ជប៉ុនផ្តល់ថវិកាសម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ

ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិកដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការ​​​ណ៍​ជំនួយឥតសំណងសម្រាប់​​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យា​​​​ផ្តល់ជំនួយត្រូវបាន​ចុះហត្ថលេខានៅថ្ងៃនេះ​ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ អ្នកតំណាងស្ថាប័នទទួលជំនួយទំាងពីររូប។

គម្រោងសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលមានចំនួនទឹកប្រាក់ ៧៩,៤៦៥ ដុល្លារអាមេរិក។ គម្រោង​នអគារ​មត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់​បំពាក់​ដោយ​គ្រឿង​សង្ហារឹម​            មត្តេយ្យសិក្សា បង្គន់​អនាម័យចំនួន១ខ្នង ២បន្ទប់ និង​កន្លែង​លាង​ដៃចំនួន១ ​នឹង​ត្រូវ​បានសាងសង់​នៅ​សាលា​មត្តេយ្យសិក្សាបណ្តុះកុមារ ក្នុង​ខេត្ត​បាត់ដំបង។

ជាមួយគ្នានេះដែររបង និងខ្លោងទ្វារសាលាមត្តេយ្យសិក្សា សម្ភារៈសួនកុមារ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានដំឡើង ហើយទីធ្លាសាលាមត្តេយ្យសិក្សាមួយផ្នែកនឹងត្រូវបានចាក់សាប។ នៅសាលាមត្តេយ្យសិក្សានេះសិស្សដែលមានអាយុពី៣ ទៅ៥ឆ្នាំ សិក្សានៅក្នុងបន្ទប់រៀនដែលមានសិស្សច្រើនកកកុញ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់រៀន និងការលើកទឹកចិត្តក្នុងការសិក្សា។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សមត្តេយ្យចំនួន ១០០នាក់ គ្រូបង្រៀនចំនួន ៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាពនៃការអប់រំ។

គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យតានីក្នុងស្រុកស្រែអំបិល ខេត្តកោះកុងដែលមានចំនួនទឹកប្រាក់ ៩២,១៧៦ ដុល្លារអាមេរិកផ្តល់ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។

​គម្រោង​អគារ​សិក្សាចំនួន១ខ្នង ​៥​បន្ទប់ ​បំពាក់​ដោយ​គ្រឿង​សង្ហារឹមសាលារៀន បង្គន់អនាម័យចំនួន១ខ្នង ​៤​បន្ទប់ និង​អណ្តូងទឹកចំនួន១​​នឹង​ត្រូវ​បានសាងសង់​នៅ​អនុវិទ្យាល័យ តានី ក្នុង​ខេត្ត​កោះកុង។ បច្ចុប្បន្ននេះ សិស្សានុសិស្សនៅសាលានេះជួបការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាឈើចាស់ និងគ្រឿងសង្ហារឹម មានសភាពទ្រុឌទ្រោម។ គម្រោងមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ៧២នាក់ និងគ្រូបង្រៀនចំនួន៧នាក់ តាមរយៈការកែលម្អគុណភាពនៃការអប់រំ។

ជំនួយឥតសំណងគូសាណូណិ​របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។​​ ជំនួយឥតសំណងមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា​ ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហ គមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៥គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី