ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា នេះ វិចិត្រសាល Rosewood មានមោទនភាពដែលបានធ្វើការដាក់តាំងពិព័រណ៍ទោលទី២ ដែលជាស្នាដៃសិល្បករលោក រិទ្ធិ៍ បុណ្យរតនៈ “ដំណើរជាលិកា”។ ការតាំងពិព័រណ៍នេះបានបើកនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាចដោយមានររយៈពេល ២ខែនៅជាន់ទី៣៥ នៃសណ្ឋាគារ Rosewood ភ្នំពេញ។
ស្នាដៃសិល្បៈច្នៃប្រឌិត “ដំណើរជាលិកា” ចំនួន ៤៩ គឺជាការតាំងពិព័រណ៍ទោលទី២របស់សិល្បករលោក រិទ្ធិ៍ បុណ្យរតនៈ ដោយលោកចង់បង្ហាញអំពីរបៀបនៃការរចនាដ៏ប្លែកមួយដែលមានឈ្មោះថា “ជាលិកាកម្ម”។ រាល់ផ្ទាំងគំនូរទាំងអស់របស់ រតនៈ បានធ្វើការបង្កប់នូវបន្តុំជាលិកាតូចៗ ដែលមានពណ៌ រូបរាង និង ទំហំខុសៗគ្នា ហើយបូករួមជាមួយនឹងការបន្ថែមនូវបច្ចេកទេសបិតសន្លឹកមាន ការគូដោយប្រើថ្នាំពណ៌ Neon និងបច្ចេកទេសគំនូរចាក់ដែលធ្វើឱ្យគំនូរនីមួយៗ បង្ហាញពីភាពអស្ចារ្យនៃការផ្សំបញ្ជូលគ្នារវាងគំនូរឌីជីថល និង បច្ចេកទេសគូរដោយដៃផ្ទាល់។
ក្នុងការដាក់តាំងបង្ហាញនេះសិល្បករលោក រិទ្ធិ៍ បុណ្យរតនៈ បានលើកយកកម្រងគំនូរចំនួន៣ ដែលមានចំណងជើងថា ជាលិកា រណ្តំ ជាលិកា និមិត្ត និង ជាលិកា សក្ការៈ ដែលនឹងដាក់តាំងបង្ហាញតាមរយៈការបែងចែកដំណើរទស្សនកិច្ច ៣ប្រភេទខុសៗ គ្នា គឺដំណើរនៃធម្មជាតិ ដំណើរនៃវប្បធម៌ និង ដំណើរនៃជាតិ។ ពិពរណ៌នេះគឺលើសពីការដាក់តាំងបង្ហាញគំនូរ។ លោកចង់នាំអារម្មណ៍ភ្ញៀវកិត្តិយសទៅស្វែងរក ពិនិត្យ ហើយផ្តល់តម្លៃទៅលើភាពអស្ចារ្យនៃបន្តំជាលិកាតូចៗ ដែលឆ្លុះបញ្ជាំងអំពីតម្លៃ និងការតស៊ូនៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងវប្បធម៌ និងដួងព្រលឹងនៃអត្តសញ្ញាណជាតិដោយការបង្ហាញតាមរយៈតួជាលិកានីមួយៗ ក្នុងគំនូរគ្រប់ផ្ទាំងទាំងអស់នៅក្នុងកម្មវិធីនេះ។
ក្នុងនាមជាសិល្បករ ស្ថាបត្យករ និង ជាតារាសំដែបានប្រាប់ឱ្យដឹងថា ការបណ្តុះគំនិតឆ្នៃប្រឌិតរបស់លោកមានការបូក បញ្ជូលគ្នារវាងទម្រង់សិល្បៈជាច្រើនលាយជាមួយនឹងការលម្អិតនៃពណ៌ និងសាច់រឿងដែលបានបង្ហាញនៅក្នុងស្នាដៃសិល្បៈ នីមួយៗ។ លោកតែងតែចាត់ទុកការគូរគំនូរ គឺជាការតាំងសមាធិរបស់លោកដែលបានធ្វើឱ្យចិត្តលោកស្ងប់នៅក្នុងពិភពនៃការរចនា។
លោក រិទ្ធិ៍ បុណ្យរតនៈ លើកឡើងថា៖ «ខ្ញុំតែងតែចាប់អារម្មណ៍ទៅលើចំនុចលំអិតនៃអ្វីៗ គ្រប់យ៉ាងដែលនៅជុំវិញខ្លួនខ្ញុំ ហើយក៏ផ្ដោតអារម្មទៅលើអ្វីដែលសាមញ្ញៗ តែចង់ប្រែក្លាយវាទៅជាអ្វីមួយដែលប្លែក។ ខ្ញុំបានឱ្យឈ្មោះទៅលើរបៀបនៃការគូរគំនូររបស់ខ្ញុំថា “ជាលិកា” ដែលសំដៅទៅលើភាគតូចល្អិតជាច្រើនមកផ្គុំចូលគ្នាដើម្បីបង្កើតបានទៅជាទម្រង់អ្វីមួយផ្សេងទៀតដែលបង្កប់សាច់រឿង និងបទពិសោធជាច្រើន»។
លោករៀបរាប់បន្ថែមថា ការរចនាដោយប្រើជាលិកាទៅលើវត្ថុអ្វីមួយដើម្បីបង្ហាញភាពអស្ចារ្យនេះ ត្រូវបានឱ្យឈ្មោះថាការធ្វើ “ជាលិកាកម្ម” ប្រៀបបាននឹងជីវិតមនុស្សយើងម្នាក់ៗ បានឆ្លងកាត់បទពិសោធន៍ ឬឧបសគ្គជាច្រើនដែលជាកត្តាធ្វើឱ្យមនុស្សគ្រប់គ្នាមានភាពលេចធ្លោតាមបែបផែនខុសៗ គ្នា។
បុណ្យរតនៈ បន្តថា៖ «ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំបានធំធាត់ឡើងនៅក្នុងប្រទេសមួយដែលពោពេញទៅដោយវប្បធម៌និងប្រពៃណីដ៏សំបូរបែប ជាហេតុធ្វើឱ្យការឆ្នៃប្រឌិតរបស់ខ្ញុំទទួលបានការបណ្ដុះគំនិតតាមការរចនាក្បាច់ខ្មែរ បូកបញ្ជូលទៅសិល្បៈ សហសម័យ ដើម្បីបង្កើតបានជាគំនូរបែបឌីជីថលរួមជាមួយបច្ចេកទេសគំនូរចម្រុះ។ ទម្រង់គំនូររបស់ខ្ញុំបានបង្ហាញអំពីវត្ថុដំណាងមួយដែលពោរពេញទៅដោយជាលិកាចម្រុះពណ៌ និងទំហំ ស្ថិតនៅចំកណ្ដាលនៃផ្ទៃលាតដែលមានតែមួយពណ៌ប្រៀបបានទៅនឹងប្រាសាទអង្គរវត្តដែលពោរពេញទៅដោយក្បាច់ក្បូរចនាដ៏ល្អឥតខ្ចោះ ដែលស្ថិតនៅកណ្តាលកសិនទឹកព័ទ្ធជុំវិញជាទីស្ងប់ស្ងាត់សម្រាប់ឱ្យអ្នកទស្សនាកាន់តែផ្តោតអារម្មទៅលើភាពលំអិត និងភាពអស្ចារ្យដែលនៅចំកណ្តាល»។
ដើម្បីផ្សារភ្ជាប់អារម្មណ៍រវាងអ្នកទស្សនាទៅនឹងគំនូររបស់លោកអោយកាន់តែជិតស្និតលោកបានបន្ថែមបច្ចេកទេសបិតសន្លឹកមាស គំនូរអាក្រេឡិក និងគំនូរចាក់ទៅលើគំនូរឌីជីថលដែលបានព្រីនចេញមកធ្វើឱ្យគំនូរគ្រប់ផ្ទាំងត្រូវបានរចនាដោយដៃផ្ទាល់ ក្នុងនាមជាសិល្បករព្រមទាំងធ្វើឱ្យគំនូរនីមួយមានភាពលេចធ្លោរៀងៗ ខ្លួន។
ជាចុងក្រោយលោកសង្ឃឹមថា មិនថាកម្រងគំនូរទៅគំនូរនៃផ្ទាំងនីមួយៗ ឬបំណែកជាលិកានីមួយៗ ដែលលោកបានបង្កើតឡើងនឹងធ្វើឱ្យទស្សនិកជនចំនាយពេល ចំណាយអារម្មណ៍ដើម្បីសញ្ជឹងគិតហើយបង្កើតជាសំនួរ ឬចាប់ផ្ដើមការពិភាក្សាជាថ្មី ទៅលើប្រធានបទដែលធ្លាប់មានពីមុនមកដោយសារតែការធ្វើ ជាលិកាកម្ម បានបើកទំព័រថ្មីនូវសម្រស់ដែលប្លែកៗ ដែលត្រូវបានគេមើលរំលងនៅក្នុងគ្រប់ភាវៈជុំវិញខ្លួនយើងគ្រប់គ្នា។ ជាលិកា គឺជាបទពិសោធមួយដែលបណ្តាលឱ្យយើងទាំងអស់គ្នា ចាប់ផ្ដើមស្វែងរកក៏ដូចជាបង្ហាញភាពអស្ចារ្យប្លែកៗ គ្នា ក្នុងនាមជាបុគ្គលម្នាក់នៅក្នុងជាតិមួយ សាសនាមួយ និងវប្បធម៌មួយផងដែរ៕
រូបភាពដោយ៖ DND IMAGE និង Dra Rin










