រយ:ពេលបីថ្ងៃនៃមហោស្រពសិល្បៈបុណ្យភូមិមានជើងនៅខេត្តមណ្ឌលគិរីបានបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមលេងកម្សាន្តរហូតដល់ទៅ១ម៉ឺន៥ពាន់នាក់ និងបានស្វែងយល់ពីវប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ចូលរួមលេងល្បែងកំសាន្ត ភ្លក់ម្ហូបឆ្ងាញ់របស់ជនជាតិដើមព្រមទាំងទស្សនាតំបន់ទេសចរណ៍នៅខេត្តមណ្ឌលគិរី។
លក្ខណ:ពិសេសនៃមហោស្រពសិល្ប:បុណ្យភូមិមានជើងបានចែកកាលវិភាគកម្សាន្តទៅតាមទីតាំងផ្សេងៗ នៅក្នុង ខេត្តមណ្ឌលគិរីដែលជាកត្តាមួយធ្វើឱ្យអ្នកទៅលេងបុណ្យភូមិមានជើងអាចទៅកាន់តំបន់នានាដូចជា៖ ព្រឹកថ្ងៃទីមួយអ្នកចូលរួមបានទៅកាន់សាលាបឋមសិក្សាពូលូនដើម្បីទស្សនាការសិក្សារបស់កុមារពីរភាសាដែលជាភាសាជនជាតិដើម និងភាសាខ្មែរ ព្រមទាំងចូលរួមអបអរសាទរ ទិវាកុមារពិភពលោកផងដែរ។
ព្រឹកថ្ងៃទីពីរភ្ញៀវទេសចរបានទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដែលជារមណីយដ្ឋានធម្មជាតិ ហើយពេលថ្ងៃត្រង់ភ្ញៀវទេសចរក៏ទៅកម្សាន្តនៅភូមិជនជាតិដើមភាគតិចនៅទីតាំងជើងភ្នំដោះក្រមុំ និងចូលរួមលេងល្បែងប្រជាប្រិយ ទស្សនាតន្រ្តីជនជាតិដើមភាគតិច និងពិសារសម្លរព្រោង។
ចំណែកឯនៅពេលរាត្រីភ្ញៀវទេសចរក៏បានទៅកាន់ទីតាំងសួនដំរីដែក ដើម្បីទស្សនាការប្រគំតន្រ្តីដ៏ធំនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅព្រឹកថ្ងៃទីបីភ្ញៀវទេសចរបានធ្វើដំណើរទៅកាន់ភូមិពូតាំង ដែលជាភូមិជនជាតិដើមភាគតិចដើម្បីទស្សនាដំរីលេងខ្លួន បន្ថែមពីនេះក្រុមការងារភ្លើងគប់ និងបុណ្យភូមិបានតម្លើងស័កនិងឈុតបុរាណដល់ដំរីដែលមានតម្លៃជាង១០០០ដុល្លា ពេលរសៀលភ្ញៀវទេសចរក៏ត្រលប់ទៅជើងភ្នំដោះក្រមុំវិញដើម្បីលេងល្បែងប្រជាប្រិយ និងទស្សនារបាំជនជាតិដើមភាគតិច និងបានក្រាលកន្ទេលមើលល្ខោនខោលផងដែរ។
កញ្ញា រិទ្ធី លំអពេជ្រ សហស្ថាបនិកបុណ្យភូមិបានលើកឡើងថា៖ «បេសកម្មនៅខេត្តមណ្ឌលគិរី យើងសង្ឃឹមថាវានឹងក្លាយជាការបើកទំព័រមួយដល់កម្មវិធីយុវជនផ្សេងៗ ចូលមកខេត្តមណ្ឌលគិរីក៏ដូចជាបណ្តាខេត្តផ្សេងទៀតនៅភូមិភាគឦសាន»។
កញ្ញាបន្តថាជាមួយនឹងបេសកកម្មរបស់មហោស្រពសិល្បៈបុណ្យភូមិមានជើងគឺនឹងធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដាច់ស្រយាលទាំងឡាយណាដែលប្រជាជនកម្ពុជាដែលគាត់មិនដែលសូវបានចាប់អារម្មណ៍។
កញ្ញាបន្តថា៖ «បងប្អូនជនជាតិដើមភាគតិចពិតជាត្រូវការយើងដើម្បីនាំយកសំឡេង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ពួកគាត់! នៅដល់ទីណាក៏ដោយយើងរស់នៅទឹកដីខ្មែរតែមួយ»។
បុណ្យភូមិមានជើងរៀបចំដោយ ភ្លើងគប់ និងបុណ្យភូមិ សហការជាមួយអង្គការ Unicef ប្រចាំប្រទេសកម្ពុជា ឧបត្ថម្ភដោយ KampumEra។ បុណ្យភូមិមានជើងសង្ឃឹមថានឹងបន្តបេសកម្មរបស់ខ្លួនដើម្បីផ្សព្ធផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍នៃខេត្តដទៃបន្តទៀតនៅឆ្នាំក្រោយៗ៕
រូបភាពដោយ៖ សហការី