ភ្នំពេញ៖ ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាសូមប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងថ្មីមួយឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗ របស់យុវជនកម្ពុជាដែលមានទេពកោសល្យនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ គម្រោងនេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ហើយត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយតួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជារួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈដែលកម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈពេលមួយឆ្នាំ។
គម្រោង «ចតុ» មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺគំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។ កម្មវិធីនេះផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។ កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា មានប្រសាសន៍ថា៖ «យើងដាក់ឈ្មោះកម្មវិធីនេះថា ចតុ ដោយសារពាក្យនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងលើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថាបួន ហើយជាពាក្យដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ជាក់ស្តែង ពាក្យនេះត្រូវបានប្រើសំដៅលើទិសធំៗទាំងបួន សាលសន្និសីទចតុមុខដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេទាំងបួន ឬឈ្មោះប្រវត្តិសាស្រ្តរបស់រាជធានីភ្នំពេញជាដើម។ តាមរយៈឈ្មោះនេះ កម្មវិធីចតុស្ថិតនៅចំណុចប្រសព្វនៃវិស័យសំខាន់ៗបួន ដោយធ្វើឱ្យវិស័យទាំងនោះមានទំនាក់ទំនងគ្នា និងផ្តល់ភាពសម្បូរបែបឱ្យគ្នាទៅវិញទៅមក» ។
គម្រោង «ចតុ» មានគោលដៅសំខាន់ៗ ៣ គឺការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាពនៅក្នុងវិស័យវប្បធម៌ និងការរៀបចំសិក្ខាសាលាកម្រិតតំបន់មួយដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
ការបណ្តុះបណ្តាល គឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ។ សិក្ខាកាមមកពីតំបន់នានានឹងទទួលការបណ្តុះបណ្តាលដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាលសិក្ខាកាមត្រូវអនុវត្តជាក់ស្តែងដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈទៅតាមជំនាញរៀងខ្លួនដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។ នៅចុងបញ្ចប់ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវនារីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។ ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហាជនស្គាល់ពួកគេកាន់តែច្បាស់ និងរួមចំណែកយ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាលនៅកម្ពុជា។
ចំពោះដៃគូគម្រោងកម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិតគំនូរជីវចលពីរឿងនិទានដោយសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ាការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គដោយសហការជាមួយផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តីដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុក៏ជួយជ្រោមជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗ ផងដែរដោយសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ។ ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំងដែលក្រៅពីការបង្ហាត់បង្រៀននឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។
ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាពដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរមានបទពិសោធន៍ និងត្រូវបង្ហាញគម្រោងសិល្បៈមួយដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញម៉ោងដឹកនាំដោយគ្រូជនជាតិបារាំងដែលនឹងផ្តល់ឱ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុងជំនាញនីមួយៗ។
សម្រាប់រយៈពេលវែងម្មវិធី «ចតុ» មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរដោយផ្តល់ដល់យុវជនដែលមានទេពកោសល្យនូវមធ្យោបាយចាំបាច់ដើម្បីអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជនកម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួមចំណែកលើកស្ទួយកិត្យានុភាពនៃឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ» មានគោលដៅយូរអង្វែងដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា និងបារាំងដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា៕
រូបភាពដោយ៖ សហការី