ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថ្មីៗ នេះ លោកជំទាវ វេជ្ជៈ ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលនៃការសិក្សាស្រាវ ជ្រាវពីការបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមកុមារនៅតំបន់ជនបទ ពាក់កណ្តាលទីប្រជុំជនថា ប្រទេសកម្ពុជាបានទទួលជោគជ័យមួយចំនួនក្នុងការកាត់បន្ថយអត្រាក្រិសក្រិនពីកម្រិត ៥០% ក្នុងឆ្នាំ២០០០ គិតមកត្រឹម ២២% ក្នុងឆ្នាំ២០២១-២២ និងបានធ្វើឱ្យប្រសើរឡើងនូវអត្រាមរណភាពមាតា ទារក និងកុមារ នាទសវត្សរ៍ចុងក្រោយនេះ។
អត្រាក្រិសក្រិននៅតែមានកម្រិតខ្ពស់បើធៀបនឹងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ តាមការសង្កេតឃើញថា និន្នាការលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លង បាននឹងកំពុងកើតឡើងនៅតំបន់ទីក្រុង និងជនបទមួយចំនួន។ អត្រាក្រិសក្រិនខ្ពស់ និងលើសទម្ងន់ គឺជាកត្តាគំរាមកំហែង និងរាំងស្ទះដល់និរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស និងការបន្តកំណើនរីកលូតលាស់របស់ប្រទេសផងដែរ។ ការដោះស្រាយបញ្ហាក្រិសក្រិន និងបញ្ហាលើសទម្ងន់មានសារៈសំខាន់ និងចាំបាច់ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួនត្រឹមឆ្នាំ២០៣០។
ការផ្តល់អាហារូបត្ថម្ភល្អបំផុតក្នុងឱកាសមាស ១០០០ថ្ងៃដំបូងនៃជីវិតកុមារ ពោលគឺចាប់ពីពេលបង្កកំណើតរហូតដល់កុមារមានអាយុ២ឆ្នាំ នឹងមានឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព ការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍសតិបញ្ញាស្មារតីរបស់ កុមារ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏មានសារៈសំខាន់ ក្រសួងសុខាភិបាលជានិច្ចកាលបានផ្តល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់មាតា ទារក និងកុមារ។
ជាក់ស្តែងក្រសួងសុខាភិបាលមានគោលនយោបាយធំៗ ចំនួន៣ ក្នុងការលើកកម្ពស់ការចិញ្ចឹមទារក និងកុមារតូចគឺ៖ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពី សម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងការបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំ ឬលើសរួមជាមួយការផ្តល់អាហារបន្ថែមចាប់ពីកុមារអាយុ៦ខែ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់មានសុវត្ថិភាព សមស្របតាមអាយុរបស់ទារក និងកុមារ។
កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ ការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ធ្លាប់ទទួលបានជោគ ជ័យយ៉ាងធំធេង និងជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា បានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែ បានកើនឡើងពី ១១% ក្នុងឆ្នាំ២០០០ រហូតដល់ ៧៣.៥% ក្នុងឆ្នាំ២០១០។
អកុសលការអនុវត្តបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ បានធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅ សល់ត្រឹមតែ ៦៤.៦% ប៉ុណ្ណោះនៅឆ្នាំ២០១៤។ មូលហេតុ និងកត្តាជាច្រើនដែលនាំឱ្យការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះ ដែលក្នុងនោះមានទាំងការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត និងបញ្ហាព័ត៌មាននៅលើស្លាកសញ្ញាផលិតផល ដែលធ្វើឱ្យមានការភាន់ច្រឡំយ៉ាងខ្លាំងក្នុងចំណោមមហាជនអំពីគុណតម្លៃដ៏ល្អឥតខ្ចោះរបស់ទឹកដោះម្តាយ សម្រាប់ការចិញ្ចឹមទារក និងកុមារ និងយល់ខុសថាទឹកដោះគោម្សៅផ្សំតាមរូបមន្តជាអាហារ ទំនើបទាន់សម័យសម្រាប់ទារក។
បើទោះបីយើងមានគោលនយោបាយមួយចំនួនសម្រាប់អនុវត្តន៍លើការគ្រប់គ្រងផលិតផលចិញ្ចឹមទារក និងកុមារក៏ដោយ ក៏យើងនៅមិនទាន់មានបទបញ្ញត្តិ និងស្តង់ដារផលិតផលអាហារជាក់លាក់សម្រាប់កុមារនៅឡើយ ដូចជាបទបញ្ញត្តិ និងស្តង់ដារលើសមាសភាពផលិត ផលអាហារបន្ថែម កម្រិតគ្រឿងផ្សំផលិតផលអាហារបន្ថែម កម្រិតបរិមាណសារជាតិចិញ្ចឹម ការផ្សព្វផ្សាយលក់ផលិតផល ការអះអាងលើផលប្រយោជន៍អាហារូបត្ថម្ភ និងបញ្ញត្តិលើការអនុវត្តប្រើប្រាស់ស្លាកសញ្ញាផលិតផលអាហារបន្ថែម។
កង្វះនូវបទបញ្ញត្តិ និងស្តង់ដារផលិតផល អាចបង្ករធ្វើឱ្យមានការលំបាកដល់អ្នកផលិតក្នុងស្រុក អ្នកប្រើប្រាស់ ពិសេសអ្នកថែទាំកុមារ ហើយក៏អាចធ្វើឱ្យយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពទារកនិងកុមារផងដែរ។ ផលប៉ះពាល់នៃចំនុចខ្វះចន្លោះលើបទបញ្ញត្តិ និងស្តង់ដារផលិតផលអាហារកុមារអាចមានទំហំធំធេង និងធ្ងន់ធ្ងរ ប្រសិនបើយើងមើលរំលង និងមិនបានយកចិត្តទុកដាក់ខ្ពស់។
តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវលើការបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមកុមារនៅតំបន់ជនបទពាក់កណ្តាលទីប្រជុំជនក្នុងខេត្តកណ្តាល ដែលនឹងត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលានេះ គឺជាជំហានចាប់ផ្តើមដ៏សំខាន់បំផុតដើម្បីកំណត់ជំហានបន្ទាប់របស់យើងក្នុងការពិចារណាលើដំណោះស្រាយចំពោះបញ្ហានៃអត្រាដ៏ខ្ពស់ក្នុងការប្រើប្រាស់ផលិតផលជំនួសទឹកដោះម្តាយ។
អាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពដល់ទារក និងកុមារតូចៗ គឺជាចំណុចអាទិភាពដ៏សំខាន់ដែលរួមមាន៖ គោលនយោបាយ និងកម្មវិធីដែលគួរផ្តោតលើការជំរុញនិង ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភទារក និងកុមារ ដោយបង្កើនការទទួលទានអាហារដែលល្អចំពោះសុខភាព អាហារសម្បូរសារជាតិចិញ្ចឹមខ្ពស់ និងអាហារដែលអាចរកបានងាយស្រួលក្នុងសហគមន៍ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដល់កុមារ ជាពិសេស បន្លែ និងផ្លែឈើ ។
ការពង្រឹងនូវការអនុវត្តអនុក្រឹត្យលេខ១៣៣ ដើម្បីគាំពារលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការចិញ្ចឹមទារក និងកុមារ ដោយប្រើប្រាស់របបអាហារចម្រុះមុខ។ ធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់ពីមូលហេតុដែលកុមារត្រូវបានផ្តល់អាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព ដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព និងត្រូវបង្កើនការយល់ដឹងរបស់អ្នកថែទាំកុមារស្តីពីកម្រិតគុណភាពអាហារូបត្ថម្ភ នៃផលិតផលនីមួយៗ។
ដើម្បីឱ្យការផ្តល់អាហារបន្ថែមដល់កុមារបានល្អប្រសើរ គឺត្រូវផ្តល់ចំណេះដឹង និងជំនាញដល់អ្នកថែទាំ និងយុទ្ធសាស្ត្រទំនាក់ទំនងដើម្បីបង្ហាញពីហានិភ័យនៃការប្រើប្រាស់អាហារដែលពុំមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលមានកម្រិតជាតិស្ករ និងអំបិលខ្ពស់ដល់កុមារដែលមិនទាន់ដល់អាយុសមស្របក្នុងការបរិភោគអាហារ។ អ្នកថែទាំជាពិសេសម្តាយ និងជីដូន គួរតែត្រូវបានលើកទឹកចិត្តឱ្យផ្តល់អាហារសម្បូរសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលអាចរកបាននៅក្នុងសហគមន៍សម្រាប់ប្រើប្រាស់ជាអាហារសម្រន់ក្នុងអំឡុងពេលនៃការផ្តល់អាហារបន្ថែមដើម្បីលើកកម្ពស់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ កាត់បន្ថយហានិភ័យនៃការធាត់ជ្រុលនាពេលអនាគត ដែលស្របតាមផែនការយុទ្ធសាស្ត្រដើម្បីជំរុញការផ្តល់ប្រឹក្សា និងសេវាសុខភាពក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងសម្រាប់ម្តាយ និងកុមារអាយុក្រោម២ឆ្នាំ និងស្របតាមប្រធានបទ «របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា» ដែលជាអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០ និងការរៀបចំសកម្មភាពអន្តរាគមន៍ ដើម្បីអនុវត្តន៍ក្នុងការលើកកម្ពស់របបអាហារសុខភាពដល់ទារក និងកុមារកម្ពុជា៕
រូបថតដោយ៖ ទុយ អេងលី (សាគូរ៉ា)