មហោស្រពគីហ្សូណ​ឆ្នាំ២០២៥ក្រោមប្រធានបទ «សុខដុមនៃភាពចម្រុះ»

ភ្នំពេញ៖ ស្ថានទូតជប៉ុននៅកម្ពុជាបានរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានការិយាល័យទំនាក់ទំនងនៅភ្នំពេញ និងមូលនិធិជប៉ុនបានរៀបចំពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៤ នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រធានបទឆ្នាំនេះគឺផ្តោតទៅលើ «សុខដុមនៃភាពចម្រុះ»

នៅល្ថាចនៃថ្ងៃបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៤ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លៃងថា ក្នុងរយៈពេល៣ថ្ងៃនេះមហោស្រពនឹងរៀបចំសកម្មភាពវប្បធម៌ជាច្រើន ក្នុងចំណោមនោះមូលនិធិជប៉ុនបានអញ្ជើញក្រុមរបាំប្រពៃណីជប៉ុនដែលហៅថា Shochiku NIHONBUYO ដើម្បីសម្តែងនូវក្បាច់រាំប្រពៃណីល្អប្លែកជាងគេជូនភ្ញៀវកិត្តិយសទស្សនាល្ងាចនេះ។ 

លោកបន្តទៀតថាលើសពីនេះ នឹងមានសកម្មភាពសប្បាយៗ ជាច្រើនដូចជា ការសម្តែង កម្មវិធីពាក់ព័ន្ធនឹងភាសាជប៉ុន សិក្ខាសាលាការចែករំលែកព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុនផងដែរ។ មិនត្រឹមតប៉ុណ្ណោះនឹងមានសិក្ខាសាលាពិសេសពីមេចុងភៅនៃលំនៅដ្ឋានផ្លូវរបស់ឯកអគ្គរាជទូតលោក ម៉ីហ្សាវ៉ា ដែលលោកទទួលបានការសសើរពេញចិត្តពីភ្ញៀវជាតិ អន្តរជាតិ ហើយគាត់នឹងមកបង្ហាត់បង្ហាញពីរបៀបធ្វើនំផ្អែមប្រពៃណីជប៉ុន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ថ្លែងថា៖ «ប្រធានបទមហោស្រពគីហ្សូណាឆ្នាំនេះ គឺសុខដុមនៃភាពចម្រុះ ដើម្បីទទួលយកបទពិសោធន៍រួមគ្នានូវសុខដុមភាព សោភ័ណភាព រវាងវប្បធម៌ចម្រុះគ្នានៃប្រទេសទាំងពីរជប៉ុន និងកម្ពុជា ហើយខ្ញុំក៏រង់ចាំចូលរួមទទួលយកបទពិសោធន៍នេះជាមួយគ្នាផងដែរ»។

ឯកអគ្គរាជទូតបន្ថថា៖ «ចាប់តាំងពីឆ្នាំ២០២៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងភាពជាដៃគូនេះ​មិនត្រឹមតែផ្តោតទៅលើនយោបាយ សេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងការអប់រំផងដែរ ហើយយើងនឹងបន្តពង្រឹងការផ្លាស់ប្តូររវាងប្រទេសទាំងពីរនេះលើគ្រប់វិស័យ»។

ន្ថែមពីលោកឯកអគ្គរាជទូត លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រាប់ឱ្យដឹងដែរថា មហោស្រពឆ្នាំនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន។ ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរត្រូវបានកសាងឡើងតាមរយៈការគោរពគ្នាទៅវិញទៅមកការជឿទុកចិត្តគ្នា និងការកោតសរសើរពីវប្បធម៌ទៅវិញទៅមក។

លោកជំទាវ ប៉ែន មុនីមករា ថ្លែងថា៖ «ជាច្រើនឆ្នាំមកនេះចំណងវប្បធម៌រវាងព្រទេសជប៉ុន និងកម្ពុជាកាន់តែត្រូវបានពង្រឹង ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូប្រកបដោយអត្ថន័យក្នុងវិស័យនានា»។

លោកជំទាវបន្ថែមថា៖ «ការផ្លាស់ប្ដូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជន និងប្រជាជនលើកកម្ពស់ការយល់ដឹងក៏ដូចជាភាពចម្រុះរបស់ប្រជាជន។ ការផ្លាស់ប្ដូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណី ថែមទាំងជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទៅវិញទៅមក»។ 

ចំណែកឯកឧត្តម សាម៉េឌី ស៊ីវត្ថាណា រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងនៅពិធីបើកបុណ្យគីហ្សូណាជប៉ុន-កម្ពុជា ថា ពិធីបុណ្យបានរួមចំណែកយ៉ាងសំខាន់ក្នុងចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងពង្រឹងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

ឯកឧត្តម សាម៉េឌី ស៊ីវត្ថាណា ថ្លែងថា៖ «ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជារួមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជាពីវប្បធម៌ និងការអប់រំ»។ 

លោកបានបន្តថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករៀបចំព្រឹត្តិការដ៏អស្ចារ្យនេះ ដើម្បីពង្រឹងមិត្តភាពរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជាដោយបានអបអរសាទរពិធីបុណ្គីហ្សូណាក្រោមប្រធានបទដ៏មានតម្លៃនៃសុខដុមរមនានៃភាពចម្រុះ»។

មហោស្រពឆ្នាំនេះទទួលបានការគាំទ្រពីក្រុមហ៊ុន Samurai C International (Cambodia) Co., Ltd.,​ MK Co., Ltd., SATHAPANA Bank Plc., isVIT Co., Ltd., Tiger Balm Cambodia, TECNO MOBILE LTD, Global Network Project to Promote Study in Japan (ASEAN) / Okayama University, STARTS (CAMBODIA) CORPORATION, Gunze Sports (Cambodia) Co., Ltd., and J Trust Royal Bank Plc. Panasonic Cambodia (Branch of Panasonic Asia Pacific Pte. Ltd.), Active People’s Microfinance Institution Plc

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជាក៏ដូចជាការជម្រុញការផ្លាស់ប្ដូរនានារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ អ្នករៀបចំកម្មវិធីសង្ឃឹមថាអ្នកចូលរួមនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុនតាមរយៈការចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ៕

រូបភាពដោយ៖ ទុយ អេងលី

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here