ជប៉ុនផ្តល់ថវិកា 547,230 ដុល្លារអាមេរិកសម្រាប់ការពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី សំណង់ធារាសាស្ត្រកូនដំរី និងការកែលម្អផ្លូវនៅក្នុងស្រុករំដួល

547

ភ្នំពេញ៖ ថ្ងៃសុក្រ ទី19 ឆ្នាំ2021 រដ្ឋាភិបាល​​ជប៉ុន បាន​ឯកភាពផ្តល់ថវិកា​​ចំនួន 547,230 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនបី ក្រោមគ្រោងការ​​​ណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ «ជំនួយគូសាណូណិ» ។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រ​ទេស​ជប៉ុន​ប្រចាំព្រះរាជាណាចក្រកម្ពុជា និង​អ្នកតំណាងអង្គភាពទទួលជំនួយទាំងបីដើម្បីអនុវត្តគម្រោងដូចតទៅ៖

1. គម្រោងសំណង់ធារាសាស្រ្តកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជំនួយថវិកាចំនួន 217,845 ដុល្លារអាមេរិក ផ្តល់ជូនអង្គភាព៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន។ 

ជំនួយឥតសំណងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ស្ថានីយ៍បូមទឹកមួយ និងសំណង់បង្ហៀរទឹកមួយ និងលូប្រអប់ពីរ និងការជួសជុលប្រឡាយទឹកមួយកន្លែង។ សំណង់ធារាសាស្ត្រទាំងនេះត្រូវបានរំពឹងថានឹងធ្វើអោយប្រសើរឡើងនូវបរិមាណ និងគុណភាពនៃផលិតផលកសិកម្ម។ ម៉្យាងវិញទៀត ប្រព័ន្ធបង្ហូរទឹកនឹងតភ្ជាប់តំបន់ទាំងនេះ ជាផ្លូវកសិកម្មមួយ និងចូលរួមចំណែកក្នុងការជម្រុញសេដ្ឋកិច្ចក្នុងតំបន់។ ជាលទ្ធផលប្រជាជនចំនួន 3,440នាក់ នឹងទទួលបានអត្ថប្រយោជន៍។

2. គម្រោងពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជំនួយថវិកាចំនួន 169,720 ដុល្លារអាមេរិក
ផ្តល់ជូនអង្គភា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។ 

ជំនួយឥតសំណងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ឃ្លាំងចំនួន3 កន្លែងសង្ងួតចំនួន4 និងឧបករណ៍វាស់សំណើមសម្រាប់គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃ ចំនួន 4គ្រឿង នៅក្នុងសហករណ៍កសិកម្មចំនួន 4ក្នុងតំបន់។ តាមរយៈការសាងសង់អគារទាំងនេះ កសិករចំនួន 1,400នាក់ រំពឹងថានឹងអាចលក់ផលិតផលរបស់ពួកគេក្នុងតម្លៃខ្ពស់ជាងមុន និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃម្ហូបអាហាររបស់ប្រទេសកម្ពុជា។

3. គម្រោងកែលម្អផ្លូវនៅក្នុងស្រុករំដួល ខេត្តស្វាយរៀង ជំនួយថវិកាចំនួន 186,665 ដុល្លារអាមេរិក
ផ្តល់ជូនអង្គភាព៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង។

ជំនួយឥតសំណងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការក្រាលផ្លូវមួយខ្សែ ប្រវែង6គីឡូម៉ែត្រ។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាសាធារណៈ ដូចជាសាលារៀន មណ្ឌលសុខភាព និងកន្លែងធ្វើការនានា រួមមានតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ លើសពីនេះ ផ្លូវនេះនឹងចូលរួមចំណែកក្នុងការដឹកជញ្ជូនទំនិញដោយរលូន រវាងកម្ពុជានិងវៀតណាម។ ជាលទ្ធផល យើងរំពឹងថា ប្រជាជនចំនួន 126,310នាក់ នឹងទទួលបានអត្ថប្រយោជន៍។

ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស    មេគង្គ-ជប៉ុន លើកទី13 នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2020 ដែលបានថ្លែងថា៖ «ការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ2020 ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ 91លានដុល្លារអាមេរិក មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ»។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគម្រាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជម្រុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ1991 រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 64លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន 650គម្រោងនៅទូទាំងប្រទេសកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត19 ក្នុង​ «ព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ»

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា