វី​ង​ត្រូវ​បានផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ

395

ភ្នំពេញ៖ ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា ទទួលបាន​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា។ អាជ្ញាប័ណ្ណ​នេះ​អនុញ្ញាតឱ្យ​វី​ង​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ​ក្រោម​ឈ្មោះ “ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក។

អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​វី​ង​បាន​មានប្រសាសន៍ថា៖ «នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ដើម្បី​ឆ្ពោះទៅរក​ចក្ខុវិស័យ​រប​ស់​យើង ក្នុង​ការផ្តល់​លទ្ធភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច។ ជាមួយនឹង​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ចំណេះដឹង​ទូលំទូលាយ​អំពី​ទីផ្សារ​ក្នុងស្រុក ធនាគារ​វី​ង ភ្នាក់ងារ​វី​ង និង​ដៃគូ​របស់​យើង​ទាំងអស់ ប្រឹងប្រែង​រួមគ្នា​ដើម្បី​ផ្សារភ្ជាប់​គម្លាត តាមរយៈ​ការផ្តល់​ឧបករណ៍​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ»។​

ជាមួយនឹង​ការផ្តល់​អាជ្ញាប័ណ្ណ​នេះ ធនាគារ​វី​ង​អាច​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា​ការផ្តល់​ប្រាក់កម្ចី និង​ការទទួលប្រាក់​បញ្ញើ​ពី​សាធារណៈជន​ជាដើម។ សេវាកម្ម​ទាំងនេះ​នឹង​បំពេញបន្ថែម​លើ​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​ឌីជីថល​របស់​វី​ង​ដែលមាន​ស្រាប់ ហើយ​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​បណ្តាញ​យ៉ាង​ទូលំទូលាយ គឺ​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង 9.300 កន្លែង និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង។ វី​ង​នឹង​បន្ត​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​ដូច​ធម្មតា ដោយ​គ្មាន​ការប៉ះពាល់​ដល់​សេវាកម្ម​ដែលមាន​ស្រាប់ ដែល​ត្រូវបាន​ផ្តល់ជូន​តាមរយៈ​ភ្នាក់ងារ​វី​ង និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ឡើយ។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​វី​ង​បាន​មានប្រសាសន៍ថា៖ «យើង​ប្តេជ្ញា​ធានា​ឲ្យ​បាន​ថា ការវិវត្ត​ខ្លួន​ក្លាយជា​ធនាគារពាណិជ្ជរ​បស់​យើង មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​សហគមន៍ ដៃគូ​អាជីវកម្ម និង​អ្នកចូលរួម​ក្នុង​ទីផ្សារផ្សេងៗទៀត​របស់​យើង។ យើង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ និង​សាធារណៈជន ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា»។

អាជ្ញាប័ណ្ណ​ដែល​ទទួលបាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា​នេះ​នឹង​ពង្រឹង​ចក្ខុវិស័យ​របស់​វី​ង ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដែល​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ។ ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ2009 វី​ង​បាន​ខិតខំ​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្តល់​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​អាច​ទុកចិត្តបាន ងាយស្រួល និង​មាន​សុវត្ថិភាព៕

រូបភាពដោយ៖ សហការី