ភ្នំពេញ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំពិធីជួបជុំមួយដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀនភាសាបារាំងចំនួន២០០នាក់មកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ក្នុងឱកាសទិវាពិភពលោកនៃគ្រូបង្រៀនភាសាបារាំងដែលត្រូវបានរៀបចំឡើងនៅជុំវិញពិភពលោកអស់រយៈពេល៦ឆ្នាំជាប់គ្នាមកហើយ។ ការបង្កើតឡើងនូវគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ទិវានេះមានគោលដៅលើកកម្ពស់គ្រូបង្រៀនភាសាបារាំងក្នុងនាមជាតួអង្គសំខាន់នៃការលើកស្ទួយ និងលើកតម្កើងកិត្យានុភាពភាសាបារាំងនៅលើពិភពលោក។ ឆ្នាំនេះ ទិវាគ្រូបង្រៀនភាសាបារាំងត្រូវបានដាក់ឱ្យស្ថិតក្រោមប្រធានបទ «ទាំងអស់គ្នាគឺជាជើងឯកដែលកាន់ភ្លើងគប់ភាសាបារាំង» ដោយមានភ្ជាប់ទំនាក់ទំនងជាមួយកីឡាអូឡាំពិកប៉ារីស៍២០២៤។
ក្នុងអំឡុងរាត្រីជួបជុំត្រូវបានរៀបចំឡើងក្រោមអធិតបតីភាពរបស់ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ លោកគ្រូ អ្នកគ្រូដែលបានអញ្ជើញទៅបំពេញកម្មសិក្សាផ្នែកភាសាបារាំង និងវិធីសាស្រ្តបង្រៀនភាសាបារាំងរយៈពេលមួយខែនៅប្រទេសបារាំងក្នុងក្របខ័ណ្ឌនៃគម្រោងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានចែករំលែកបទពិសោធន៍អន្តរវប្បធម៌ក៏ដូចជាការស្វែងយល់នានាដែលលោកគ្រូ អ្នកគ្រូបានធ្វើឡើង។ ក្នុងអំឡុងពិធីខាងលើក៏មានការប្រគល់សញ្ញាប័ត្រភាសាបារាំង DELF ជូនដល់លោកគ្រូ អ្នកគ្រូដែលទទួលបានការបណ្តុះ បណ្តាលដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតបារាំងផងដែរ។ ជាងនេះទៅទៀតក្នុងអំឡុងពិធីខាងលើក៏មានការបង្ហាញអំពីសមិទ្ធផលដ៏ត្រចះត្រចង់របស់សិស្សានុសិស្ស៨០នាក់ដែលសិក្សាភាសាបារាំងនៅតាមបណ្តាសាលារដ្ឋកម្ពុជានានា ដែលបានបង្កើតស្លាកផ្សព្វផ្សាយ និងវត្ថុនានាសម្រាប់ការប្រកួត «ម៉ាស្កុត (តុក្កតា) របស់ខ្ញុំសម្រាប់កីឡាអូឡាំពិក» ផងដែរ។
ក្រោយការប្រព្រឹត្តទៅនៃជំនួបនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា មានការប្រព្រឹត្តទៅនៃមហាសន្និបាតសមាគមសាស្ត្រាចារ្យភាសាបារាំងនៅកម្ពុជា (APFC) ដែលការរៀបចំព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ គ្រូបង្រៀនភាសាបារាំងប្រមាណ៣០០នាក់មកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបជុំគ្នានៅវិទ្យាស្ថានជាតិអប់រំ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី និងពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីប្រធានបទនានា ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនឹងការបង្រៀនភាសាបារាំងនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ ក្នុងន័យនេះ ប្រធានបទស្តីពីសមាហរណកម្មវិជ្ជាជីវៈរបស់និស្សិតដែលប្រើប្រាស់ភាសាបារាំងមាគ៌ាអាជីពជាគ្រូបង្រៀនភាសាបារាំង ក៏ដូចជាឱកាសដែលទទួលបានពីការសិក្សាភាសាបារាំងក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
នៅកម្ពុជាភាសាបារាំងត្រូវបានបង្រៀនដល់សិស្សានុសិស្សប្រមាណ៣០០០នាក់នៃថ្នាក់ពីរភាសា និងត្រូវបានបង្រៀនជាជីវៈភាសាទី១ ឬទី២ទៅដល់សិស្សានុសិស្សប្រមាណ ២២,៥០០នាក់ ដែលសិក្សានៅតាមបណ្តាគ្រឹះស្ថានសាធារណៈកម្ពុជាជា ច្រើន។ ភាសានេះក៏ត្រូវបានបង្ហាត់បង្រៀននៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សាឯកជនជាច្រើនផងដែរ។ ជាងនេះទៅទៀត ប្រទេសកម្ពុជាមានគ្រឹះស្ថានសិក្សាចំនួន១៤ដែលជាសមាជិកទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងមានគ្រឹះស្ថានឧត្តមសិក្សាជាច្រើនទៀតដែលផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗ ដោយប្រើប្រាស់ភាសាបារាំង មានដូចជាផ្នែកវេជ្ជសាស្រ្ត នីតិសាស្រ្ត វិស្វកម្ម ជាដើម។
អស់រយៈពេលពីរឆ្នាំមកហើយ ស្ថានទូតបារាំងប្រចាំកម្ពុជាបាននិងកំពុងដឹកនាំគម្រោងផ្តល់ការគាំទ្រដល់ការបង្ហាត់បង្រៀនភាសាបារាំងនៅតាមបណ្តាអនុវិទ្យាល័យ និងវិទ្យាល័យរដ្ឋរបស់កម្ពុជាដែលបានផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូប្រមាណ៣៥០នាក់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង ក៏ដូចជានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅប្រទេសកម្ពុជា។ ប្រទេសបារំាងក៏បន្តការគាំទ្រដល់ការបង្រៀនថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសាបារាំងនៅវិទ្យាស្ថានជាតិអប់រំផងដែរ ដែលជាការបណ្តុះបណ្តាលតែមួយគត់ក្នុងកម្រិតនេះសម្រាប់គ្រូបង្រៀនភាសាបារាំង។
ជាងនេះទៅទៀតដោយមានការសហការពីហ្វ្រង់វ៉ូឡុងទែរ ការគាំទ្រខាងលើប្រព្រឹត្តទៅដោយមានការបញ្ជូន «អ្នកស្ម័គ្រចិត្តហ្វ្រង់កូហ្វូនី» ជាច្រើនឱ្យមកបំពេញការងារនៅតាមបណ្តាគ្រឹះស្ថានសិក្សាកម្ពុជា។ យុវជន យុវនារីបារាំងវ័យក្មេងដែលជាអ្នកស្ម័គ្រចិត្តទាំងនេះជួយជ្រោមជ្រែងលោកគ្រូ អ្នកគ្រូក្នុងការបង្រៀនភាសាបារាំងនៅក្នុងថ្នាក់ និងផ្ទេរនូវចំណេះដឹងផ្នែកភាសា និងវប្បធម៌បារាំងសម័យបច្ចុប្បន្ន ទៅដល់សិស្សានុសិស្សកម្ពុជា។
ប្រទេសបារាំងនឹងបន្តការគាំទ្ររបស់ខ្លួនដល់ហ្រ្វង់កូហ្វូនីដែលផ្តោតលើវិស័យអប់រំក្នុងចក្ខុវិស័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦៕
រូបភាពដោយ៖ សហការី