ជប៉ុនផ្តល់ជូនរថយន្តប្រមូលសម្រាមចំនួន១០គ្រឿងទៅក្រសួងបរិស្ថាន

ភ្នំពេញ៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាល​​ជប៉ុនបានផ្តល់ជូនរថយន្តប្រមូលសម្រាមចំនួន ១០គ្រឿងទៅដល់ក្រសួងបរិស្ថានដែលជាជំនួយនេះស្ថិតនៅក្រោមគ្រោង​ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ។

ក្នុងគម្រោងនេះ រថយន្តប្រមូលសម្រាមចំនួនមួយគ្រឿងនឹងត្រូវបានដាក់ពង្រាយនៅក្រុង និងស្រុកនីមួយៗ សរុបចំនួន ១០ក្នុងខេត្តចំនួន៧ ក្នុងប្រទេសកម្ពុជាដើម្បីកែលម្អសេវាប្រមូលសម្រាម។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាបាននិងកំពុងជួបការលំបាកជាមួយនឹងការកើនឡើងនៃសម្រាមដោយសារតែមានការខ្វះខាតច្រើននូវបរិក្ខារក្នុងការប្រមូលសម្រាមឱ្យបានត្រឹមត្រូវ។ គម្រោងបានចូលរួមចំណែកការការពារសុខភាពសាធារណៈ និងបរិស្ថានធម្មជាតិដែលនឹងកែលម្អគុណភាពជីវិតរបស់ប្រជាជនជាង ៨២០,០០០នាក់ នៅដប់ក្រុង និងស្រុកក្នុងខេត្តចំនួន៧។

កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងនៅកម្ពុជាដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងអនុវត្តគម្រោងរបស់ពួកគេ។

Japan Provides 10 Waste Collection Trucks​ to Ministry of Environmentឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីវ ថ្លៃងថា៖ «នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានចូលរួមចំណែកក្នុងគម្រោងចំនួន៦៩១ នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណិ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។

លោកបន្តថា សម្រាប់គម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៤៩,៨៦៥ ដុល្លារអាមេរិក (សែសិបប្រាំបួនពាន់ប្រាំបីរយហុកសិបប្រាំដុល្លារអាមេរិក) សម្រាប់រថយន្តប្រមូលសម្រាមប្រើប្រាស់រួចចំនួន ១០គ្រឿង​ដែលរថយន្តទាំងនោះផលិតនៅប្រទេសជប៉ុន។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីវ បន្តថា៖ «ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស មកប្រទេស​កម្ពុជា​កាលពី​ខែ​កក្កដា​កន្លង​ទៅ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់​នូវ​អភិក្រម​ថ្មី​ចំនួន៣ សម្រាប់កិច្ច​សហប្រតិបត្តិការ​ជាមួយ​​កម្ពុជា។ វិស័យមួយក្នុងចំណោមវិស័យទាំង៣ គឺការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមដែលត្រូវនឹងគម្រោងនេះតែម្តង។ គម្រោងនេះនឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃសម្រាមដែលកើតមានកាន់តែខ្លាំងក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន។ ប្រសិនបើ​សម្រាមពុំ​ត្រូវ​បាន​ប្រមូល​ឱ្យបាន​ត្រឹមត្រូវនោះទេ វា​អាច​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស ក៏ដូចជា​គុណភាព​ជីវិត​របស់​មនុស្ស​»។

Japan Provides 10 Waste Collection Trucks​ to Ministry of Environmentឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីវ បន្ថែមថា បើទោះបីជារថយន្តដែលផ្តល់ជូនតាមរយៈគម្រោងនេះជារថយន្តប្រើប្រាស់រួចក៏ដោយក៏រថយន្តទាំងនេះត្រូវបានថែទាំ និងរក្សាទុកបានយ៉ាងល្អដោយទីក្រុងអូសាកា។ បន្ថែមពីនេះ រថយន្តប្រមូលសម្រាមរបស់ជប៉ុនត្រូវ​បាន​រចនា​ឱ្យ​មាន​ទំហំ​តូច ប៉ុន្តែ​មាន​សមត្ថភាព​ស្តុកចំនួនច្រើន។ មានន័យថា រថយន្តប្រមូលសម្រាមទាំងនេះ​អាច​ចូល​តាម​ផ្លូវ​តូចៗ និង​ប្រមូល​សម្រាម​បានយ៉ាងច្រើន​ដោយពុំធ្វើឱ្យមាន​ការ​ស្ទះ​ចរាចរណ៍​ខ្លាំង​។ លោកជឿជាក់ថា ​រថយន្ត​ដឹកសម្រាម​ទាំង​នេះ នឹង​ជួយផ្តល់នូវបរិស្ថានស្អាតជាងមុនសម្រាប់ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីវ បន្ថែមថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗ នេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាខ្ញុំក៏ទទួលស្គាល់ថានៅមានផ្នែកជាច្រើនដែលប្រទេសជប៉ុនអាចជួយក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយគូសាណូណិផងដែរ»។

គួរបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិ​របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។​​ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ ឬភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan Provides 10 Waste Collection Trucks​ to Ministry of Environment

LEAVE A REPLY

Please enter your comment!
Please enter your name here