ភ្នំពេញ៖ នាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានជួបប្រជុំ ជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ក្នុងដំណើរបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញនាពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
ក្រៅពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រី លោក Clark ក៏បានជួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងកិច្ចពិភាក្សានេះមន្ត្រីជាន់ខ្ពស់ទាំងអស់បានស្វែងរកវិធីផ្សេងៗ ក្នុងការពង្រឹងទំនាក់ទំនងការពារទ្វេភាគីរវាងសហរដ្ឋ អាមេរិក និងកម្ពុជាដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កិច្ចពិភាក្សាក៏បានលើកឡើងពីការផ្លាស់ប្តូរការបណ្តុះបណ្តាលយោធាដែលផ្តោតលើការសង្គ្រោះគ្រោះមហន្តរាយ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាគ្មានគ្រាប់មីន។ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានបង្ហាញការគាំទ្រចំពោះការបន្តការសន្ទនាទាក់ទងនឹងបញ្ហាដែលលើកឡើងទាំងនេះ៕
រូបភាពដោយ៖ សហការី
