ភ្នំពេញ៖ នៅសុក្រទី១៧ ខែមករា នេះ លោក សុង ឆាងស៊ូ វិចិត្រករ និងជាប្រធានសមាគមគំនូររូបិយកូរ៉េ បានដឹកនាំក្រុមការងាររៀបចំតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យចំនួន ៤៤ផ្ទាំងនៅវិចិត្រសាលស្រាអាតដែលមានទីតាំងក្បែវវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។
តាមលោក សុង ឆាងស៊ូ វិចិត្រករ នេះជាលើកដំបូងដែលសមាគមគំនូររូបិយបានយកស្នាដៃគំនូរវិចិត្រករកូរ៉េ មកតាំងបង្ហាញជាសាធារណៈនៅក្នុងប្រទេសកម្ពុជា។ ផ្ទាំងគំនូរដែលដាក់តាំងបង្ហាញរយៈពេលពីរថ្ងៃនេះរួមមានរូបភាពស្រស់ស្អាត ស្នាដៃថ្មី និងប្លែង ព្រមទាំងមានបង្គប់អត្ថន័យក្តីស្រឡាញ់ ក្តីសង្ឃឹម សេចក្តីសុខ និងសុភមង្គលទៅកាន់មនុស្សគ្រប់រូប។
លោក សុង ឆាងស៊ូ ប្រធានសមាគមគំនូររូបិយកូរ៉េ បានរៀបរាប់ប្រាប់ថា សមាគមគំនូររូបិយកូរ៉េបានជ្រើសរើសប្រទេសកម្ពុជាជាទីតាំងដំបូងគេបង្អស់ ដើម្បីចាប់ផ្តើមតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យនេះ។ លោកបន្ថែមថា សមាគមគំនូរនឹងធ្វើដំណើរទៅប្រទេសអាស៊ានចំនួនពីរទៀត ដើម្បីបង្ហាញស្នាដៃសិល្បៈគំនូរប្រពៃណីរបស់ជនជាតិកូរ៉េ ដោយគោលបំណងនាំយកស្នាដៃគំនូរដាក់តាំងបង្ហាញឱ្យអ្នកទស្សនានៅតំបន់អាស៊ានបានឱ្យស្គាល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីកូរ៉េ។
លោក សុង ឆាងស៊ូ មានថ្លែងថា៖ «ពិភពលោក និងប្រជាជនកម្ពុជាប្រហែលភាគច្រើនស្គាល់ពី K-POP យ៉ាងទូលំទូលាយ ក៏ប៉ុន្តែបើនិយាយអំពីស្នាដៃសិល្បៈគំនូររបស់ប្រទេសកូរ៉េវិញ ខ្ញុំចង់បង្ហាញស្នាដៃទាំងអស់នេះឱ្យកាន់តែច្រើនបន្ថែមទៀត ថាតើសិល្បៈគំនូររបស់កូរ៉េមានលក្ខណៈពិសេសអ្វីខ្លះ ហើយចង់ឱ្យសាធារណជនចាប់អារម្មណ៍ និងឈ្វេងយល់បន្ថែមអំពីលក្ខណៈពិសេសនៃគំនូររបស់ប្រពៃណីកូរ៉េនេះតែម្ដង»។
លោកបន្ថែមថា៖ «ការតាំងពិព័រណ៍គំនូរកូរ៉េនេះ មិនត្រឹមតែជាមធ្យោបាយបង្ហាញគំនូរដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ និងសិល្បៈប្រពៃណីកូរ៉េដល់កម្ពុជាដោយស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់កម្ពុជាតាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជារបស់យើង។ ទាំងនេះ គឺជាការបោះជំហានដំបូងដើម្បីពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសកូរ៉េ និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា»។
ស្នាដៃគំនូរសិល្បៈទាំងអស់សុទ្ធសឹងតែមានលក្ខណៈពិសេស និងមានអត្ថន័យខុសៗ គ្នា។ គំនូរមួយផ្ទាំងឈ្មោះ «ត្រីគល់រាំង» ដែលជាស្នាដៃរបស់លោក សុង ឆាងស៊ូ ក៏បានបង្ហាញវត្តមានក្នុងវិចិត្រសាលតាំងពិព័រណ៌នេះផងដែរ។ លោកបានបញ្ជាក់ដោយសង្ខេបអំពីអត្ថន័យនៃគំនូរប្រពៃណីនេះថា គំនូរត្រីគល់រាំងបង្ហាញពីការតស៊ូរបស់ត្រីគល់រាំងកំពុងហក់ចេញពីផ្ទៃទឹកដោយសំទុះខ្លាំងខ្លាប្រៀបដូចជាអំណាចសត្វនាគ។ គំនូរមានរង្វង់ព្រះអាទិត្យទើបរះឡើងចេញពីផ្ទៃទឹកនៅផ្នែកខាងលើអមដោយធម្មជាតិរុក្ខជាតិដ៏ស្រស់ស្អាតព័ទ្ធជុំវិញ ខណៈផ្ទៃគំនូរមានព័ណ៌លឿងស្រាលស្រទន់។ គំនូរបង្ហាញអំពីការតស៊ូព្យាយាមរបស់មនុស្សវ័យជំទង់ មានន័យថា សិស្សថ្នាក់វិទ្យាល័យត្រូវរៀនជម្នះឧបសគ្គសិក្សាយ៉ាងច្រើន និងត្រៀមខ្លួនចូលសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ។ ជីវិតនិស្សិតមហាវិទ្យាល័យមានលំហសេរីភាព និងមានរឿងរ៉ាវជីវិតជាច្រើនត្រូវសិក្សា ហើយត្រីគល់រាំងជាប្រភេទត្រីនិមិត្តរូបនៃការតស៊ូព្យាយាម។
តាមរយៈការតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េ និងគំនូរសហសម័យនៅកម្ពុជាលើកនេះ ទទួលបានការគំាទ្រយ៉ាងច្រើនពីសាធារណជនជាតិ និងអន្តរជាតិ។ លោក សុង ឆាងស៊ូ ជឿជាក់ថា នៅឆ្នាំក្រោយទៀត ការតាំងពិព័រណ៌ស្នាដៃគំនូរសិល្បៈប្រពៃណីកូរ៉េនឹងវិលមកកម្ពុជាម្តងទៀត។ ការបង្ហាញស្នាដៃគំនូរនឹងមានឥទ្ធិពលដល់ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងកូរ៉េនិងកម្ពុជា ហើយយុវជនកម្ពុជានឹងមានឱកាសឈ្វេងយល់ស៊ីជម្រៅពីស្នាដៃសិល្បៈនេះកាន់តែច្រើន៕
រូបភាពដោយ៖ សហការី