ការមកដល់បាច់ទី២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

167

ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ​១៩ ​នៅលើ​សាកលលោក ប្រទេសជប៉ុនបានប្រកាសកាលពីខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ ១លានដូសជូនដល់ព្រះរាជាណាចក្រកម្ពុជា។ បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ម៉ឺន​ដូ​ស​ ​បានមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ម៉ឺនដូសទៀតបានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និងស្ថានភាពបច្ចុប្បន្ននៃជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះគឺជាអំណោយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំភស្តុភារដោយ COVAX។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយ ៨០០លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ពាន់លានដុល្លារអាមេរិក។​ ការផ្តល់វ៉ាក់សាំងប្រមាណ ១លានដូសជូនដល់កម្ពុជាដូចដែលបានលើកឡើងខាងលើ គឺជាបន្ថែមពីលើកិច្ចសន្យានេះ។

មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយប្រមាណច្រើនជាង ៥០លានដុល្លារអាមេរិកដល់កម្ពុជា។ ជំនួយនេះរួមមាន ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែនដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា​ និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់​​សាំងកូវីដ១៩ ឱ្យបានត្រឹមត្រូវ ដែលមានការគាំទ្រពីដៃគូរបស់យើងគឺ យូនីសេហ្វ (UNICEF) និងចៃកា (JICA)។ រដ្ឋាភិបាលជប៉ុន​​​ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រួវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល។​

ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថាការជំនួយទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា