ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនក្រោមជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួនប្រមាណជាង ៧២ម៉ឺនដុល្លារអាមេរិក (៧២០,៣០៤) ដល់អង្គការចំនួនពីរ គឺអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) និងអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដែលកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយវត្តមានឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយលោក សាអេ ខាហ្សាតុ នាយកអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិប្រចាំប្រទេសកម្ពុជា និងលោកស្រី គីគុជី អាយ៉ាណុ នាយិកាអង្គការសន្តិស្ម័គ្រចិត្តប្រចាំប្រទេសកម្ពុជា។
ទឹកជំនួយប្រមាណជាង ២៥ម៉ឺនដុល្លារអាមេរិក (២៤៥,៨៧២) នឹងត្រូវផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។ នៅក្នុងគម្រោងនេះ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីងាយស្រួលដល់មជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ធ្វើការវះកាត់។ លើសពីនេះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឱ្យបានត្រឹមត្រូវ។
ជំនួយប្រមាណជាង ៤៧ម៉ឺនដុល្លារអាមេរិក (៤៧៤,៤៣២) នឹងត្រូវផ្តល់ឱ្យអង្គការសន្តិស្ម័គ្រចិត្ត (SVA) ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ លើសពីនេះ អង្គការសន្តិស្ម័គ្រចិត្តមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពន សកម្មភាព នៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋក្នុងខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យន ប្រទេសកម្ពុជា។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុននៅកម្ពុជាបានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលហៅថា “អ៊ុនរ៉េន” បានចាប់ ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកតំបន់កំពុងអភិវឌ្ឍ។ លោកបន្ថែមថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្ដល់ជំនួយជាង ១៦០គម្រោងនៅជួយប្រទេសកម្ពុជាហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថា៖ «ខ្ញុំរីករាយណាស់ ហើយក៏សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបានកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរួមមានមិនត្រឹមក្នុងវិស័យសុខាភិបាល និងអប់រំប៉ុណ្ណោះទេ ថែមទាំងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សង្គមរួមទាំងបរិស្ថានផងដែរ។ រដ្ឋាភិបាលជប៉ុននឹងចូលរួមចំណែកដោះស្រាយបញ្ហានានាដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន»។
គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្ដោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី

