ភ្នំពេញ៖ លោកស្រីភារធារីនៃទូតស្ថានទូតអាមេរិក Bridgette Walker បានដឹកនាំមន្ត្រីការទូត និងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចការងារនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែសីហា ដើម្បីអបអរសាទរខួបលើកទី៧៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈសកម្មភាពជាច្រើនក្នុងកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ២០២៥៖ ៧៥ ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព»។
ដោយសារមានគំនិតផ្តួចផ្តើមនេះ មន្ត្រីនិងបុគ្គលិកស្ថានទូតអាមេរិកបានធ្វើដំណើរទៅខេត្តព្រះសីហនុ ដើម្បីសម្តែងការគោរពចំពោះគុណតម្លៃ និងចក្ខុវិស័យរួមដែលបានកំណត់ភាពជាដៃគូយូរអង្វែងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៥០មក។ កម្មវិធីដែលមានរយៈពេលមួយសប្តាហ៍ដោយផ្តោតលើការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ច ការលើកកម្ពស់ផ្នែកសុខភាព សន្តិសុខ ការគាំទ្រដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ និងការចូលរួមរបស់យុវជនកម្ពុជាក្នុងសកម្មភាពនានា។
លោកស្រីភារធារី និងមន្រ្តីស្ថានទូតដែលតំណាងឱ្យទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិកចំនួន៦ បានជួបជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងបន្ថែមនូវទំនាក់ទំនងសេដ្ឋកិច្ច។ ភាគីទាំងពីរថែមទាំងបានបើកសម្ពោធស្លាកអបអរសាទរខួបលើកទី៧៥ឆ្នាំនៅលើផ្លូវជាតិលេខ៤ ជាផ្លូវសំខាន់មួយដែលសហរដ្ឋអាមេរិកបានកសាងនៅឆ្នាំ ១៩៥៩ ដើម្បីតភ្ជាប់កំពង់ផែក្រុងព្រះសីហនុទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។
លោកស្រីភារធារី Walker បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និងការប្តេជ្ញារួមគ្នាក្នុងការកសាងអនាគតដ៏ភ្លឺស្វាងជាមួយគ្នា។ សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុបានបង្ហាញពីការប្តេជ្ញារបស់យើងក្នុងការលើកស្ទួយទំនាក់ទំនងដ៏មានន័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតឱកាសដែលមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ»។
សកម្មភាពសំខាន់ៗនៃកម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ២០២៥៖ ៧៥ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» រួមមានការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច និងកាលានុវត្តភាពផ្នែកធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកដឹកនាំធុរកិច្ចអាមេរិក និងកម្ពុជា។ ដើម្បីលើកកម្ពស់សុវត្ថិភាព សន្តិសុខ និងសហប្រតិបត្តិការផ្នែកសុខភាព មន្រ្តីស្ថានទូតបានផ្តល់ការបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់មន្ត្រីមានសមត្ថកិច្ច សន្តិសុខនៅខេត្តព្រះសីហនុ និងបានចុះពិនិត្យមន្ទីរពេទ្យព្យាបាលជំងឺអេដស៍ដែលទទួលបានការជួយគាំទ្រថវិកាពីសហរដ្ឋអាមេរិក។
ជាផ្នែកមួយនៃការលើកកម្ពស់ការចូលរួមរបស់យុវជន និងការផ្លាស់ប្តូរការសិក្សាអប់រំ លោកស្រីភារធារី Walker ក៏បានដឹកនាំកិច្ចសំណេះសំណាលជាមួយយុវជនដើម្បីទទួលស្តាប់ផ្ទាល់ពីពួកគេផ្តល់ព័ត៌មានអំពីឱកាសទទួលជំនួយគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់សិក្សាភាសាអង់គ្លេស សិក្សានៅសហរដ្ឋអាមេរិកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងផ្តល់ព័ត៌មានត្រឹមត្រូវអំពីដំណើរការសុំទិដ្ឋាការ។ លោកស្រីភារធារីក៏បានប្រកាសជ័យលាភីអ្នកឈ្នះរង្វាន់ក្នុងការប្រកួតសរសេរអត្ថបទជាភាសាអង់គ្លេសស្តីពីអនាគតនៃទំនាក់ទំនងទ្វេភាគីដែលជាការចូលរួមប្រកួតពីនិស្សិតសាកលវិទ្យាល័យ និងសិស្សវិទ្យាល័យនៅខេត្តព្រះសីហនុផងដែរ។
ជាបន្ថែមលើការជួយគាំទ្រជាយូរមករបស់សហរដ្ឋអាមេរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងសិល្បៈ ស្ថានទូតបានដាក់បញ្ចាំងភាពយន្តឯកសារដែលមានចំណងជើងថា៖ «Loot: A Story of Crime and Redemption» ជាភាពយន្តឯកសារទាក់ទងនឹងឧក្រិដ្ឋកម្មនៃការជួញដូរវត្ថុបុរាណដែលសហរដ្ឋអាមេរិកបានជួយសម្របសម្រួលលើការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរជាទីសក្ការៈត្រឡប់មកវិញ។ កម្មវិធីនេះក៏មានវេទិកាសន្ទនាជាមួយមន្រ្តីស្ថានទូតអាមេរិក មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហអ្នកនិពន្ធនិងកែសម្រួលសាច់រឿង។
កម្មវិធី «សប្តាហ៍ស្ថានទូត ខេត្តព្រះសីហនុ ២០២៥៖ ៧៥ឆ្នាំនៃភាពជាដៃគូ និងមិត្តភាព» បញ្ជាក់ពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រការអភិវឌ្ឍន៍ និងភាពរុងរឿងរបស់កម្ពុជាក្នុងពេលអបអរនូវប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សកម្មភាពទាំងនេះមិនត្រឹមតែជំរុញគោលដៅរួមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបន្ថែមនូវភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការលើកស្ទួយស្ថិរភាព កំណើនសេដ្ឋកិច្ច និងសន្តិសុខក្នុងសាកលលោកថែមទៀតផង៕
រូបភាពដោយ៖ សហការី









