គាយដែលនាំទៅដល់ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ចាប់តាំងពីពេលនោះមកប្រទេសឥណ្ឌាបានកាត់បន្ថយពន្ធគយជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។
តាមទស្សនៈបច្ចេកទេសអត្រាពន្ធមានពីរប្រភេទសំខាន់ៗ ដែលប្រទេសនានាប្រើប្រាស់។ ប្រភេទទីមួយហើយថា អត្រាពន្ធអនុវត្ត គឺជាពន្ធនាំចូលដែលយកនៅព្រំដែននៅពេលដែលផលិតផលបរទេសនាំចូលប្រទេសមួយ។
មួយទៀត គឺអត្រាពន្ធកំហិតនៃពន្ធនាំចូលដែលជាអត្រាអតិបរមាដែលប្រទេសមួយអាចដាក់លើទំនិញបរទេសដែលជាកាតព្វកិច្ចផ្លូវច្បាប់ដែលកើតចេញគោលការណ៍របស់ WTO សម្រាប់ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation MFN Principle)។ វាច្បាស់ណាស់ថា សង្គ្រាមពន្ធដារដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិក គឺបានប្រឆាំងនឹងគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោកWTO។ ទោះជាយ៉ាងណាអង្គការពាណិជ្ជកម្មពិភពលោកមិនមានប្រតិកម្មណាមួយឡើយ។ យើងត្រូវយល់ថា ពន្ធគយមិនអាចដូចគ្នាសម្រាប់ប្រទេសទាំងអស់នោះទេ។ ជាធម្មតាប្រទេសកំពុងអភិវឌ្ឍន៍យកពន្ធខ្ពស់ដោយសារហេតុផលដែលបានពន្យល់មុននេះ ខណៈដែលប្រទេសអ្នកមាន G7 យកពន្ធទាបជាងច្រើន។
ដូច្នេះ តើប្រទេសឥណ្ឌាឈរនៅកន្លែងណាក្នុងរឿងទាំងនេះ? ប្រទេសឥណ្ឌាត្រូវបានវិនិច្ឆ័យលើពន្ធគយដោយប្រើវិធីពីរយ៉ាង៖ ពន្ធជាមធ្យម និងពន្ធតាមបរិមាណ។ ពន្ធមធ្យមគឺ ១៥.៩៨% ដែលមើលទៅថាខ្ពស់ ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបានការគណនាពិតប្រាកដគេមើលលើអាត្រាពន្ធតាមទំហំពាណិជ្ជកម្មដែលរកឃើញទាបជាងច្រើនគឹត្រឹម ៤.៦%។ ដូចនេះការអះអាងថា ឥណ្ឌាជា «ស្តេចយកពន្ធ» គឺជាការយល់ច្រឡំ។ បើយើងគិតតាមមធ្យមភាគធម្មតាអាចខុសព្រោះផលិតផលទាំងអស់មិនមានលក្ខណៈដូចគ្នាហើយត្រូវគិតលើទំហំនៃការជួញដូរ គឺត្រូវជាង។ តើពន្ធជាមធ្យម និងពន្ធតាមបរិមាណខុសគ្នាដូចម្តេច ប្រទេសឥណ្ឌាយកពន្ធខ្ពស់លើវិស័យកសិកម្ម និងរថយន្ត នោះក៏ដើម្បីការពារឧស្សាហកម្មរបស់ខ្លួន។ កសិកម្មនៅប្រទេសឥណ្ឌា គឺជាវិស័យសំខាន់មួយព្រោះប្រមាណ ៥០% នៃចំនួនប្រជាជនឥណ្ឌាពឹងផ្អែកលើវិស័យនេះ ហើយការធ្វើកសិកម្មភាគច្រើនត្រូវបានធ្វើនៅលើដីតូចៗ ដែលមិនប្រើគ្រឿងយន្ត។ សម្រាប់ប្រជាជនភាគច្រើន ការធ្វើស្រែចំការគឺសំដៅលើការចិញ្ចឹមជីវិតមិនមែនជារកប្រាក់ចំណេញនោះទេ។ ការទាមទារឱ្យឥណ្ឌាអនុញ្ញាតការនាំចូលលើវិស័យកសិកម្មបន្ថែម គឺដូចជាការស្នើសុំឱ្យឥណ្ឌាធ្វើបាបខ្លួនចឹងដែរ ហេតុនេះទើបគ្មានរដ្ឋាភិបាលណាយល់ព្រមនោះទេ។
ប្រទេសឥណ្ឌាមានពន្ធខ្ពស់លើផលិតផលកសិកម្មដែលជាមធ្យមប្រហែល ៣៣% សម្រាប់ទំនិញដូចជាសាច់ ទឹកដោះគោ ផ្លែឈើ និងធញ្ញជាតិ។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេព្រោះសហភាពអឺរ៉ុបមានអត្រាជាមធ្យម ៣៧.៥% លើទឹកដោះគោដែលអាចកើនឡើងដល់ ២០៥% សម្រាប់ផ្លែឈើ និងបន្លែមួយចំនួន។
អត្រាពន្ធរបស់ប្រទេសជប៉ុនគឺខ្ពស់ជាងនេះដោយយកពន្ធ ៦១.៣% លើផលិតផលទឹកដោះគោ អាចកើនឡើងរហូតដល់ ២៩៨% សម្រាប់មុខទំនិញមួយចំនួន និង ២៥៨% សម្រាប់ធញ្ញជាតិ។ ប្រទេសកូរ៉េខាងត្បូងក៏មានពន្ធខ្ពស់ផងដែរ ជាមធ្យម ៥៤% លើទំនិញកសិកម្មជាមួយនឹងអត្រាខ្ពស់រហូតដល់ ៨០០% លើបន្លែនិង ៣០០% លើផ្លែឈើ។ ដូច្នេះតើនរណាជា «ស្តេចពន្ធ» ក្នុងវិស័យកសិកម្មពិតប្រាកដ?
ពន្ធមធ្យមធម្មតារបស់ឥណ្ឌា ១៥.៩៨% គឺស្រដៀងគ្នាទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។ ឧទាហរណ៍ប្រទេសបង់ក្លាដែសមានអត្រា ១៤.១%, អាហ្សង់ទីនមាន ១៣.៤% និងប្រទេសទួរគីមាន ១៦.២% ។ ប្រទេសទាំងនេះមាន GDP ប្រហាក់ប្រហែលគ្នា ហើយក៏មានអាត្រាពន្ធខ្ពស់ស្រដៀងគ្នាផងដែរ។
ទាក់ទិននឹងការអះអាងរបស់សហរដ្ឋអាមេរិកថា ការនាំចេញទំនិញផលិតរបស់ពួកគេ (ទំនិញមិនមែនជាកសិកម្ម) ប្រឈមនឹងពន្ធខ្ពស់នៅក្នុងប្រទេសឥណ្ឌាតែយើងត្រូវយល់ថា ការនាំចេញរបស់សហរដ្ឋអាមេរិកតែងទទួលបានពន្ធនាំចូលស្មើគ្នា ឬទាបជាងបើធៀបនឹងប្រទេសអាស៊ីជាច្រើន។ ជាឧទាហរណ៍ប្រទេសឥណ្ឌាយកពន្ធ ០% លើផ្នែក IT ភាគច្រើនក៏ដូចជា ឧបករណ៍អេឡិចត្រូនិកកុំព្យូទ័រ និងផ្នែកពាក់ព័ន្ធ។ ពន្ធជាមធ្យមលើគ្រឿងអេឡិចត្រូនិច គឺជាធម្មតាឥណ្ឌាយក ១០.៩% និងម៉ាស៊ីនកុំព្យូទ័រគឺ ៨.៣%។
បើយើងប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងៗ វៀតណាមយកពន្ធ ៨.៥% លើឧបករណ៍អេឡិចត្រូនិក និងឡើងដល់ ៣៥%។ ប្រទេសចិនយកអត្រាពន្ធ ៥.៤% ឡើងដល់ ២០% លើគ្រឿងអេឡិចត្រូនិច និង ២៥% លើម៉ាស៊ីនកុំព្យូទ័រ។ ឥណ្ឌូណេស៊ីយកអត្រាពន្ធ ៦.៣% លើឧបករណ៍អេឡិចត្រូនិកជាមួយនឹងអត្រារហូតដល់ ២០% និង ៣០% លើគ្រឿងម៉ាស៊ីនកុំព្យូទ័រ។
ប្រទេសឥណ្ឌាមានហេតុផលត្រឹមត្រូវសម្រាប់ការការពារទីផ្សារកសិកម្មទឹកដោះគោ និងរថយន្តរបស់ខ្លួនតាមរយះការយកពន្ធ។ ទោះជាយ៉ាងណាក៏ដោយបើយើងពិនិត្យមើលអនុវត្តពន្ធគយនៅក្នុងវិស័យផ្សេងទៀត គឺមិនមានមូលហេតុគ្រប់គ្រាន់ដែលហៅឥណ្ឌាថា «ស្តេចយកពន្ធ» នោះដែរ៕
រូបភាពដោយ៖ សហការី








