ថ្ងៃទីពីរនៃមហោស្រពបុណ្យភូមិមានជើងមានវត្តមានភ្ញៀវទេសចរជាច្រើនរួមទាំងជនជាតិបរទេសបានចូលមកទស្សនានូវវប្បធម៌ប្រពៃណី ម្ហូបអាហារ និងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចដែលរៀបចំឡើងនៅជើងភ្នំដោះក្រមុំ។ រយ:ពេលពេញមួយថ្ងៃនេះ អ្នកចូលទស្សនាបានទស្សនាការលេងតន្រ្តីរបស់ជនជាតិដើមភាគតិច ល្បែងកំសាន្ត ដូចជាការដើរលើបំពង់ឬស្សីព្រមទាំងបទបង្ហាញពីការចម្អិនសម្លព្រោង និងពិធីកាប់ក្របីផឹកស្ររហូតដល់ជាង ៣០០០នាក់។
តាមរយ:បុណ្យភូមិមានជើងនេះភ្ញៀវទេសចរក៏បានទៅកម្សាន្តនៅកន្លែងទេសចរណ៍នានាដែលបានរៀបចំដូចជាការកម្សាន្ត នៅទឹកជ្រោះប៊ូស្រាដែលជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តមណ្ឌលគិរី និងទស្សនាថ្ងៃលិចពីភ្នំដោះក្រមុំផងដែរ។
រាត្រីដ៏អស្ចារ្យនាថ្ងៃទីមួយនេះក៏មានការប្រគំតន្រ្តីសម័យដើម្បីអបអរសាទទិវាកុមារពិភពលោកផងដែរ។ ការប្រគំតន្រ្តីសម័យនេះមានការចូលរួមពិសិល្បករ សិល្បការិនីដូចជា៖ កញ្ញា ស៊ីន យូប៊ីន អ្នកនាង មីន ចេនី កញ្ញា កេសរ កញ្ញា ROXY អ្នកនាងម៉េង កែវពេជ្រចិន្តា និង អូនផ្អែម កញ្ញា រ៉េត ស៊ូហ្សាណា និងចូលរួមពិសេសជាមួយកញ្ញា ឡូរ៉ា ម៉ម កញ្ញា ឆាឆា និងនាយពាក់ ម៉ី ផងដែរ។
លោក សកល កិត្យា សហស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ និងជាអ្នកដឹកនាំមហោស្រពសិល្បៈ បុណ្យភូមិមានជើងនៅក្នុងឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះយើងពិតជាចង់ឃើញអ្នកស្រុកបុណ្យភូមិមានជើងមកទទួលនូវបទពិសោដន៍មួយនេះក៏ដូចជាមកចូលរួមស្វែងយល់ពីបងប្ងូនជនជាតិដើមភាគតិច សត្វដំរី និងមកទស្សនាខេត្តមណ្ឌលគិរីដែលជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏ជាដង្ហើមនៃភូមិភាគឦសាន អោយបានច្រើនកុះករ»។
មហោស្រពសិល្ប:បុណ្យភូមិមានជើងរៀបចំដោយភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិដែលមានការសហការរៀបចំ៖ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប និងឧបត្ថម្តដោយ: KampumEra៕
រូបភាពដោយ៖ សហការី