ឆ្នាំនេះអ្នកគាំទ្របុណ្យភូមិមានជើងនឹងទទួលបានបទពិសោធន៍ដើរព្រៃ មើលដំរី ត្រជាក់ភ្នែកជាមួយទេសភាពខៀវស្រងាត់ មានទឹកជ្រោះ និងអាកាសធាតុត្រជាក់ព្រមទាំងបានស្គាល់ពីប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ហើយអ្នកមណ្ឌលគិរី! ត្រៀមខ្លួនជួបគ្នាក្នុងមហោស្រពសិល្ប:បុណ្យភូមិមានជើងនឹងធ្វើដំណើរទៅដល់ថ្ងៃទី២២ ដល់ថ្ងៃ២៤ ខែវិចិ្ឆកាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឱ្យមានភាពស្រស់បំព្រង»។
សកល កិត្យា សហស្ថាបនិកមួយរូប និងជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតនៃមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់ពីមូលហេតុដែលជ្រើសរើសយកខេត្តមណ្ឌលគិរីជាទឹកដីនៃការរៀបចំពិធីថា៖ «ខេត្តមណ្ឌលគីរី ជាខេត្តមួយធំជាងគេក្នុង ប្រទេសកម្ពុជាហើយពោរពេញទៅដោយកំណប់នៃធម្មជាតិ វប្បធម៍ សត្វព្រៃ ជាពិសេសសត្វដំរី និងជនជាតិដើមភាគតិច។ ប្រពៃណី សិល្បៈ វប្បធម៌នៃជនជាតិដើមភាគតិចគួរតែបានផ្សព្វផ្សាយអោយបានទូលាយដោយហេតុថាពួកយើងជ្រកក្រោមផ្ទៃមេឃតែមួយចែករំលែកជាតិសាសន៍តែមួយ ហើយសិល្ប:នោះប្រកបដោយរឿងរ៉ាវពីការរស់នៅនៃប្រជាជនតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា»។
រិទ្ធីលំអរ ពេជ្រ សហស្ថាបនិកបុណ្យភូមិបានប្រាប់បន្ថែមថា៖ «ក្រៅពីការផ្សព្ធផ្សាយពីវប្បធម៌ ប្រពៃណី សិល្ប: អ្នករៀបចំចង់ឱ្យមហាជនបានឃើញ បានស្គាល់ និងចូលរួមអភិរក្សនូវសត្វដំរីនៅក្នុងខេត្តមណ្ឌលគិរី សត្វដំរីដែលពួនសម្ងំរស់នៅក្នុងជ្រលងភ្នំក៏ត្រូវការយកចិត្តទុកដាក់ពីមហាជនព្រោះយើងមិនចង់ឱ្យសត្វដ៏ពិសេសមួយនេះនៅសល់តែឈ្មោះចារក្នុងក្រដាសនោះទេ»។
សូមបញ្ចាក់ថានេះជាឆ្នាំទីពីរហើយនៃការរៀបចំមហោស្រពសិល្បៈបុណ្យភូមិមានជើងនេះឡើងដោយឆ្នាំទីមួយបានធ្វើឡើង នៅខេត្តក្រចេះដែលរយៈពេលបីថ្ងៃ ពិធីបុណ្យភូមិមានជើងនៅទីរួមខេត្តក្រចេះបានទាក់ទាញអ្នកចូលទស្សនាប្រមាណជាង ៤ម៉ឺននាក់។ ក្នុងនោះក៏មានភ្ញៀវទេសចរដែលអញ្ជើញមកពីបណ្តាខេត្តក្រុងនានាមានចំនួន ១.១៤២០នាក់ និងមានភ្ញៀវបរទេស១០៩នាក់ផងដែរ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។
មហោស្រពសិល្បៈបុណ្យភូមិមានជើងដែលរៀបចំដោយភ្លើងគប់ និងបុណ្យភូមិ រួមជាមួយកិច្ចសហការរៀបចំដោ យូនីសេហ្វ ខបត្ថម្ភដោយ កម្ពុអ៊ែរ៉ា ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេដំរី» ប្រមាណជាង ១០០នាក់។ កម្មវិធីនឹងរៀបចំចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៤ ខែវិចិ្ឆកាខាងមុខនេះ ហើយកម្មវិធីសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើម្បីកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រជាជនខេត្តមណ្ឌលគិរី៕
រូបភាពដោយ៖ សហការី




