ភ្នំពេញ៖ សណ្ឋាគារ Oakwood Premier Phnom Penh និងដៃគូបានរៀបចំពិធីជប់លៀងបិទបញ្ចប់យុទ្ធនាការ “Canvas of Dreams” ដោយជោគជ័យនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ នារាត្រីនៃកម្មវិធីបានទាក់ទាញអ្នកចូលរួមប្រមាណជាង៣០០នាក់ដោយប្រមូលបានទឹកប្រាក់ចំនួនជាង ៣,១២៥ដុល្លារ ដើម្បីជួយគាំទ្រទៅ Tiny Toones Cambodia។
ពិធីដ៏អ៊ឹកអធឹកអ៊ឹកអធឹមនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបរួមមានលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក Daniel Kerr នាយកប្រតិបត្តិការនៃក្រុមហ៊ុន The Ascott Limited ដោយលោកទទួលបន្ទុកនៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា លោកស្រី Anita Cui អគ្គនាយករងនៃក្រុមហ៊ុន GRED និងជាម្ចាស់ក្រុមហ៊ុនរបស់សណ្ឋាគារ Oakwood លោក De mian Jung ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Oakwood Premier Phnom Penh វត្តមានសិល្បករ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកពីបណ្តាស្ថាប័នផ្សេងៗបន្ថែមទៀត។
លោក Daniel Kerr បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សណ្ឋាគារ Oakwood Premier Phnom Penh ថា៖ «ការលះបង់របស់សណ្ឋាគារ Oakwood Premier Phnom Penh ក្នុងការគាំទ្រដល់ជនក្រីក្រ និងជំរុញទឹកចិត្តស្រលាញ់សិល្បៈពិតជាគំរូដ៏ល្អ និងគួរឱ្យកោតសសើរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែរៃអង្គាសថវិកាសម្រាប់អង្គការ Tiny Toons Cambodia តែមួយមុខប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារក្នុងការគាំទ្រដល់សិល្បករវ័យក្មេង និងពង្រឹងមុខមាត់វប្បធម៌ក្នុងស្រុករបស់កម្ពុជាផងដែរ យើងអាចបង្កើតឱកាសបែបនេះ ដើម្បីជំរុញលើកទឹកចិត្ត និងលើកស្ទួយក្មេងៗ ជំនាន់ក្រោយ»។
អំឡុងពេលមួយខែនៃយុទ្ធនាការ Canvas of Dreams សណ្ឋាគារ Oakwood Premier Phnom Penh បានចូលរួមយ៉ាងសកម្មជាមួយនិងដៃគូសហការ សិល្បករ រួមទាំងបានធ្វើការតាំងពិពណ៌សិល្បៈគំនូរបស់សិល្បករផងដែរ។ សកម្មភាពទាំងនេះគឺមានគោលបំណងរៃអង្គាសប្រាក់ដើម្បីជួយគាំទ្រអង្គការ Tiny Toones Cambodia អាចបន្តបេសកម្មរបស់ខ្លួនបន្តទៀត។
រូបថតដោយ៖ សណ្ឋាគារ Oakwood Premier Phnom Penh