ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសឱ្យក្រុមអ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ផ្អាកការប្រមូលផ្តុំជួបជុំតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ានចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជូនដំណឹងនាថ្ងៃទី៥ ខែវិច្ឆិកានេះ ដោយឱ្យក្រុមអ្នកតវ៉ាជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ផ្អាកការប្រមូលផ្តុំជួបជុំតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងតាមទីសាធារណៈក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកិច្ចប្រជុំកំពូលអាស៊ានក្នុងរាជធានីភ្នំពេញ។
លោកបានឱ្យដឹងថា៖ «ខ្ញុំសូមជម្រាប លោក លោកស្រី ក្រុមអ្នកតវ៉ាថា កន្លងមកក្រុមអ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំជួបជុំតវ៉ានៅមុខ ក្រុមហ៊ុនណាហ្គាវើលដ៍ទី១ និងទី២ និងតាមទីតាំងសាធារណៈក្រោមហេតុផលវិវាទការងារនោះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ»។
លោក មាន ចាន់យ៉ាដា បានបន្ថែមទៀតថា ទោះបីជាអាជ្ញាធរពាក់ព័ន្ធបានព្យាយាមធ្វើការសម្របសម្រួល ពន្យល់ណែនាំ និងធ្វើជាអន្តរការីក្នុងការដោះស្រាយវិវាទដោយសន្តិវិធីតាមនិតិវិធីជាច្រើន លើកច្រើនសារយ៉ាងណាក្តី ក្រុមអ្នកតវ៉ានៅតែបដិសេធមិនទទួលយកដំណោះស្រាយនៅឡើយ។
អភិបាលរងរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញសូមក្រើនរំលឹកជាថ្មីម្តងទៀតដល់ក្រុមអ្នកតវ៉ាត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្តុំជួបជុំតវ៉ាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក មាន ចាន់យ៉ាដា បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីក្រុមអ្នកតវ៉ានៅតែបន្តសកម្មភាពប្រមូលផ្តុំជួបជុំតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ ពាក់ព័ន្ធនានានោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២៨ ខែតុលា បានឱ្យដឹងថា គូភាគីដែលមានក្រុមអ្នកតវ៉ា និងក្រុមហ៊ុន ណាហ្គាណាវើលដ៏ បានមកជួបប្រជុំដោះស្រាយជាលើកទី២០ ក្រោមការសម្របសម្រួលដោយមន្រ្តីក្រសួងការងារ។
ក្រសួងបានលើកឡើងថា ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគី តំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីមានឱកាសពិចារណាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ៕
រូបភាពប្រភព៖ សង់ត្រាល់
