ស្ថានទូតបារាំងប្រារពទិវាសិទ្ធិមនុស្សអន្តរជាតិដោយការចាក់បញ្ចាំងភាពយន្តឯកសារ ស្តីពីការតស៊ូរបស់យុវជន អមដោយកិច្ចពិភាក្សា

114

នៅក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយមានចំណងជើងថា «Bigger than us» ដែលបង្ហាញពីការតស៊ូរបស់យុវជនជំនាន់ក្រោយដើម្បីប្រទេសជាតិ និងភពផែនដីរបស់ខ្លួន។ ភាពយន្តឯកសារនេះនិយាយជាភាសាអង់គ្លេសដោយមានអក្សរបកប្រែជាភាសាបារាំងរត់នៅខាងក្រោម។ ការចាក់បញ្ចាំងភាពយន្តនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច នៅក្នុងបរិវេណឧទ្យាននៃវិទ្យាស្ថានបារាំងនៅកម្ពុជា ដោយបើកឱ្យសាធារណជនចូលទស្សនាដោយសេរី។​

ដោយត្រូវបានថតនៅទីកន្លែងនានាជុំវិញពិភពលោក ភាពយន្តបារាំង «Bigger than us» និយាយអំពីសកម្មជនវ័យក្មេងចំនួន៧រូប ដែលបានប្រឹងប្រែងតស៊ូរហូតពេលខ្លះស្ទើរបាត់បង់ជីវិត ដើម្បីបុព្វហេតុសិទ្ធិមនុស្ស អាកាសធាតុ សេរីភាពបញ្ចេញមតិ យុត្តិធម៌សង្គម លទ្ធភាពទទួលបានការអប់រំ និងសន្តិសុខស្បៀង។ ចាប់ពីទីក្រុងរីយ៉ូរហូតដល់ហ្សាកាតា កោះឡេស្បូនៅប្រទេសក្រិច និងតំបន់ភ្នំខូឡូរ៉ាដូ យុវជនដែលមានអាយុពី១៨ដល់២៥ឆ្នាំបានក្រោកឈរឡើងដោយសេចក្តីក្លាហាន និងការប្តេជ្ញាចិត្ត ដើម្បីពិភពលោកមួយធំធេង និងប្រសើរជាងមុន។

ខ្សែភាពយន្តឯកសារនេះផលិតដោយអ្នកនិពន្ធនិងអ្នកសារព័ត៌មានបារាំងឈ្មោះ Flore Vasseur ហើយត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិក្រុងកាន កាលពីពេលថ្មីៗ កន្លងទៅ នៅក្នុងប្រភេទភាពយន្តសម្រិតសម្រាំងពិសេសអំពីអាកាសធាតុ។ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានគាំទ្រការផលិតភាពយន្តនេះ ដើម្បីរួមចំណែកក្នុងផ្សព្វផ្សាយឱ្យយុវជនបានយល់ដឹងពីបញ្ហាប្រឈមធំៗ របស់ពិភពលោក និងសាមគ្គីភាពអន្តរជាតិ។ ក្នុងនាមដៃគូផ្លូវការនៃខ្សែភាពយន្តខាងលើ ទីភ្នាក់ងារ AFD មានជំនឿដូចគ្នាថា ការផ្លាស់ប្តូរនឹងកើមានឡើងតាមរយៈសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន។

បន្ទាប់ពីការបញ្ចាំងខ្សែភាពយន្តនេះ មានកិច្ចពិភាក្សាមួយលើប្រធានបទ «តើយើងត្រូវជួយជំរុញ យុវជនឲ្យចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ការអប់រំ និងបរិស្ថានដោយរបៀបណា?» ដោយមានតំណាងរបស់យុវជនមកពីវេទិកា Politikofee និងតំណាងយុវជនមកពីវិស័យអប់រំ អង្គការគ្រួសារថ្មី យុត្តិធម៌បរិស្ថានអង្គការ Equitable Cambodia និងសន្តិសុខស្បៀង Agrisud បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៕

រូបថតដោយ៖ សហការី