វេទិកាយុវជនស្តីពីសុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅសាលាខេត្តកណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្ត និងឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញជាអធិបតីក្នុងវេទិកាយុវជនស្តីពីសុវត្ថិភាពចំណីអាហារ និងបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅសាលាខេត្តកណ្តាល។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តបានថ្លែងថា៖ «វេទិកាថ្ងៃនេះ មានគោលបំណងបង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅ និងសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍លើសុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារដល់យុវជនឱ្យយល់ដឹងអំពីតួនាទី សក្តានុពលរបស់យុវជនក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះលើសុវត្ថិភាព ចំណីអាហារ និងការបញ្ចូលមីក្រូសារធាតុក្នុងចំណីអាហារ ណែនាំយុវជនអំពីឱកាសក្លាយជាយុវជនជើងឯកអាហារូបត្ថម្ភ»។

ឯកឧត្តមបន្តទៀតថា៖ «បញ្ហានេះ តម្រូវឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀងអាហារ និងសុវត្ថិភាពចំណីអាហារទៅដល់អ្នកប្រើប្រាស់ព្រោះសុវត្ថិភាព ស្បៀងអាហារ គឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋបាលខេត្តសូមសំណូមពរបណ្តាផ្នែកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់ប្រជាជន មន្ត្រីរាជការ បុគ្គលិក និយោជិក កម្មករ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឱ្យផ្លាស់ប្តូរឥរិយាបទមកទទួលទានអាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ ដូចជាបន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឱ្យបានច្រើនគ្រប់មុខនិងទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារដែលធ្វើឱ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងបង្កើនប្រសិទ្ធភាពការងារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា៖ «អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្ស គ្រប់រូប។ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពចំណីអាហារ។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានកុមារជាង ២២០លាននាក់ កើតជំងឺរាករូស ហើយកុមារជាង ៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ»។

ឯកឧត្តមបន្តទៀតថា៖ «ចំពោះចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។ ថ្ងៃនេះគឺជាឱកាសដ៏ល្អមួយដែលភាគីពាក់ព័ន្ធលើការងារសុវត្ថិភាពចំណីអាហារទាំងអស់ រួមទាំងយុវជនបានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់នេះ»។

ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គការហេឡែន ខេលល័រ អន្តរជាតិ កម្ពុជា គម្រោង MUSEFO របស់អង្គការ GIZ និងសកលវិទ្យាល័យ MSVU នៃប្រទេសកាណាដា ដែលបានសហការរៀបចំដល់វេទិកានេះ៕

ប្រភព និងរូបថតដោយ៖ អង្គការហេទ្បែន ខេលល័រ អន្តរជាតិ កម្ពុជា