នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើមប្រារព្ធនៅក្នុងទឹកដីខេត្តមណ្ឌលគិរីដោយពិធីបើកបានរៀបចំឡើងនៅសាលាបឋមសិក្សាពូលូង និងមានការចូលរួមពីអភិបាលរងខេត្ត យូនីសេហ្វប្រចាំនៅកម្ពុជា កម្ពុអ៊ែរ៉ា ស្ថាប័នពាក់ព័ន្ធ និងឡេឡេដំរីរួមជាមួយយុវជនស្ម័គ្រចិត្តជាច្រើននាក់ដើម្បីរួមគ្នាអបអរ ទិវាកុមារពិភពលោកក្រោមប្រធានបទ៖ «ការពង្រឺងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲ្យ មានភាពស្រស់បំព្រង»។
«បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពីមហោស្រពសិល្បៈបុណ្យភូមិដែលតែងតែរៀបចំនៅរាជធានីភ្នំពេញ។ នេះជាឆ្នាំទីពីរដែលបុណ្យភូមិមានជើងបានរៀបចំមហោស្រពដ៏អធិកអធមនេះឡើង ដោយឆ្នាំទីមួយរៀបចំនៅក្នុងខេត្តក្រចេះ។ ដោយឡែកបុណ្យភូមិមានជើងនៅក្នុងឆ្នាំនេះ បានផ្តោតសំខាន់ទៅលើការផ្សព្ធផ្សាយប្រពៃណី វប្បធម៌ របស់បងប្អូនជាជាតិដើមភាគតិច និងសម្រស់ដ៏ស្រស់ស្អាតនៃទឹកដីដ៏សែនមនោរម្យនៅក្នុងខេត្តមណ្ឌលគិរី។
កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និងជាអ្នកដឹកនាំការរៀបចំកម្មវិធី បុណ្យភូមិមានជើង បានឱ្យដឹងពីមូលហេតុនៃការបោះជំហាននៅតាមបណ្តាខេត្តថា៖ «យើងចង់ចូលរួមផ្សព្ធផ្សាយពីតំបន់ដែលមានធម្មជាតិស្រស់ស្អាត និងសំបូរទៅដោយវប្បធម៌ដល់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍»។
សាកល កិត្យា សហស្ថាបនិកមួយរូប និងជាអ្នកដឹកនាំនៃមហោស្រពបុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់ពីមូលហេតុ ដែលជ្រើសរើសយកខេត្តមណ្ឌលគិរី ជាទឹកដីនៃការរៀបចំពិធីថា៖ «ខេត្តមណ្ឌលគីរីគឺជាខេត្តមួយធំជាងគេក្នុងប្រទេសកម្ពុជា ហើយពោរពេញទៅដោយកំណប់នៃធម្មជាតិ វប្បធម៍ សត្វព្រៃ ជាពិសេសសត្វដំរី និងជនជាតិដើមភាគតិច។ ប្រពៃណី សិល្បៈ វប្បធម៌នៃជនជាតិដើមភាគតិចគួរតែបានផ្សព្វផ្សាយអោយបានទូលាយដោយហេតុថាពួកយើងជ្រកក្រោមផ្ទៃមេឃតែមួយ ចែករំលែកជាតិសាសន៍តែមួយ ហើយសិល្ប:នោះប្រកបដោយរឿងរ៉ាវពីការរស់នៅនៃប្រជាជនតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា»។
«បុណ្យភូមិមានជើង» នឹងធ្វើឡើងរយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកាដោយមានការរៀបចំកម្មវិធីពិសេសៗ ជាច្រើនទៅតាមតំបន់ចំនួន២ ដូចជា៖ សួនដំរីដែកខេត្តមណ្ឌលគិរីនៅនារាត្រីថ្ងៃទី២៣ នឹងមានប្រគុំតន្រ្តីនៅបរិវេណសួនដំរីដែក ខេត្តមណ្ឌលគិរីដោយមានការចូលរួមពីតារាល្បីៗ នៅក្នុង ប្រទេសកម្ពុជា។ មួយកន្លែងទៀតនៅភូមិជនជាតិដើមភាគតិចជើងភ្នំដោះក្រមុំដែលជាទីតាំងអ្នកចូលរួមអាចពិសារម្ហូបអាហាររបស់ជនជាតិដើមភាគតិច លេងល្បែងប្រជាប្រិយខ្មែរ ទស្សនារបាំ និងស្វែងយល់ពីវប្បធម៌ ប្រពៃណី ការរស់នៅរបស់ជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី។ ចំណែកឯនៅរាត្រីថ្ងៃទី២៤ ក៏មានការរៀបចំបង្ហាញល្ខោនខោល និងរបាំជនជាតិដើមភាគតិចផងដែរ។
សូមបញ្ចាក់ផងដែរថាមហោស្រពសិល្ប: បុណ្យភូមិមានជើងប្រារព្ធទ្បើងនៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មីហើយកាន់តែពិសេសនេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំដោយ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប និងឧបត្ថម្តដោយKampumEra៕
រូបថតដោយ៖ សហការី





