ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាមានសេចក្តីរីករាយប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence»  សម្រាប់ឆ្នាំសិក្សា​​២០២៥-២០២៦។ កាលពីមុនមានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង (BGF) កម្មវិធី​អាហារូបករណ៍​ដ៏ឧត្តុង្គឧត្តមនេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិតដោយសិក្សាជាភាសាបារាំងក៏បាន ឬភាសាអង់គ្លេសក៏បាន។

អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌនៃអាហារូបករណ៍២០២៥-២០២៦​​ ដែលអាហារូបករណ៍សម្រាប់ ជបេក្ខភាពថ្មី និងការបន្តអាហារូបករណ៍ដល់បេក្ខភាពធ្លាប់បានទទួលកន្លងមកដែលកាលពីមុននិស្សិតកម្ពុជា ៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ ការផ្តល់អាហារូបករណ៍ផ្តោតទៅលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។

បន្ថែមពីនេះ ស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះ​មាន​ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេក វិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជាក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។

បច្ចុប្បន្ន និសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការ​ផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានារួមមានអាហារូបករណ៍ France Excellence អាហារូបករណ៍ France Excellence Eiffel កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ ជំនាញជាន់ខ្ពស់ (DFMS/DFMSA)។​ ចាប់តាំងពីឆ្នាំ២០១៤មក និស្សិតកម្ពុជាជាង ១២០០នាក់បានទទួលអាហារូបករណ៍​ដើម្បីបន្តការសិក្សានៅប្រទេសបារាំង។

ស្ថានទូតបារាំងលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសដើម្បីទៅសិក្សានៅប្រទេសបារាំងពង្រឹងចំណេះដឹង និងមានឱកាសការងារច្រើនទៀត។ ការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗ នឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣-២០២៤ និស្សិតបរទេសជាង ៤៣០,០០០នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង ៨០០នាក់បានចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំងដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេស​​ដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក។ ​

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ បេក្ខជនទាំងអស់អាចទាញយកពាក្យសុំអាហារូបករណ៍ និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ដែលមាននៅលើគេហទំព័រស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge។ ចំពោះរាល់ចម្ងល់ទាំងអស់ទាក់ទងនឹងការសិក្សានៅប្រទេសបារាំង និស្សិតអាចទាក់ទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារបារាំងសម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង។

ពត៌មានបន្ថែម Campus France Cambodge ស្តិនៅក្នុងមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្ទះលេខ១៨ ផ្លូវ១៨៤ ភ្នំពេញ ទូរស័ព្ទ 076 268 8782 អ៊ីមែល [email protected] www.cambodge.campusfrance.org  និង www.facebook.com/campusfrancecambodg ស្ថានទូតបារាំងប្រចាំកម្ពុជា: https://kh.ambafrance.org/៕

រូបភាពដោយ៖ សហការី

LEAVE A REPLY

Please enter your comment!
Please enter your name here