១៩៧៥-២០២៥៖ ស្ថានទូតបារាំងនឹងប្រារព្ធខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ

ភ្នំពេញ៖ កាលពី៥០ឆ្នាំមុននៅថ្ងៃទី១៧ ខែមេសា ​ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញបន្ទាប់ពី​សង្រ្គាម​​​ស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ នៅថ្ងៃនោះផងដែរ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុង​សម័យ​កាល​ដ៏​ខ្មៅ​​ងងឹត​​បំផុ​តមួយនៃ​ប្រវត្តិ​សាស្រ្តរបស់ខ្លួន។

ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុង​ភ្នំពេញមានមនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំងដោយសង្ឃឹមថាទទួលបាន​ការ​ការពារនៅ​​ទី​នោះ។ ជាក់ស្តែងពលរដ្ឋបារាំង​ជាង​៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូតរួមជា​មួយ​ពល​រដ្ឋ​ប្រមាណ​១០០​នាក់​នៃប្រទេសចំនួន២០ផ្សេងទៀតមានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និង​វៀត​ណាម។

គេបានប៉ាន់ប្រមាណថា ​ជន​ជាតិ​ខ្មែរប្រហែល៦០០នាក់​ក៏​បានមកជ្រក​កោននៅក្នុង​ស្ថានទូត​បារាំងផង​ដែរ។ ក្នុង​រយៈ​​ពេល​ជាងពីរសប្តាហ៍នៅបរិវេណស្ថាន​ទូត​​បាន​​ក្លាយទៅជា​ទី​​កន្លែង​​ហ៊ុំព័ទ្ធមួយដែលចុងក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយ​ការចាក​ចេញ​របស់​ពលរដ្ឋកម្ពុជាបន្ទាប់​មក​ការ​​ជម្លៀស​ជនបរទេស​ទៅ​កាន់​​ប្រទេស​ថៃ​តាម​ក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែ​មេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ​១៩៧៥។

ដើម្បីឧទ្ទិសដល់ជនរងគ្រោះក៏ដូចជារក្សាការចងចាំអំពីហេតុការណ៍ទាំងនេះ ស្ថានទូតបារាំងនឹងរៀបចំព្រឹត្តិ​ការណ៍​រំលឹក​ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈពិព័រណ៍ពិធីឧទ្ទិសកុសល និងកម្មវិធី​បញ្ចាំង​​ភាព​យន្ត ព្រឹត្តិការណ៍ទាំងនេះមានគោលដៅលើកកម្ពស់ការបញ្ជ្រាបការចងចាំ​​ដល់​មនុស្ស​ជំនាន់​ក្រោយក៏​ដូច​ជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនង​ជាមួយកម្ពុជាដែលផ្អែក​លើ​​កា​រ​ទទួល​​ស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។

ចាប់ពីថ្ងៃទី០៦ ខែឧសភា​ វេលាម៉ោង១៨៖៣០នាទី ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហម­ស្ថានទូត​បារាំង​ជាប់​ចូល​​ក្នុង​ការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា-០៨ ឧសភា ១៩៧៥)» នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិទ្យាស្ថាន​បារាំងនៅកម្ពុជា។ ដោយបើក​ឱ្យចូលទស្សនាសេរី ពិព័រណ៍នេះនឹង​ធ្វើឡើង​រហូត​ដល់​ថ្ងៃ​ទី​២២ ខែសីហា។ រៀប​ចំ​ដោយ​ស្ថាន​ទូត​បារាំង និងវិទ្យាស្ថានបារាំងក្រោមការចាត់ចែងរបស់​អ្នក​ស្រាវ​ជ្រាវ​បារាំងពីររូបពិព័រណ៍​ខាងលើ​នឹង​បង្ហាញ​ពី​ព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្មរួមទាំងឯកសារ​ដែល​សាធារណជន​​មិន​ធ្លាប់​​​​ឃើញក្នុងនោះមានបណ្ណាសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រូបភាព និងវីដេអូផងដែរ។

នៅថ្ងៃពុធ ទី០៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណ​ជន​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានបារាំង ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និង​អ្នក​ថត​រូបសា​រ​ព័ត៌មាន Roland Neveu។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។ កិច្ច​ពិភា​ក្សា​នេះនឹង​បើក​ជូន​សាធារណជន​ចូល​រួម​ដោយសេរី ដោយធ្វើឡើងជាភាសាបារាំង ជាមួយការបកប្រែជា​ភាសា​ខ្មែរ។

នៅថ្ងៃទី០៨ ខែឧសភា​ ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាង​អាជ្ញាធរ​កម្ពុជា និងអង្គទូត ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នក​ដែល​បានមក​ស្វែង​រក​ការ​ជ្រកកោននៅក្នុងស្ថានទូតបារាំង ព្រមទាំងជនរងគ្រោះទាំងអស់។

ជាងនេះទៅទៀតចាប់ពីថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្ត​​ឯកសារ​​ប្រមាណ​១២រឿង ​ដែល​ផ្តោត​លើ​ប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហមដោយសហការជាមួយមជ្ឈ​មណ្ឌល​​បុប្ផាណា។ ជា​វណ្ណ​កម្ម​របស់​ផលិតករកម្ពុជា និងបរទេសដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោក​ Denis Do លោកស្រី អែន​ជេលី​ណា ​ជូលី លោក Arthur Dong និងលោក ឆាយ បូរ៉ា​​​ ស្នា​ដៃ​ទាំង​នេះ​បង្ហាញ​ពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម ពីអំពើ​ហិង្សាក្នុងរបប​ខ្មែរ​ក្រហម ហើយឆ្លុះ​បញ្ចាំង​ពី​បញ្ហា​នៃ​ការ​បញ្ជ្រាប​ចំណេះ​ដឹងពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធី​លម្អិត​មានលើគេហ​ទំព័រ​វិទ្យាស្ថា​ន​បារាំង​​នៅ​កម្ពុជា៖ institutfrancais-cambodge.com

រូបភាពដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here